ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសឲ្យដឹងថា ករណីរបស់លោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល និងលោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី គឺដូចគ្នា។
អង្គភាពប្រឆាំងអំពើពុករលួយ បានពិនិត្យទ្រព្យសម្បត្តិ និងបំណុលរបស់លោក គឹម រស្មី ពិនិត្យទ្រព្យសម្បត្តិ និងបំណុលភរិយារបស់លោក គឹម រស្មី និងកូន ៣រូប របស់លោក គឹម រស្មី រួចរាល់ហើយ។
ចំណែកករណីលោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសថា ចាប់ផ្តើមស្រាវជ្រាវទ្រព្យសម្បត្តិ និងបំណុល។
លទ្ធផលការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយខាងលើនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ លើកទី៤៣ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងសេចក្តីប្រកាសរបស់ អង្គភាពប្រឆាំងអំពើពុករលួយ បានគូសបញ្ជាក់ថា ករណីរបស់លោកស្នងការរង ស្រេង សុខា ដូចគ្នានឹងលោក គឹម រស្មី ដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គឹម រស្មី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ លុបឈ្មោះចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។ ការសម្រេចនេះ បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានសម្ញែងបង្អួតទ្រព្យសម្បត្តិរាប់សែនដុល្លារ ជាកាដូសម្រាប់កូនរបស់លោក។
ដោយឡែក ករណីលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាលនៅដើមសប្តាហ៍នេះ មានការផ្សព្វផ្សាយនូវរូបថតរបស់លោកជាច្រើន ក្នុងពិធីភ្ជាប់ពាក្យ គ្រាន់ថ្លៃបណ្ណាការ គឺលោកបានផ្តល់ឲ្យកូនក្រមុំ ១០ម៉ឺនដុល្លារ ចិញ្ជៀនពេជ្រ និងឡានទំនើប។ ក្នុងនោះ ក៏មានការសម្ញែងទ្រព្យសម្បត្តិរបស់លោកស្នងការរង ស្រេង សុខា ដែលមានចិញ្ជៀនពេជ្រ ខ្សែរក និងក្បាលខ្សែរក្រវ៉ាត់ ដាំពេជ្រ ជាដើម៕