(រាជធានីភ្នំពេញ)៖ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប. » នៅថ្ងៃពុធទី២១ ខែមេសា ឆ្នាំ២០២១នេះះ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន២គ្រឿងចុះត្រួតពិនិត្យគុណភាពផលិតផលទំនិញ ដែលត្រូវនាំយកទៅដាក់លក់ជូនប្រជាពលរដ្ឋ នៅទីតាំងឃ្លាំងស្តុករបស់ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម។
បន្ថែមពីនេះគឺនៅតាមបណ្តាឃ្លាំងរបស់ក្រុមហ៊ុនដៃគូផ្គត់ផ្គង់ទំនិញ ជូនក្រសួងពាណិជ្ជកម្ម និងនៅតាមបណ្តាគោលដៅដែលរថយន្តចល័តរបស់ក្រសួងពាណិជ្ជកម្មកំពុងធ្វើសកម្មភាពផ្គត់ផ្គង់ទំនិញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
យោងតាមន្ត្រីជំនាញបញ្ជាក់ថា” ការធ្វើដូច្នោះគឺ ដើម្បីធានាថា ទំនិញដែលយកមកដាក់លក់ជូនប្រជាពលរដ្ឋដែលកំពុងជាប់បម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាល មានគុណភាពសមស្រប មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ នៅថ្ងៃពុធទី២១ ខែមេសា ឆ្នាំ២០២១”។
សូមជម្រាបជូនផងដែរថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារដែលរួមមានបុគ្គលិកក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. និងមន្រ្តីមន្ទីរពាណិ ជ្ជកម្មរាជធានីភ្នំពេញ បានសហការនាំយកទំនិញចាំបាច់មួយចំនួន រួមមាន៖ អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធជាដើម។
ការយកទៅលក់ជូនប្រជាពលរដ្ននោះគឺ នៅគោលដៅសំខាន់ៗចំនួន ៥កន្លែង រួមមាន៖ ទីតាំងច្រមុះជ្រូកស្ទឹងមានជ័យ ទីតាំងភូមិត្រពាំងថ្លឹង៤ ទីតាំងបុរីរុងរឿងក្បែរផ្សាទួលពង្ររ ទីតាំងសង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២ និងទីតាំងស្ថានីយប្រេងឥន្ធនៈ PTT ស្ទឹងមានជ័យ។