(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួនលោកឧកញ៉ា ប្រាក់ ប្រាកដ ដែលគេស្គាល់ថា ជាមនុស្សមានមុខមានមាត់ម្នាក់នៅខេត្តព្រះសីហនុ នៅវេលាម៉ោង៩:១០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
តាមដីកាបញ្ជារបស់តុលាកា ររាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងការឆបោកប្រាក់ចំនួន ១០ម៉ឺនដុល្លារ ការឃាត់ខ្លួនឧកញ៉ា ប្រាក់ ប្រាកដ នេះបានកើតឡើងនៅហាងកាហ្វេមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមបណ្តឹង ឈ្មោះ ស្រី ចាន់ធូ មានទីលំនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុព្រៃនប់ ខេត្តព្រះសីហនុ ដែលបានប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា លោកស្រី បានជួបជាមួយឧកញ៉ា ប្រាក់ ប្រាកដ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២១ ដើម្បីជជែកគ្នាពីការធានារត់ការផ្ទេរឈ្មោះនិងតួនាទីរបស់របស់អ្នកស្រីឈ្មោះ អេង អូន ចេញ ពីក្របខណ្ឌកងពលខេមរភូមិន្ទទៅបម្រើការក្នុងក្របខណ្ឌនគរបាលជាតិ និងរត់ឲ្យឡើងតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយព្រមព្រៀងគ្នាក្នុង តម្លៃរត់ការចំនួន ៣០ម៉ឺនដុល្លារ។
បន្ទាប់ពីបានជជែកចរចាគ្នាត្រូវហើយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ អ្នកស្រី ចាន់ ធូ និងស្វាមី ប្រគល់លុយទៅឧកញ៉ា ប្រាក់ ប្រាកដ ចំនួន ១០ម៉ឺនដុល្លារ ហើយចំនួន ២០ម៉ឺនដុល្លារទៀត ចាំទទួលបានលទ្ធសម្រេចការផ្ទេរក្របខណ្ឌ និងឡើងតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទើបប្រគល់គ្រប់ចំនួន។
ពាក្យបណ្តឹង ក្រោយទទួលបានលុយចំនួន១០ម៉ឺនដុល្លារហើយ ឧកញ៉ា ប្រាក់ ប្រាកដ ពុំបាន យកលុយនោះទៅរត់ការផ្ទេរក្របខណ្ឌនិងតួនាទី តាមការសន្យារបស់ខ្លួនឡើយ។
តែងតែប្រើឡេះនេះ ឡេះនោះ រហូតមិនលើកទូរស័ព្ទ និងឆ្លើយតបតាមប្រព័ន្ធតេឡេក្រាម គេចមិនចូលផ្ទះរហូតដល់បច្ចុប្បន្ន ទើបធ្វើជនរងគ្រោះសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការរាជធានីភ្នំពេញ។
លោកព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ បានចេញដីកានៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ កោះហៅឈ្មោះ ប្រាក់ ប្រាកដ ឲ្យចូលខ្លួនមកឆ្លើយបំភ្លឺនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តែបុគ្គលនេះមិនព្រមចូលខ្លួនមកបំភ្លឺ តាមការដីកាកោះហៅរបស់ព្រះអាជ្ញារងឡើយ ទើបង្គាប់បញ្ជាឲ្យឃាត់ខ្លួនតែម្តង៕