រាជធានីភ្នំពេញ ៖ រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងដាក់ទណ្ឌកម្មទិដ្ឋាការលើប្រទេសចំនួនបួន ដែលក្នុងនោះមានប្រទេសកម្ពុជាផងនោះ សម្រាប់ការបដិសេធមិនយកជនបរទេសដែលត្រូវបានគេចាត់ទុកថា ជាក្រុមមនុស្សរស់នៅសហរដ្ឋអាមេរិកខុសច្បាប់។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។
លោក Dave Lapan អ្នកនាំពាក្យក្រសួងសន្តិសុខ មាតុភូមិអាមេរិក (Department of Homeland Security) បានស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន CNN ថាប្រទេសទាំងបួននោះ គឺរួមមាន ប្រទេសកម្ពុជា អេរីត្រេ ហ្គីណេ និងសៀរ៉ាលេអូន ដែលមានឈ្មោះក្នុងបញ្ជីប្រទេស ដែលនឹងត្រូវដាក់ក្រោមការរឹតបន្តឹងលើការផ្តល់ទិដ្ឋាការឲ្យពលរដ្ឋអន្ដោប្រវេសន៍ ដូចនេះវាមានន័យថា ប្រជាជនប្រទេសទាំងបួននឹងប្រឈមការលំបាកក្នុងការសុំទិដ្ឋាការ ឬត្រូវហាមមិនឲ្យចូលទឹកដីអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍បន្ថែមទៀតថា រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដាក់ប្រទេសកម្ពុជា អេរីត្រេ ហ្គីណេ និងសៀរ៉ាលេអន ថា ជាប្រទេសបួនក្នុងបញ្ជីប្រទេសរឹងរូស ដែលប្រើដើម្បីសម្គាល់ប្រទេសដែលមិនទទួល ឬពន្យារពេលក្នុងដំណើរការ ធ្វើមាតុភូមិនិវត្តន៍ បើទោះជាអាមេរិកព្យាយាមបណ្ដេញចេញក៏ដោយ ។ លោក Lapan បានថ្លែងថា ដំណើរការទណ្ឌកម្មត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុននៅក្នុងលិខិតមួយផ្ញើទៅក្រសួងការបរទេសដោយរដ្ឋលេខាធិកា DHS រដ្ឋការ Elaine Duke ។