ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាល់កុលក្លែងក្លាយជាង១២តោនបន្ថែមទៀត ឮត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បង្រ្កាបនៅទីតាំងស្តុកទុកបម្រុងលក់ចូលទីផ្សារ

ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការបញ្ជាផ្ទាល់ពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.បនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការចរាចរអាល់កុលក្លែងក្លាយក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាមន្ត្រីស៊ើបអង្កេត និងជានគរបាលយុត្តិធម៌ បានបើកការស្រាវជ្រាវ និងស៊ើបអង្កេត (Market Intelligence) និងការធ្វើការតាមដាន ត្រឡប់ (Trace Back) លើករណីបង្ក្រាបអាល់កុលក្លែងក្លាយនៅម្តុំអូឡាំពិកកាលពីពេលថ្មីនេះ ដោយកំណត់យកទីតាំងសង្ស័យមួយចំនួន តួយ៉ាងទីតាំងឃ្លាំងគ្មានលេខ ផ្លូវ២៩២ កែងផ្លូវ១៥៣ សង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង។

ករណីនេះ  សង្ស័យស្តុក អាល់កុលក្លែងក្លាយត្រៀមចែកចា យ លើទីផ្សារ ត្រូវបានមន្ត្រីជំនាញស្នើសុំគោលការណ៍ពីស្ថាប័នអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្ក្រាបនៅរសៀលថ្ងៃដដែលនេះ។

ជាលទ្ធផល ដោយមានការឯកភាពពីស្ថាប័នអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញនិងកិច្ចសហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះបង្ក្រាប លើទីតាំងឃ្លាំងខាងលើ និងបានធ្វើតេស្តតាមរយៈរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញវត្តមានអាល់កុលក្លែងក្លាយ ឬសាធាតុមេតាណុល បានចំនួន ៤១២ កាន ស្មើនឹង ១២,៣៦០លីត្រ ត្រូវបានរឹបអូស និងចាត់ចែងបន្តតាមនីតិវិធីច្បាប់។

សូមរំលឹកផងដែរ ក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រហូតមកដល់ថ្ងៃនេះអាល់កុលក្លែងក្លាយ ចំនួនប្រហែលជិត៣០តោន ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បង្រ្កាបជាបន្តបន្ទាប់។

អគ្គនាយកដ្ឋាន ក.ប.ប. ជាថ្មីម្តងទៀត សូមអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមកុំយកសារធាតុមេតាណុ លបន្លំជាអាល់កុលលក់ជូនប្រជាពលរដ្ឋ ព្រោះសកម្មភាពនេះ មិនត្រឹមតែមិនអាចទប់ស្កាត់ការចម្លងមេរោគ ឬបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប៉ុណ្ណោះទេ ថែមទាំងនាំដល់ការប្រឈមចំពោះច្បាប់ដល់ខ្លួនថែមទៀតផង។

ក្នុងស្មារតីនៃការការពារផលប្រយោជន៍ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន នឹងបន្តអនុវត្តជំនាញរបស់ខ្លួន ក្នុងការបង្ក្រាបការចរាចរអាល់កុលក្លែងក្លាយនេះឱ្យខា នតែបាន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមទប់ស្តាត់ការឆ្លងជំងឺកូវីដ-១៩ តាមរយៈការទទួលបានអាល់កុលប្រកបដោយគុណភាព និងសុវត្ថិភាព ក្នុងការប្រើប្រាស់ក្នុងការសម្លាប់មេរោគ។