ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋសភា អនុម័តយល់ព្រមនូវបេក្ខជនប្រធាន គ.ជ.ប ២រូប ដើម្បីបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធជ្រើសរើសបេក្ខជនចំនួន ១រូប

ភ្នំពេញ : គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តយល់ព្រមនូវបេក្ខជន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ២រូប ដើម្បីបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធជ្រើសរើសបេក្ខជនចំនួន ១រូប ផ្ញើមកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

ការសម្រេចអនុម័តយល់ព្រមនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។

ការទទួលពាក្យបេក្ខជនឈរឈ្មោះជាបេក្ខភាពប្រធាន គ.ជ.ប រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា ដោយមានបេក្ខជនចំនួន៤រូបតែប៉ុណ្ណោះ ហើយក្នុងចំណោមបេក្ខជនទាំង ៤រូប គឺមានបេក្ខជនតែ២រូបទេដែលបានបំពេញបែបបទយកមកដាក់នៅ អគ្គលេខាធិការដ្ឋានរដ្ឋសភា។

បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំពិនិត្យរួចហើយ គឺរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា គណៈ កម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាប្រជុំជាមួយខាងគណបក្សនយោបា យពាក់ព័ន្អ ដើម្បីសម្រេចជ្រើសរើសយកបេក្ខជន ១រូបក្នុងចំណោម ២រូប ដែលបានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនាបានអនុម័តយល់ព្រមលើសំណើលាឈប់ពី តួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ លោក ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទនិងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប និងប្រគល់ ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួស លោក ស៊ិក ប៊ុនហុក។

ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីឯកឧត្តម ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០២១។