ដោយ៖ ឈឹម សេរីភួន
នៅក្នុងខែមិថុនា ឆ្នាំ១៩៧៥ មេខ្មែរក្រហមប៉ុល ពត និងអៀងសារី បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុង ប៉េកាំង ហើយត្រូវបានសមមិត្តប្រធានម៉ៅ ដ៏មហិមាមហាអស្ចារ្យរបស់ប្រជាជនចិន ទទួលជួបធ្វើសវនាការ។
ពេលនោះ ប៉ុល ពត បានលើកឡើងថា គាត់មានសេចក្ដីរំភើបរីករាយជាទីបំផុត ដែលបានជួបមហាវីរបុរសចិននៅពេលនេះ។
សមមិត្តប្រធានម៉ៅ បានថ្លែងបញ្ជោ ប៉ុល ពត ថា” ខ្ញុំគាំទ្រទាំងស្រុងចំពោះសមមិត្ត ហើយសមមិត្តពិតជាមានបទពិសោធន៍ច្រើនជាងខ្ញុំទៅទៀត”។
រយៈពេល៥០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានដើរផ្លូវខុសជាច្រើនលើកច្រើនសារមកហើយ ដោយកំហុសខ្លះបានកើតមាននៅទូទាំងប្រទេសតែម្ដង និងកំហុសខ្លះទៀតបានកើតឡើងនៅក្នុងតំបន់មួយចំនួន។ ប៉ុន្តែការដឹកនាំរបស់សមមិត្ត(ប៉ុល ពត) គឺសុទ្ធតែត្រឹមត្រូវ។
ទោះបីដូច្នេះក៏ដោយ ក៏សមមិត្តប្រធានម៉ៅ បានផ្ដាំផ្ញើប៉ុល ពត ថា សូមសមមិត្តកុំចម្លងបដិវត្តន៍ទាំងស្រុងពីប្រទេសចិន។មេខ្មែរក្រហ មប៉ុល ពត បានថ្លែងអំណរគុណដល់សមមិត្តប្រធានម៉ៅ ថា វាមានសារៈសំខាន់ណាស់សម្រាប់នយោបាយជាយុទ្ធសាស្រ្តនេះ។ យើងខ្ញុំនឹងធ្វើតាមការណែនាំរបស់សមមិត្តប្រធាន។
ប៉ុល ពត បានថ្លែងបន្តថា តាំងពីពេញវ័យមកយើងខ្ញុំបានសិក្សារៀនសូត្រស្នាដៃនិពន្ធជាជាច្រើនរបស់សមមិត្តប្រធាន ពិសេសស្នាដៃដែលសរសេរពីយុទ្ធសាស្រ្តនៃការធ្វើសង្គ្រាមដែលជាមាគ៌ាដ៏សំខាន់ក្នុងការបង្ហាញផ្លូវដល់បក្សកុម្មុយនិស្តកម្ពុជា។
ជាមួយគ្នានេះដែរ មេដឹកនាំខ្មែរក្រហមប៉ុល ពត និងសមមិត្តប្រធា នម៉ៅ បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីបទពិសោធន៍មួយចំនួន និងអំពីមាគ៌ាដែលត្រូវប្រកាន់យក ក្រោយពីការតស៊ូធ្វើបដិវ ត្តន៍ទទួលបានជ័យជម្នះផងដែរ។
នៅចុងបញ្ចប់នៃសវនាការនោះ សមមិត្តប្រធានម៉ៅ បានប្រគល់សៀវភៅទ្រឹស្ដីមនោគមវិជ្ជាកុម្មុយនិស្ដដែលជាស្នាដៃនិពន្ធរបស់កាល់ម៉ាក្ស, លេនីន, អង់ហ្គែល, និងស្តាលីន សរុបចំនួន ៣០ ក្បាលចំពោះប៉ុល ពត ព្រមទាំងបាននិយាយទៅកាន់ប៉ុល ពត ថា ទ្រឹស្ដីពួកគាត់ទាំងអស់នេះនិយាយបានល្អជាងខ្ញុំ។
បន្ទាប់មក ប៉ុល ពត ក៏បានចូលជួបពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ។ ពេលនោះជូ អេនឡាយ បានទទូចឲ្យប៉ុល ពត អនុញ្ញាតឱ្យសម្ដេចសីហនុ បានយាងត្រឡប់ទៅកាន់មាតុប្រទេសវិញ ដោយគាត់បានបញ្ជាក់បន្ថែមថា សមមិត្តត្រូវតែយល់ព្រមក្នុងរឿងនេះ ព្រោះព្រះអង្គធ្លាប់គាំពារ និងស្មោះត្រង់ជាមួយសមមិត្ត ហើយព្រះអង្គក៏មិនដែលថាមិនទុកចិត្តសមមិត្តម្ដងណាដែរ។
ម្យ៉ាងទៀតទៅថ្ងៃក្រោយ ព្រះអង្គនឹងផ្ដល់ផលប្រយោជន៍ដល់សមមិត្តថែមទៀត។ប៉ុល ពត មិនសូវទុកចិត្តសម្ដេចសីហនុ ប៉ុន្មានទេ ប៉ុន្តែគាត់មិនហ៊ានប្រឆាំងនឹងសំណូមពររបស់នាយករដ្ឋមន្ត្រីចិន រូបនេះដែរ។
