រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយជាអ្នករត់ម៉ូតូឌុបម្នាក់ បានឌុបនាងចុងភៅភោជនីយដ្ឋានម្នាក់យូរៗទៅ បានឈានដល់ការបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា និងឈានដល់ការរំលងទំនៀមទម្លាប់ប្រពៃណីពីបុរាណ ដោយបានដឹកដៃគ្នាចូលផ្ទះសំណាក់ក្រេបទឹកឃ្មុំបានសម្រេចចំនួន២ដង និងនៅក្នុងផ្ទះនាងចុងភៅដោយផ្ទាល់បាន១ដងសរុបចំនួន៣ដង ហើយការដែលនាងហ៊ានប្រគល់ខ្លួនប្រាណឲ្យបុរសជាសង្សារដោយមិនបានគិតមុខគិតក្រោយបែបនេះ ក៏ព្រោះតែមើលឃើញបុរសនោះពោះម៉ាយ ហើយសម្ដីផ្អែមល្ហែមពូកែលួង លោម ជាពិសេសបានសន្យាម្ដងហើយម្ដងទៀតថានឹងចូលស្ដីដណ្ដឹងនាងធ្វើជាប្រពន្ធទៀត។ ប៉ុន្តែក្ដីស្នេហានោះបានប្រព្រឹត្តទៅត្រឹមតែរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ធ្វើឲ្យក្ដីស្នេហ៍បានប្រេះឆាដោយសារតែបុរសនោះខ្វះទំនួលខុសត្រូវព្យាយាមដោះដៃពីរូបនាង ទើបនាងប្ដឹងឲ្យនគរបាលឃាត់ខ្លួនតែម្ដង។
ហេតុការណ៍ឃាត់ខ្លួននោះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បុរសសម្ដីផ្អែមជាអ្នករត់ម៉ូតូឌុប បានប្រាណនាងចុងភៅហើយប្រុងដោះដៃបង្កឲ្យមានបញ្ហាកើតឡើងនោះឈ្មោះ ញឹក រ័ត្ន អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅក្នុងភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។ ចំណែកភាគីខាងស្រីមានឈ្មោះ អ.ង អាយុ២៣ឆ្នាំ មុខរបរចុងភៅនៅក្នុងភោជនីយដ្ឋានមួយ និងស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយមានស្រុកកំណើត នៅក្នុងឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។
នាងចុងភៅរូបនោះបានឲ្យដឹងថា នាងបានស្គាល់បុរសពោះម៉ាយជាអ្នករត់ឌុបនោះ រយៈពេលជិតមួយខែកន្លងមកហើយ ព្រោះនាងគឺជាម៉ូយដែលបានជិះម៉ូតូឌុបរបស់បុរសនោះរាល់ថ្ងៃ ក្រោយមកបានសុំលេខទូរស័ព្ទនាងថែមទៀត ហើយនៅថ្ងៃមួយបុរសនោះបានសុំស្រលាញ់នាង ដោយប្រាប់នាងថាគេគឺជាបុរសពោះម៉ាយដែលបានលែងលះគ្នាជាមួយប្រពន្ធ។ មិនតែប៉ុណ្ណោះជននេះបានសន្យាដោយពាក្យសម្ដីយ៉ាងផ្អែមល្ហែមម្ដងហើយម្ដងទៀតថានឹងចូលស្តីដណ្តឹងធ្វើជាប្រពន្ធរៀបការពេញច្បាប់ ព្រមទាំងសុំនាងរួមមេត្រីជាញឹកញាប់។ ប្រភពដដែលបានបន្តទៀតថា ដោយសារតែទុកចិត្តខ្លាំងពេក ហើយសង្ឃឹមថាសម្ដីផ្អែមល្ហែមពាក្យសន្យាជាពាក្យពិតមុន និងក្រោយគង់តែជាប្ដីប្រពន្ធនោះ ទើបនាងយល់ព្រមប្រគល់ខ្លួនប្រាណឲ្យប្រុសកំពូលស្នេហ៍ ដោយមិនបានគិតមុខគិតក្រោយនោះឡើយ។
ពួកនាងបានដឹកដៃគ្នាចូលផ្ទះសំណាក់បានសម្រេចចំនួន២ដង និងនៅក្នុងផ្ទះរបស់នាងម្ដង ក្រោយមកស្រាប់តែប្រុសកំពូលស្នេហ៍បានព្យាយាមដោះដៃចោលនាង បំភ្លេចអស់រាល់ពាក្យសន្យាទាំងឡាយ ដែលបានធ្វើឲ្យនាងមានការឈឺចាប់ខ្លាំងណាស់ ទើបនាងលួងលោមឲ្យទៅជួបគ្នា រួចបានប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់តែម្ដង។ ក្រោយពេលចាប់ខ្លួនបុរសនោះបាននិយាយថា ខ្លួនពិតជាបានស្រឡាញ់នាងចុងភៅ និងបានខ្លួនប្រាណនាងមែន ព្រោះនាងក៏បានស្រលាញ់ខ្លួនវិញដែរ ហើយមុនដំបូងខ្លួនពិតជាគិតថានឹងចូលស្ដីដណ្ដឹងនាងធ្វើជាប្រពន្ធមែន ប៉ុន្តែក្រោយមកគិតយូរៗទៅខ្លួនជាអ្នករត់ម៉ូតូឌុបមិនអាចមានលទ្ធភាពរកប្រាក់ចិញ្ចឹមនាងបានឡើយ ទើបមានបំណងចង់ផ្ដាច់ស្នេហ៍ពីនាងបែបនេះ៕