ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត អុិត សំហេង ដឹកនាំពិភាក្សាត្រួតពិនិត្យ អនុម័ត សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ លោកបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ បេឡាជាតិសន្តិសុខសង្គម នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម។

លោកបណ្ឌិត អុិត សំហេង បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យនេះ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធិភាព នៃការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. និងដើម្បីកំណត់អំពីការបាត់បង់សមត្ថភាពការងារ ស្ថានភាពទុព្វលភាពរបស់សមាជិក ប.ស.ស. ឱ្យមានលក្ខណៈច្បាស់លាស់ ត្រឹមត្រូវ និងមានលក្ខណៈល្អប្រសើរឡើង ធ្វើយ៉ាងណាឲ្យការអនុវត្តនេះ ស្របតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ។

យោងតាមមាត្រា៤៧ នៃច្បាប់ ស្តីពីរបបសន្តិសុខសង្គម បានចែងថា ក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃ ប.ស.ស. មានតួនាទីត្រួតពិនិត្យ តាមដាន ការអនុវត្តកិច្ចព្រមព្រៀងរបស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ហើយការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃ ប.ស.ស. នេះ គឺត្រូវកំណត់ដោយអនុក្រឹត្យ។

លោកបណ្ឌិតរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ប.ស.ស. បើទោះបីស្ថិតក្នុងស្ថានភាពដ៍លំបាកយ៉ាងណាក្ដី បេឡាជាតិសន្តិសុខសង្គមនៅតែបំពេញតួនាទីយ៉ាងសំខាន់ក្នុងការបម្រើអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនដល់សមា ជិករបស់ខ្លួន ជារៀងរាល់ថ្ងៃប្រកបដោយស្មារតីទទួលខុសត្រូវ និងតាមវិធានរបស់ក្រសួងសុខាភិបាល ក្នុងន័យរួមចំណែកទប់ស្កាត់នៃជំងឺកូវីដ-១៩ ឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃកម្ពុជា ដែលសម្តេចតេជោ លោកតែងតែគិតគូរ និងខ្វាយខ្វល់បំផុត អំពីសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ៕