ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN – Business Advisory Council Consultation) និងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៧  តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ កាលពីថ្ងៃទី០២-០៣ ខែមីនា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN – Business Advisory Council Consultation) និងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៧ (27th AEM Retreat)តាមរយៈប្រព័ន្ធវីដេអូ (Video Conference) មានការចូលរួមពីប្រទេសសមាជិកអាស៊ានទាំង១០ និងអគ្គលេខាធិការអាស៊ាន ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានសង្ខេបជូនរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានអំពីអាទិភាព និងគំនិតផ្តួចផ្តើមរបស់ខ្លួនសម្រាប់ឆ្នាំ២០២១ ក្រោមប្រធានបទ “Recover. Stronger. Together”។ ជាមួយនោះដែរ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក៏បានលើកឡើងពីគំនិតផ្ដួចផ្ដើមចំនួនពីរ ដែលនឹងរៀបចំអនុវត្តនៅក្នុងឆ្នាំ២០២១ ក្រោមការដឹកនាំរបស់ប្រទេសប្រ៊ុយណេគឺ ASEAN Business Awards 2021 និង ASEAN Business and Investment Summit 2021។
ក្រៅពីនេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក៏បានជម្រាបជូនអំពីវិស័យសេដ្ឋកិច្ចជាអាទិភាពសម្រាប់អាស៊ាន(PED) របស់ប្រ៊ុយណេ រួមមាន សុខាភិបាល ការបង្កើតការងារ និងបង្កើនសមត្ថភាពការងារអាស៊ាន សហគ្រាសម៉ាក្រូ ខ្នាតតូច និងមធ្យម ការសម្របសម្រួលពាណិជ្ជកម្ម ការតភ្ជាប់ឌីជីថល និរន្តរភាព ព្រមទាំងសមាហរណកម្មទីផ្សារមូលធនអាស៊ាននិងសេវាកម្មហិរញ្ញវត្ថុជាដើម។
កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៧៖ កិច្ចប្រជុំបានធ្វើការផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិក្នុងការស្តារឡើងវិញក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការចែករំលែកនូវព័ត៌មាន ការដាក់ចេញនូវវិធានការអនុវត្ត និងបទពិសោធន៍ស្តីពីកិច្ចប្រឹប្រែង ក្នុងការស្តារឡើងវិញក្រោយពីការរាតត្បាតកូវីដ-១៩។
រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានក៏បានអនុម័តលើវិស័យសេដ្ឋកិច្ចជាអាទិភាពសម្រាប់អាស៊ាន(PED) ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ ២០២១ និងបានធ្វើការកត់សំគាល់អំពីវិស័យជាអាទិភាពប្រចាំឆ្នាំនៃអង្គភាពតាមវិស័យនីមួយៗ។
រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់បានបញ្ជាក់ពីដំណើរការ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងផ្តល់ការណែនាំឲ្យពន្លឿននីតិវិធីដំណើរការនៃការរៀបចំកិច្ចព្រមព្រៀងនេះ សម្រាប់ការចូលជាធរមានឲ្យបានឆាប់។
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានស្វាគមន៍ ចំពោះក្របខណ្ឌនៃការស្តាសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងផែនការអនុវត្តនៃក្របខណ្ឌនេះ ព្រមទាំងបានណែនាំអោយក្រុមការងារតាមវិស័យ ចូលរួមចំណែកក្នុងការអនុវត្តអោយមានប្រសិទ្ធិភាពខ្ពស់៕