ដោយ៖ ឈឹម សេរីភួន
ក្រោយរំដោះប្រទេសបានរយៈពេល៣ខែមក មេខ្មែរក្រហមនៅតែមិនទាន់ឱ្យ សម្ដេចសីហនុ យាងត្រឡប់មកមាតុប្រទេសវិញទេ។
នៅដើមខែសីហា ឆ្នាំ១៩៧៥ ដោយសារមានការតានតឹងក្នុងព្រះទ័យដោយសារមិនបានយាងត្រឡប់មកមាតុប្រទេសវិញនោះ សម្ដេចសីហនុ ក៏យាងទៅគង់នៅវិមានឆាង ស៊ូអ៊ន់ នៅក្រុងព្យុងយ៉ាង ដែលលោកគឹម អ៊ីលស៊ុងមេដឹកនាំប្រទេសប្រទេសកូរ៉េខាងជើង បានកសាងថ្វាយព្រះអង្គតាំងពីក្រោយរដ្ឋប្រហារថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០មកនោះ។
លោកគឹម អ៊ីលស៊ុង ក៏បានព្យាយាមនិយាយជាមួយមេដឹកនាំខ្មែរក្រហម ដើម្បីឲ្យព្រះអង្គបានយាងវិលត្រឡប់មកមាតុប្រទេសវិញឆាប់ៗដែរ។
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៧៥ គណៈប្រតិភូមេខ្មែរក្រហមមួយក្រុម ដឹកនាំដោយខៀវ សំផន និងអៀង ធីរិទ្ធិ (ប្រពន្ធអៀង សារី) បានធ្វើដំណើរទៅប្រទេសកូរ៉េខាងជើង ចូលគាល់ព្រះអង្គនៅវិមានឆាង ស៊ូអ៊ន់ ដើម្បីសុំយាងព្រះអង្គត្រឡប់មកមាតុប្រទេសវិញ។
បន្តាប់មកគណៈប្រតិភូមេខ្មែរក្រហម ក៏បានដង្ហែព្រះអង្គវិល ត្រឡប់ពីក្រុងព្យុងយ៉ាង មកក្រុងប៉េកាំង វិញ ដើម្បីសម្ដែងការគួរសម និងជម្រាបលាមេដឹកនាំចិន ផងដែរ។
នៅក្រុងប៉កាំង នាយករដ្ឋមន្ត្រីជូ អេនឡាយ ដែលកំពុងមានជំងឺមហារីកនោះ បានផ្ដាំផ្ញើខៀវ សំផន ដោយសំលេងតិចៗថា សូមសមមិត្តធ្វើដំណើរទៅកាន់លិទ្ធិកុម្មុយនិស្ដដោយសន្សឹមៗ ។
ជូ អេនឡាយ បញ្ជាក់បន្ថែមថា សមមិត្តមិនអាចធ្វើបដិវត្តន៍ឈានទៅដល់លទ្ធិកុម្មុយនិស្ត ដោយពុំបានឆ្លងដំណាក់កាលផ្សេងៗបានទេ គឺត្រូវតែធ្វើជាជំហានជំហ៊ានៗ។ សមមិត្តត្រូវបោះជំហានខ្លីៗឲ្យបានច្រើនដង ដោយយឺតៗចុះ ប៉ុន្តែឲ្យប្រាកដប្រជា។
ខៀវ សំផន និងអៀង ធីរិទ្ធិ ញញឹមស្ដាប់ការណែនាំរបស់នាយករដ្ឋមន្ត្រីចិនខណៈដែលសម្ដេចសីហនុ ធ្លាប់ឮមេដឹកនាំខ្មែរក្រហមអួតអាងថាពួកគេធ្វើបដិវត្តន៍មហាលោតផ្លោះ ឈានដល់លិទ្ធិកុម្មុយនិស្ដ ក្នុងពេលដ៏ខ្លីបំផុត។
ប៉ុន្តែសម្ដេចសីហនុ ចាត់ទុកថាការញញឹមរបស់ខៀវ សំផន នោះគឺជាការ
ញញឹមគួរឱ្យខ្នាញ់ និងគួរឱ្យខ្លាចបំផុត។
សម្ដេចសីហនុ ដឹងច្បាស់ថា ការរួមរស់ជាមួយមេដឹកនាំខ្មែរក្រហម ដើម្បីចាត់ចែងដឹកនាំប្រទេសរួមគ្នានោះគឺមិនអាចធ្វើទៅបានឡើយ។ ប៉ុន្តែព្រះអង្គត្រូវតែសម្ដែងការគោរពចំពោះពាក្យសម្ដីរបស់មេដឹកនាំចិន ដ៏មានអំណាចម្នាក់នេះ។