ប៉ុល ពត បានសំដែងនូវការកោតសរសើរគ្មានព្រំដែនចំពោះទ្រឹស្ដីម៉ៅ ក្នុងការតស៊ូវណ្ណៈ និងការធ្វើបដិវត្តន៍មិនឈប់ឈរ ដោយសារចិន មានការព្រួយបារម្ភខ្លាចឥទ្ធិពលសហភាពសូវៀត។ ចំណែកពួកខ្លួនវិញ ក៏មានការព្រួយបារម្ភខ្លាចឥទ្ធិពល វៀតណាម នៅឥណ្ឌូចិនផងដែរ។
យុទ្ធសាស្ត្ររបស់ចិន គឺធ្វើយ៉ាងណាបញ្ចៀសកុំឲ្យមានឥទ្ធិពលប្រទេសដ៏ខ្លាំងពូកែណាមួយនៅក្បែរនៅព្រំដែនខាងត្បូងរបស់ខ្លួន ខណៈដែលមហាអំណាចសហភាពសូវៀត ជាគូសត្រូវកំពុងស្ថិតនៅប៉ែកខាងជើងប្រទេសរួចទៅហើយ។
ចំណែកសម្ដេចសីហនុ វិញ ទោះបីព្រះអង្គដឹងច្បាស់ថា ចាប់ពីថ្ងៃជ័យជម្នះថ្ងៃ១៧ ខែមេសាមក ប្រជាជននៅទីក្រុងភ្នំពេញ និងទីរួមខេត្តផ្សេងៗទៀតត្រូវបានពួកមេដឹកនាំខ្មែរក្រហមជម្លៀសចេញអស់ និងមានការកាប់សម្លាប់យ៉ាងសាហាវឃោរឃៅយ៉ាងណា ក៏ព្រះអង្គនៅតែទទូចសុំពួកមេដឹកនាំខ្មែរក្រហមយាងមកកាន់មាតុប្រទេសវិញ ព្រោះព្រះអង្គយល់ថា នេះជាករណីកិច្ចរបស់ព្រះអង្គដែលត្រូវតែត្រឡប់មកគង់នៅជាមួយប្រជារាស្រ្តរបស់ព្រះអង្គវិញ។
ដោយមិនអាចស៊ូទ្រាំតទៅទៀតបាន ព្រះអង្គបានស្នើសុំយ៉ាងទទូចដល់តំណាងពួកខ្មែរក្រហមដែលស្ថិតនៅក្នុងទីក្រុងប៉េកាំង ដើម្បីបានយាងត្រឡប់មកមាតុប្រទេសវិញ ដោយព្រះអង្គមានបន្ទូលដាក់ព្រះកាយយ៉ាងទាបថាប្រសិនបើពួកខ្មែរក្រហមមិនត្រូវការព្រះអង្គក្នុងថានៈជាព្រះប្រមុខរដ្ឋ គឺជារឿងរបស់ពួកគេ ហើយព្រះអង្គក៏មិនប្រាថ្នាចង់បានមុខតំណែងអ្វីទៀតដែរ ប៉ុន្តែព្រះអង្គគ្រាន់តែចង់មករស់ក្នុងមាតុប្រទេសវិញប៉ុណ្ណោះ ព្រោះព្រះអង្គមិនចង់រស់នៅជាជនភៀសខ្លួននៅក្រៅប្រទេសបន្តទៀតដែរ។
ខៀវ សំផន ក្នុងនាមឧបនាយករដ្ឋមន្ត្រីនៅក្នុងប្រទេស បានផ្ញើសារទូរលេខមួយទៅទូលព្រះអង្គថា ស្នើសុំព្រះអង្គអត់ធ្មត់មួយរយៈទៀតសិន ដើម្បីសុវត្ថិភាព និងសន្តិសុខផ្ទាល់សម្រាប់ព្រះអង្គ ព្រោះពេលនេះពួកគេកំពុងធ្វើការបោសសម្អាតពួកខ្មាំងទាំងឡាយដែលមិនព្រមចាកចេញពីទីក្រុងភ្នំពេញ និងកំពុងសម្ងំធ្វើសកម្មភាពបន្តទៀតហើយសំខាន់ដែរនោះ គឺពេលនេះនៅក្រុងភ្នំពេញ កំពុងតែត្រូវយាយីដោយជំងឺអាសន្តរោគផងដែរ។
សម្ដេចសីហនុ ប្រាកដជាដឹងថា នេះគ្រាន់តែជាការភូតកុហកពង្វាងសភាពការណ៍ ដូចដែលពួកមេដឹកនាំខ្មែរក្រហមភូតកុហកព្រះអង្គកាលពីក្នុងសម័យសង្គ្រាមនោះដែរ។
ព្រះអង្គនៅចាំបានថា កាលនោះព្រះអង្គបានស្នើសុំពួកគេយាងទៅធ្វើទស្សនកិច្ចនៅតំបន់រំដោះ ដើម្បីបានជួបមុខប្រជារាស្រ្តជាទីនឹករលឹករបស់ព្រះអង្គ ពេលនោះពួកមេដឹកនាំខ្មែរក្រហមតែងតែយកបញ្ហាសុវត្ថិភាពសន្តិសុខនេះមកធ្វើជាលេស ដើម្បីរារាំងបំណងប្រាថ្នាព្រះអង្គដូចគ្នានេះដែរ ហើយមេខ្មែរក្រហមដែលព្រះអង្គធុញទ្រាន់បំផុតនោះ គឺអៀង សារី ដែលជាតំណាងពួកខ្មែរក្រហមនៅទីក្រុងប៉េកាំង នោះតែម្ដង៕