ក្រុមប្រជាពលរដ្ឋនិងមន្ត្រីស្រុកចិត្របុរីនិយាយថា មេឈ្មួញកាប់បំផ្លាញព្រៃឈ្មោះដុំល្បីឈ្មោះខាងជញ្ចូនឈើខុសច្បាប់ដឹកដោយ គោយន្តខ្នាតយក្សដឹកឈើពេញមិនចាញ់រថយន្តឡើយដឹកចេញពីក្នុងព្រៃសម្បទានស្ថិតនៅភូមិស្វាយជ្រុំឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះកាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង២០ និង ៣០ នាទី ដោយមិនខ្លាចសមត្ថកិច្ចឡើយ។
ប្រជាពលរដ្ឋខាងលើនិយាយទៀតថា ពេលឃើញសកម្មភាពដឹក ឈើខុសច្បាប់អ្នកសាព័ត៏មានក៏បានសាកសួរតើដឹកឈើខុសច្បាប់ហ្នឹងយកទៅណា?ក៏ស្រាប់តែជនកាប់បំផ្លាញព្រៃឈើឈ្មោះដុំបើកគោយន្តដេញបុករថយន្តអ្នកកាសែតពេញទំហឹងបណ្តាលខូចខាតយ៉ាងដំណុំមួយចំហៀងខាងឆ្វេងរួចបើកគោយន្តឋគេចបាត់ស្រមោលតែម្តង។
ប្រជាពលរដ្ឋបានលើកឡើងថា លោកវរសេនីយ៍ទោ ចាន់ ធីឋានះអធិការរងទទួលផ្នែកសណ្តាប់ធ្នាប់ស្រុកចិត្របុរីជាអ្នកនៅពីក្រោយខ្នងជនបំផ្លាញព្រៃឈ្មោះដុំមិនញញើតអង្កភាពប្រឆាំងអំពើពុករលួយ។
លើសពីនេះប្រជាពលរដ្ឋក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១ខែមិថុនា រហូតមកដល់ថ្ងៃនេះ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់និងដឹកជញ្ជូនធ្យូងឆ្លងកាត់មូលដ្ឋានពួកគាត់នៅតែកើតឡើងយ៉ាងអនាធិបតេយ្យ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការដឹកជញ្ជូនធ្យូងនិងដឹកឈើយ៉ាងពេញបន្ទុកនោះទេ ហើយបណ្តោយឲ្យបទល្មើសកើតឡើងពេញបន្ទុក។
ជាងនេះទៅទៀតសមត្ថកិច្ចអាវុធហត្ថស្រុកចិត្របុរី ក្រោមការគ្រប់គ្រងរបស់លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។
បើតាមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃ ឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើនិងធ្យូងពីចំណុច១០៥ ឆ្លងកាត់ឃុំកន្ទួត ស្រុកចិត្របុរី ទៅកាន់តំបន់ផ្សេងៗដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់នោះទេ។
ក្រុមអ្នកធ្វើសកម្មភាពដឹកជញ្ជូនឈើបានឲ្យដឹងថា ពួកគេដឹកជញ្ជូនឈើចេញពីចំណុចអន្ទ្រង និងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ហើយបង់លុយតាមការកំណត់របស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចចៀសផុតពីការបង្ក្រាប។ ប្រសិនបើមិនបង់លុយតាមការកំណត់របស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺចៀសមិនផុតពីការបង្ក្រាបឡើយ។
ប្រជាពលរដ្ឋក្នុងឃុំកន្ទួត ស្រុកចិត្របុរី បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះសកម្មភាពដឹកជញ្ជូនឈើ ដឹកនិងជញ្ជូនធ្យូង ដោយប្រើគោយន្តកន្ត្រៃ គោយន្តកែច្នៃនិងរ៉ឺម៉កធំៗកើតឡើងយ៉ាងរាល ដាលព្រោះមានការបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ។
សារព័ត៌មាន ដេលីខ្មែរមិនទាន់សុំការបំភ្លឺពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។
ប៉ុន្តែពលរដ្ឋទទូចឲ្យ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ គួរចាត់វិធានការទប់ស្កាត់ខ្លះផង ព្រោះបទល្មើសព្រៃឈើក្នុងស្រុកចិត្របុរី កំពុងកើតឡើងយ៉ាងគំហុកព្រោះមានការឃុបឃិតជាប្រព័ន្ធ។
បើតាមក្រុមអ្នកដឹកជញ្ជូនឈើនិងដឹកជញ្ជូនធ្យូងក្នុងស្រុកចិត្របុរី បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទេ នោះគឺពួកគេមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។