ខេត្តកណ្តាល ៖ ទីបំផុតចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក សាយ សម្ផស្សសេរី កាលពីល្ងាចថ្ងៃទី២៨ សីហា ២០១៧នេះ បានសម្រេចឃុំខ្លួនតារាលក់ឡេលាបស្បែកតាមហ្វេសប៊ុក ជាមួយការបញ្ចេញរូបរាងសម្ផស្សដ៏សិចស៊ី Love Riya ដាក់ពន្ធនាគារជាបណ្តោះអាសន្នពាក់ព័ន្ធលក់ផលិតផលក្លែងក្លាយ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។ ស្ត្រីស៊ិចស៊ីរូបនេះ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ និងដាក់ឲ្យបើកការស៊ើបសួរតាមមាត្រា១៧ និងមាត្រា៦៣ នៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព និងសេវា។
មាត្រា១៧ នៃច្បាប់បានចែងថា(ត្រូវបានហាមឃាត់ដាច់ខាតការក្លែងផលិតផលទំនិញដែលធ្វើជាកម្មវត្ថុពាណិជ្ជកម្ម ឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម ដោយធ្វើការកែច្នៃផលិតផលទំនិញដោយរបៀបណាមួយ ដោយធ្វើការបញ្ចូលបន្ថែមការដកចេញ ឬប្តូរជំនួសនៃភាគណាមួយ ឬភាគទាំងមូលដែលពុំត្រូវបានអនុញ្ញាតឱ្យធ្វើដោយបទបញ្ញត្តិ ឬទម្លាប់ បើពុំមានបទបញ្ញតិ ឬដែលសមស្របទៅនឹងបទបញ្ញត្តិ)។
មាត្រា៦៣ ចែងថា ទោសនេះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី៥លាន ទៅ១០លានរៀល ។ លោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៦ សីហា ២០១៧ បានដឹកនាំកម្លាំង ចុះការបង្ក្រាបស្ត្រីស្អាតឈ្មោះ ឆេង ស្រីរត្ន័ លក់ឡេលាបស្បែកតាមហ្វេសប៊ុក ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក ទូច យុទ្ធា បានបញ្ជាក់ថា ការឃាត់ខ្លួនស្ត្រីរូបនេះបានធ្វើឡើងបន្ទាប់ពីនាងបានលក់ផលិតផលដែលគ្មានចុះបញ្ជីការ ឬត្រួតពិនិត្យគុណភាពឲ្យបានច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធនោះទេ។ ជាពិសេសផលិតផលដែលអះអាងថា ជួយឲ្យស្បែកសក្នុងរយៈ ពេល៧ថ្ងៃនោះ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។ ជាមួយការចុះឆែកឆេរនេះសមត្ថកិច្ចបានរកឃើញឡេជាច្រើន ដែលនាង Love Riya ធ្វើដោយដៃផ្ទាល់ ហើយត្រូវបានរឹបអូសជាវត្ថុតាង រួមទាំងសារធាតុផ្សំចំនួនសរុបប្រហែល១,៣៧០គីឡូក្រាម។ នាង«Love Riya» គឺជាតារា ហ្វេសប៊ុក ដ៏ល្បីមួយរូបដោយសារតែនាងបានផ្សាយផ្ទាល់ បញ្ចេញរូបរាងដ៏ស៊ិចស៊ី លក់ផលិតផលឡេលាបស្បែកនោះ៕