នៅក្រុងប៉េកាំងនោះដែរ ខៀវ សំផន បានទូលព្រះអង្គដោយគំរោះគំរើយថាចាប់ពីពេលនេះតទៅ ខុទ្ទកាល័យ និងលេខាធិការដ្ឋានរបស់ព្រះអង្គប្រចាំនៅទីក្រុងប៉េកាំង ក៏ត្រូវរំសាយចោលទាំងស្រុងដែរ ហើយព្រះអង្គក៏គ្មានសិទ្ធិក្នុងការបោះពុម្ពផ្សាយព្រឹត្តិបត្រព័ត៌មាន ឬឯកសារអ្វីៗផ្សេងទៀតដូចកន្លងមកដែរ។
មុននឹងយាងចូលមាតុប្រទេសវិញ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៧៥ គណៈប្រតិភូរណសិរ្សរួបរួមជាតិកម្ពុជា ដែលមានសម្ដេចសីហនុជាប្រធាន, ខៀវ សំផន ជាអនុប្រធាន, អៀង ធីរិទ្ធិ ជាសមាជិក និងសៀង អាន ឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំទីក្រុងហាណូយ បានបានធ្វើដំណើរទៅចូលរួមពិធីបុណ្យរំលឹកខួបលើកទី៣០ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមវៀតណាមខាងជើង (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ -ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៧៥) ។
ពេលទៅដល់ទីក្រុងហាណូយ ខៀវ សំផន បានខ្សិបទូលសម្ដេចសីហនុថា ប្រសិនបើនាយករដ្ឋមន្ត្រី ផាំ វ៉ាន់ដុង ឬមេដឹកនាំវៀតណាមផ្សេងៗទៀតស្នើសុំព្រះអង្គបើកស្ថានទូតពួកគេនៅទីក្រុងភ្នំពេញ សូមព្រះអង្គកុំយល់ព្រមអោយសោះ ហើយព្រះអង្គត្រូវឆ្លើយដោះសាថា ឲ្យពួកគេរង់ចាំពេលវេលាដ៏សមស្របណាមួយសិន។
ប៉ុន្តែសម្ដេចសីហនុ ឈ្វេងយល់ថានាយករដ្ឋមន្ត្រីផាំ វ៉ាន់ដុង និងមេដឹកនាំវៀតណាមផ្សេងៗទៀតប្រាកដជាដឹងច្បាស់ថា ព្រះអង្គគ្រាន់តែជាប្រមុខរដ្ឋអាយ៉ងម្នាក់ប៉ុណ្ណោះ ហើយពួកគេនឹងមិនបានស្នើសុំព្រះអង្គពីរឿងបើកស្ថានទូតរបស់គេនៅទីក្រុងភ្នំពេញនោះដែរ។
នាយករដ្ឋមន្ត្រីផាំ វ៉ាន់ដុង ស្នើសុំគណៈប្រតិភូរណសិរ្សរួបរួមជាតិកម្ពុជាចូលរួមពិធីជប់លៀងមួយនាពេលល្ងាច ជាលក្ខណៈគ្រួសារដើម្បីរឹតចំណងមិត្តភាពនិងភាតរភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំជិតស្និទ្ធថែមទៀត ដោយមានគណៈប្រតិភូឡាវ និងរណសិរ្សជាតិរំដោះវៀតណាមខាងត្បូង(វៀតកុង)ចូលរួមផងដែរ។
ពេលនោះសម្ដេចសីហនុ ក៏មិនហ៊ានសម្រេចព្រះទ័យយ៉ាងណាដែរ ព្រះអង្គបែរទៅរកខៀវ សំផន ដើម្បីចង់ដឹងថា តើគាត់យល់ព្រមទៅចូលរួមពិធីជប់លៀងចតុភាគីនោះដែរឬអត់?
