ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បើកយុទ្ធនាការចុះយកគំរូស្រាស ស្រាថ្នាំមកវិភាគរកសារធាតុមេតាណុល នៅតាមបណ្តាទីតាំងផលិត និងកន្លែងលក់ស្រាសស្រាថ្នាំទូទាំងប្រទេស

បន្ទាប់ពីថ្មីៗនេះ មានហេតុការណ៍ពុលស្រាបានកើតឡើងជាបន្តបន្ទាប់នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល ខេត្តកំពត ខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ធ្វើការស្រាវជ្រាវរកទីតាំងផលិត ចែកចាយស្រាស ស្រាថ្នាំ ដែលមានសារធាតុពុល បង្កផលប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ទទួលបានការណែនាំនេះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញនូវយុទ្ធនាការឱ្យមន្រ្តីនៅតាមបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត ចុះយកសំណាកគំរូស្រាស ស្រាថ្នាំ នៅតាមបណ្តាទីតាំងផលិត និងកន្លែងលក់ស្រាស ស្រាថ្នាំ ក្នុងក្របខណ្ឌទូទាំងប្រទេស មកវិភាគរកសារធាតុមេតាណុល នៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប.។
ជាក់ស្តែង ក្នុងខែមិថុនានេះ មន្រ្តីសាខា ក.ប.ប. នៅតាមបណ្តារាជធានី ខេត្ត ចំនួន១៧ បានចុះយកគំរូស្រាស ស្រាថ្នាំមកវិភាគនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប. បានចំនួន ១៧៨គំរូ។
យោងលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍បានបង្ហាញថា សំណាកគំរូស្រាទាំង ១៧៨គំរូ ពុំមានវត្តមានសារធាតុមេតាណុលដែលជាសារធាតុបង្កគ្រោះឡើយ។

អគ្គនាយកដ្ឋាន ក.ប.ប. អនុវត្តក្នុងតួនាទីជាអ្នកការពារអ្នកប្រើប្រាស់ និងសុខុមាលភាពប្រជាពលរដ្ឋ នឹងបន្តយុទ្ធនាការចុះអប់រំ ផ្សព្វផ្សាយការយល់ដឹង និងយកសំណាកគំរូស្រាស និងស្រាថ្នាំ ឱ្យបានគ្រប់រាជធានី ខេត្ត ពិសេសតំបន់ដាច់ស្រយាល មកវិភាគរកសារធាតុបង្កគ្រោះ ដើម្បីទប់ស្កាត់ករណីពុលស្រា ជាយថាហេតុណាមួយដែលអាចកើតមានឡើងនាពេលខាងមុខទៀត។