ភ្នំពេញ ៖ លោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចេញបទបញ្ជាឲ្យសមត្ថកិច្ច និងគណៈបញ្ជាការឯកភាព ក្រុងតាខ្មៅទាំងអស់ ត្រូវធ្វើការបិទចរាចរ១០០% ចំពោះការធ្វើដំណើរនៅក្រុងតាខ្មៅ និងមិនឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះ ជាដាច់ខាត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លោក គង់ សុភ័ណ្ឌ ចេញបទបញ្ជាបែបនេះ ក្រោយពី សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យរឹតបន្តឹង និងអនុវត្តច្បាប់ចំពោះជនចល័តចុះឡើង ផ្ទុយពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
តាមរយៈសារសំឡេង នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោក គង់ សុភ័ណ្ឌ បានបញ្ជាក់យ៉ាងដូច្នេះថា «អភិបាលក្រុ ងតាខ្មៅ ស្នងកា មេរាជអាវុធហត្ថ មេយោធាខេត្ត និងមន្ដ្រីចុះនៅតាមសង្កាត់ នៃក្រុងតាខ្មៅទាំងអស់ គណៈអភិបាលខេត្ត ទាំងមូល គណៈអភិបាលក្រុងទាំងមូលចល័តមើលគ្រប់ផ្លូវទាំងអស់ ដោយបិទ១០០ភាគរយ មិនអនុញ្ញាតឲ្យបើកទេ លើកលែងតែលក់សាំង ឬអ្វីដែលចាំបាច់បំផុត។ តែលក់ចំណីតាមចញ្ចឹមថ្នូល បើកលក់ផ្ទះ ឬហើបរបងលក់ បិទ១០០ភាគរយ»។
លោក ក៏បានបញ្ជាឲ្យ ប្រជាពលរដ្ឋមិនចេញក្រៅផ្ទះ ហើយប្រជាពលរដ្ឋមិនត្រូវចេញពីផ្ទះមួយ ទៅផ្ទះមួយឡើយ អ្នកហាត់ប្រាណនៅសួនតាមមាត់ទន្លេក្រុងតាខ្មៅ ក៏បិទ១០០%ដែរ បើបន្ដមានទៀតអាជ្ញាធរ ត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់។ ហើយប្រជាពលរដ្ឋទាំងអស់ បើមិនស្ដាប់អាជ្ញាធរទេ នឹងចាប់ពួកគាត់ដើម្បីទទួលដាក់ទោលតាមផ្លូវច្បាប់។
ជាងនេះទៅទៀត លោកអភិបាល ក៏បានណែនាំដល់ ស្រុក-ខណ្ឌ-ឃុំ-សង្កាត់ ហាមធ្វើលិខិតបញ្ជាក់ឲ្យអ្នកណាម្នាក់ឡើយ ក្នុងការធ្វើដំណើរឡើយ បើចង់ធ្វើលិខិតបញ្ជាក់ ត្រូវធ្វើជាមួយរដ្ឋបាលខេត្តផ្ទាល់។ បើសិនអាជ្ញាធរណាហ៊ានធ្វើលិខិត បញ្ជាក់ជូនប្រជាពលរដ្ឋ អាជ្ញាធរនោះ គឺត្រូវទទួលទោលតាមផ្លូវហើយ។
សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្នសម្រាប់ រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕ DAP