ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឲ្យដឹងថា ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។
ការចេញមកឆ្លើយតបែបនេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលមតិពីលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលបានចោទសួរថា ឥឡូវដល់វេនអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ម្តង តើថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានហ៊ាន ឬមិនហ៊ាន អនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ចំពោះនិគមន៍ជនយួន ដែលរស់នៅបង្កអាណាធិបតេយ្យ បំពុលបរិស្ថានទន្លេ ។
យោងតាមសេចក្ដីបំភ្លឺ កាលពីថ្ងៃទី១៥ មិថុនា បានឲ្យដឹងថា ថ្មីៗនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលមតិរបស់លោកនាយកសារព័ត៌មានដើមអំពិល ជុំវិញការអនុវត្តច្បាប់ស្តីពី អន្តោប្រវេសន៍លើជនបរទេសខុសច្បាប់ និងការរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអះអាងថា «ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។
ភារកិច្ចស្នូលអគ្គនាយកដ្ឋាន មានតួនាទីភារកិច្ចធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការគ្រប់គ្រងជនបរទេស ក៏ដូចជាការអនុវត្តច្បាប់ចំពោះជនបរទេសដែលស្នាក់នៅ និងបម្រើការងារដោយខុសច្បាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា» ។
កន្លងមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពង្រឹងការអនុវត្តច្បាប់ជាប្រចាំ ចំពោះជនបរទេសខុសច្បាប់តាមគ្រប់រូបភាព ដោយធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអនុវត្តការបណេ្តញ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។
ជាក់ស្ដែងចាប់តាំងពីឆ្នាំ២០១៤ រហូត ដល់០៥ខែ ដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ១៨,៤៧០នាក់ ស្រី ៣,០៦០នាក់ មាន ១០៤សញ្ជាតិ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានថ្លែងអំណរគុណដល់ លោកនាយកសារព័ត៌មានដើមអម្ពិល ចំពោះមតិដែលបានលើកឡើង ដែលបង្ហាញអំពីស្មារតីចូលរួម ក្នុងការការពារផលប្រយោជន៍របស់ប្រទេសជាតិ។
ដោយឡែកដើម្បីប្រែក្លាយស្មារតីនេះ ទៅជាលទ្ធផលជាក់ស្ដែង អគ្គនាយកដ្ឋានស្នើសុំលោកនាយកសារព័ត៌មាន ផ្តល់កិច្ចសហការ តាមរយៈការផ្ដល់ព័ត៌មានជាក់លាក់ អំពីជនបរទេសខុសច្បាប់ ដើម្បីអគ្គនាយកដ្ឋាន ចាត់កម្លាំងទៅធ្វើការត្រួតពិនិត្យ ស្របតាមនីតិវិធីច្បាប់ ៕
ដោយ DAP NEW