កំពង់ធំ៖ ដើម្បីរឹតចំណងមិតត្តភាពរវាងប្រទេសទាំង២ ឥណ្ឌូនេស៊ី និងកម្ពុជាឲ្យកាន់ រឹងមាំនិងយូរអង្វែងនោះឯកអគ្គរាជទូត ឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា បញ្ចុះបឋមសិលាសាងសង់ ស្តូបអនុស្សាវរីយ៏ មិត្តភាពកម្ពុជា ឥណ្ឌូនេស៊ី នៅ ជាប់ផ្លូវជាតិលេខ៦អា ភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
ពិធីបញ្ចុះបឋមសិលា សាងសង់ស្តូបមិត្តភាព កម្ពុជា ឥណ្តូនេស៊ី នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ ឯកអគ្គរាជទូត ឥណ្តូនេស៊ី ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ឥណ្តូនេស៊ីនិងកម្ពុជា នៅតែបង្កើនភាពស្និទ្ធស្នាល រឹតចំណងមិត្តភាពយូរអង្វែង ជាពិសេស កងទ័ពឥណ្ទុនេស៊ីនៅតែបន្តបេសកម្មនៅក្នុងខេត្តកំពង់ធំ គឺដើម្បីរំឭកដល់វីរៈភាពកងទ័ពនៃប្រទេសទាំងពីរ។
លោក សុខ លូ អភិបាលខេត្តកំពង់ធំមានប្រសាសន៍ថា អាជ្ញាធរខេត្ត បានស្វាគមន៍យ៉ាងជិតស្និទ្ធ ចំពោះវត្តមានកងទ័ពប្រទេសឥណ្តូនេស៊ី នៅកម្ពុជា ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលបានចំណាយពេលវេលា បន្តបេសកម្ម មកជួយការពារសន្តិសុខកម្ពុជាព្រមទាំងលះបង់កម្លាំងកាយចិត្ត ដើម្បីជួយឲ្យកម្ពុជាមានសុខ សន្តិភាព ក្រោមឆ័ត្រអង្គការ សហប្រជាជាតិតែមួយ។
ស្តូបអនុស្សាវរីយ៍នឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៩នេះ ក្រោមការចំណាយ របស់ប្រទេសឥណ្តូនេស៊ី ។ឯអាជ្ញាធរខេត្តជួយកែសម្រួល ធ្វើសួនច្បារ ដាំផ្កា លំអរ នៅចំណុចនេះផងដែរ ដើម្បីឲ្យមានសោភ័ណភាព ស្រស់ ស្អាត សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ មកកម្សាន្ត ជាពិសេសផ្តល់ភាពសាកសម្យដល់វិញ្ញាណខ័ន្តវីរៈភាពកងទ័ព នៃប្រទេសទាំងពីរ និងងាយស្រួលដល់បងប្អូន ជនជាតិខ្មែរឥស្លាមធ្វើដំណើរ មកគោរព ដួងវិញ្ញាណខ័ន្តកងទ័ព៕