កំពត៖ ចៅក្រមស់បសួរនៃសាលាដំបូងខេត្តកំពត នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចឃុំខ្លួនបុរសម្នាក់ នៅក្នុងពន្ធនាគារខេត្ត ជាបណ្តោះអាសន្ន ពីបទឆបោកប្រាក់គេអស់ជិតមួយសែនដុល្លារ ក្នុងគម្រោងសាងសង់ផ្ទះ នៅក្នុងខេត្តកែប ដែលព្រះរាជអាជ្ញាបានចោទប្រកាន់ជាច្រើនខែកន្លងមកហើយ។
លោក អាំង សុភា ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ឈ្មោះ ម៉ន សុខមាន អាយុ៤១ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក ហើយស្នើឲ្យចៅក្រមស៊ើបឃុំខ្លួនបុរសខាងលើនេះ ក្នុងពន្ធនាគារជាបណ្តោះ ដើម្បីធានាការសងប្រាក់ទៅម្ចាស់សំណង់។
ដីកាបង្គាប់ឲ្យឃុំខ្លួន ដែលសារព័ត៌មានកម្ពុជាតិ ទើបទទួលបាន បានឲ្យដឹងថា លោកចៅក្រមស៊ើបសួរសម្រេចដាក់គុកជនេះពីបទឆបោក ស្របតាមមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ តាមការទាមទារពីអ្នកស្រី ប៉ុល លក្ខិណា ដែលជាម្ចាស់សំណង់ និងត្រូវជននេះឆបោកប្រាក់អស់ជិតមួយសែនដុល្លារ។
យោងតាមមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌបានចែងថា ប្រសិនបើតុលាការយកឃើញកំហុសមែននោះ ឈ្មោះ ម៉ន សុខមានអាចប្រឈមជាប់ពន្ធនាគារពីប្រាំមួយខែ ទៅបីឆ្នាំ និងពិន័យជាប្រាក់ពីមួយលានរៀល ទៅប្រាំមួយលានរៀល។
ឈ្មោះ ម៉ន សុខមាន ត្រូវបានចាប់ខ្លួន នាវេលាម៉ោងជាង៥ល្ងាចម្សិលមិញ នៅមុខវត្តជុំគ្រៀល ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក អាំង សុភា ចៅក្រមស៊ើបសួរ ក្នុងសំណុំរឿងនេះ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពត បានឲ្យដឹងថា ការចាប់ខ្លួននេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត បន្ទាប់ពីជននេះ បានគេចវេសពីការទទួលខុសត្រូវម្តងហើយម្តងទៀតមិនអើពើរជាមួយដីកាកោះរបស់តុលាការ។
នគរបាលព្រហ្មទណ្ឌខេត្តកំពត បានបញ្ជូនជនជាប់ចោទរូបនេះ ទៅសាលាដំបូងខេត្ត នាព្រឹកព្រលឹមថ្ងៃនេះ ដោយមានដៃជាប់ខ្នោះផងដែរ រហូតដល់ម៉ោង២កន្លង រសៀលថ្ងៃដដែល ទើបចៅក្រមបញ្ចប់ការសាកសួរ និងបង្គាប់ឲ្យនគរបាលនាំខ្លួននេះ ទៅដាក់គុកជាបណ្តោះអាសន្នសិន រងចាំការបើកសវនាការដល់អង្គសេចក្តី។
សូមរំឭកថា កន្លងមក លោក ឡុង កេសភីរម្យ អតីប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមសើបក្នុងក្នុងសំណុំព្រហ្មភទណ្ឌ បានពន្យាពេលដល់ជនជាប់ចោទឈ្មោះ ម៉ន សុខមាន ចំនួនបួនលើក ដែលត្រូវបានលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក ដោយសារជននេះរកលេសគេចវេសពីការកោះហៅជាបន្តបន្ទាប់ រហូតដល់ពេលដូរប្រធានថ្មី ទើបមានចំណាត់ការដូចថ្ងៃនេះ។
ក្នុងសំណុំរឿងនេះដែរ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក ឡុង កេសភីរម្យ គ្រោងសួរចម្លើយ ឈ្មោះ ម៉ន សុខមាន ដើម្បីបំភ្លឺលើបណ្តឹងរបស់អ្នកស្រី ប៉ុល លក្ខិណា អាយុ៣០ឆ្នាំ ដែលបានប្តឹងទាមទារឲ្យសងប្រាក់ជំពាក់ចំនួន៩៧៩៥៩ដុល្លារ ដែលខ្លួនបានទទួលយក ប៉ុន្តែមិនបានបំពេញកាតព្វកិច្ចសាងសង់ឲ្យបានចប់សព្វគ្រប់ តាមកិច្ចសន្យា។
យោងតាមឯកសារបានឲ្យដឹងថា អ្នកស្រី ប៉ុល លក្ខិណា ដែលមានទីលំនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានសម្រេចដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីសុំឲ្យតុលាការផ្តន្ទាទោសឈ្មោះ ម៉ន សុខមាន ពីបទឆបោក និងទាមទារប្រាក់ឲ្យសងប្រាក់មកវិញ។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ របស់លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បានឲ្យដឹងថា ក្នុងបណ្តឹងរបស់អ្នកស្រី ប៉ុល លក្ខិណា ពិតជាបទល្មើសឆបោក និងមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា បទល្មើសនេះពិតជាបានកើតឡើងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៨ តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ដូច្នេះតុលាការសម្រេចឲ្យឃុំខ្លួនឈ្មោះ ម៉ន សុខមាន ក្នុងពន្ធនាគារ ដើម្បីធានាការសងប្រាក់ដល់ម្ចាស់លុយ។
លោក ឯក ឆេងហួត បានបញ្ជាក់ក្នុងដីកាថា «អំពើខាងលើជបទល្មើសឆបោក [ដូច្នេះ] សម្រេចបើកការស៊ើបសួរ និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ ម៉ន សុខមាន [និង] ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការបទល្មើសកុំឲ្យកើតជាថ្មី និងធានារក្សាជនត្រូវចោទជូនតុលាការចាត់ការតាមនីតិវិធី»។
តាមសម្ដីរៀបរាប់របស់អ្នកស្រី ប៉ុល លក្ខិណា ដែលជាម្ចាស់សំណង់ និងជាម្ចាស់លុយផង បានប្រាប់ឲ្យដឹងថា ខ្លួនជាអ្នកស្រុកភូមិជាមួយនឹងលោក ម៉ន សុខមាន ក៏ហៅលោកមកម៉ៅការសាងសង់ផ្ទះរបស់ខ្លួន ហើយព្រមទាំងបានប្រគល់ប្រាក់ជាដំណាក់កាលៗ ប៉ុន្តែក្រោយពេលប្រគល់លុយរួចរាល់ហើយ ស្រាប់តែឈ្មោះ ម៉ន សុខមាន ចាប់ផ្តើមគេចវេស លើកយកបញ្ហានេះបញ្ហានោះ ដើម្បីបញ្ឈប់បន្តសាងសង់ផ្ទះទៀត។
អ្នកស្រី ប៉ុល លក្ខិណា នៅថ្ងៃរសៀលថ្ងៃនេះ បានសម្តែងទឹកចិត្តត្រេកអរដល់លោកព្រះរាជអាជ្ញា ឯក ឆេងហួត និងលោកចៅក្រមស៊ើបសួរ អាំង សុភា ដែលចាប់ផ្តើមបង្ហាញពន្លឺយុត្តិធម៌ដល់អ្នកស្រី ដែលបានរងគ្រោះពីបទឆបោកនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