ពេលនោះខៀវ សំផន ក៏ឆ្លើយទៅនាយករដ្ឋមន្ត្រីផាំ វ៉ាន់ដុង ថាគណៈប្រតិភូកម្ពុជា យល់ព្រមចូលរួមពិធីជប់លៀងនាពេលល្ងាចជាលក្ខណៈទ្វេភាគីជាមួយម្ចាស់ផ្ទះតែប៉ុណ្ណោះ។
ចម្លើយនេះធ្វើឲ្យផាំ វ៉ាន់ដុង ស្រឡាំងកាំងបន្តិច ប៉ុន្តែគាត់ត្រូវតែបង្ខំចិត្តយល់ព្រមតាមបំណងរបស់ខៀ វសំផន។
ក្រោយពីចូលរួមក្នុងពិធីជប់លៀងជាមួយថ្នាក់ដឹកនាំវៀតណាមខាងជើងនោះមក ពេលត្រឡប់មកដល់កន្លែងសម្រាកវិញ ខៀវ សំផន បានទូលព្រះអង្គថាយើងមិនត្រូវធ្លាក់ចូលក្នុងអន្ទាក់ពួកវៀតណាមដែលចង់ត្រួតត្រានិងលេបត្របាក់ទឹកដីយើងតាមរយៈសហព័ន្ធឥណ្ឌូចិនដែលពួកគេបង្កើតឡើងនោះទេ។យើងត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។
ក្រោយបញ្ចប់ពិធីបុណ្យរំលឹកខួបលើកទី៥០ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមវៀតណាមខាងជើងនោះ សម្ដេចសីហនុ បានដឹកនាំគណៈប្រតិភូរណសិរ្សរួបរួមជាតិកម្ពុជា មកទីក្រុងប៉េកាំង វិញ។
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៥ មេដឹកនាំចិនបានរៀបចំពិធីជូនព្រះរាជដំណើរសម្ដេចសីហនុ យាងត្រឡប់មកមាតុភូមិវិញយ៉ាងអធិកអធមបំផុត។
នៅទីលានធាន អានមេន មានដោតទង់ជាតិកម្ពុជា និងចិនព្រោងព្រាត ហើយមានប្រជាជនព្រមទាំងសិស្សសាលារបស់ចិន រាប់សែននាក់ ឈរតាមដងផ្លូវស្វាគមន៍ចំពោះព្រះរាជដំណើរនេះផងដែរ។
សម្ដេចសីហនុ និងមហេសី គង់នៅលើរថយន្តបើកដំបូលមួយ អមដោយឧបនាយករដ្ឋមន្រ្តី តេង ស៊ាវពីង។ រថយន្តបើកដំបូលទី២ គឺប៉ែន នុត និងភរិយាអមដំណើរដោយមេដឹកនាំចិនម្នាក់ដែរ។ ឯរថយន្តទី៣ គឺខៀវសំផន។
នៅពេលមកដល់ព្រលានយន្តហោះពោចិ៍នតុង នៅពេលទ្វារយន្តហោះបើកឡើង គេឃើញព្រះអង្គឈានជើងចេញមកក្រៅបន្តិច ក៏ថយក្រោយវិញ រួចព្រះអង្គបានយាងចេញមកវិញ លើកដៃស្វាគមន៍មេដឹកនាំខ្មែរក្រហម និងអ្នកដែលនៅទីក្រុងរាប់ពាន់នាក់ទៀតដែលកំពុងទះដៃស្វាគមន៍ព្រះរាជដំណើរយាងមកដល់របស់ព្រះអង្គនៅខាងក្រោម។
ពេលនោះមេដឹកនាំខ្មែរក្រហមបានរៀបចំឱ្យមានកងទ័ពបដិវត្តន៍នៃឈរជាជួរក៏បានលើកអាវុធវន្ទាព្រះកិត្តិយសដល់ព្រះអង្គ មានកំរាលព្រំ និងព្រះសង្ឃមួយចំនួនដើម្បីសូត្រជយន្តោប្រសិទ្ធិពរថ្វាយព្រះអង្គ ហើយយុវជនយុវនារីមួយក្រុមក៏បានបាចផ្កាម្លិះថ្វាយព្រះអង្គផងដែរ។
បន្ទាប់មក ក្បួនរថយន្តក៏បានដង្ហែព្រះអង្គចេញពីព្រលានយន្តហោះពោធិ៍ចិនតុង ចូលមកទីក្រុងភ្នំពេញ ដែលស្ងាត់ជ្រងំដូចទីក្រុងខ្មោចនោះ ឲ្យព្រះអង្គស្លុតរន្ធត់ក្នុងព្រះទ័យរហូតដល់ស្រក់ទឹកព្រះនេត្រា៕