ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការខេត្តកំពត ដាក់គុកបុរសម្នាក់ ជាបណ្តោះអាសន្ន ពីបទឆបោកប្រាក់គេអស់ជិតមួយសែនដុល្លារ​ ក្នុងគម្រោងសាងសង់ផ្ទះ នៅខេត្តកែប 

កំពត៖ ចៅក្រមស់បសួរនៃសាលាដំបូងខេត្តកំពត នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចឃុំខ្លួនបុរសម្នាក់ នៅក្នុងពន្ធនាគារខេត្ត ជាបណ្តោះអាសន្ន ពីបទឆបោកប្រាក់គេអស់ជិតមួយសែនដុល្លារ​ ក្នុងគម្រោងសាងសង់ផ្ទះ នៅក្នុងខេត្តកែប ដែលព្រះរាជអាជ្ញាបានចោទប្រកាន់ជាច្រើនខែកន្លងមកហើយ។

លោក អាំង សុភា  ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជន​ត្រូវចោទ ឈ្មោះ​ ម៉ន​ សុខមាន អាយុ៤១ឆ្នាំ​ មានទីលំនៅភូមិកណ្តាល​ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត​ ដែលត្រូវបានលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក​ ហើយស្នើឲ្យចៅក្រមស៊ើបឃុំខ្លួនបុរសខាងលើនេះ ក្នុងពន្ធនាគារជាបណ្តោះ ដើម្បីធានាការសងប្រាក់ទៅម្ចាស់សំណង់។

ដីកាបង្គាប់ឲ្យឃុំខ្លួន ដែលសារព័ត៌មានកម្ពុជាតិ ទើបទទួលបាន បានឲ្យដឹងថា លោកចៅក្រមស៊ើបសួរសម្រេចដាក់គុកជនេះពីបទឆបោក ស្របតាមមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ តាមការទាមទារពីអ្នកស្រី ប៉ុល លក្ខិណា​ ដែលជាម្ចាស់សំណង់ និងត្រូវជននេះឆបោកប្រាក់អស់ជិតមួយសែនដុល្លារ។

យោងតាមមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌបានចែងថា ប្រសិនបើតុលាការយកឃើញកំហុសមែននោះ ឈ្មោះ ម៉ន សុខមាន​​អាចប្រឈមជាប់ពន្ធនាគារពីប្រាំមួយខែ ទៅបីឆ្នាំ និងពិន័យជាប្រាក់ពីមួយលានរៀល​ ទៅប្រាំមួយលានរៀល។​

ឈ្មោះ ម៉ន សុខមាន ត្រូវបានចាប់ខ្លួន នាវេលាម៉ោងជាង៥ល្ងាចម្សិលមិញ នៅមុខវត្តជុំគ្រៀល ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក អាំង សុភា  ចៅក្រមស៊ើបសួរ ក្នុងសំណុំរឿងនេះ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពត បានឲ្យដឹងថា​ ការចាប់ខ្លួននេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត បន្ទាប់ពីជននេះ បានគេចវេសពីការទទួលខុសត្រូវម្តងហើយម្តងទៀតមិនអើពើរជាមួយដីកាកោះរបស់តុលាការ។

នគរបាលព្រហ្មទណ្ឌខេត្តកំពត បានបញ្ជូនជនជាប់ចោទរូបនេះ ទៅសាលាដំបូងខេត្ត នាព្រឹកព្រលឹមថ្ងៃនេះ ដោយមានដៃជាប់ខ្នោះផងដែរ រហូតដល់ម៉ោង២កន្លង រសៀលថ្ងៃដដែល ទើបចៅក្រមបញ្ចប់ការសាកសួរ និងបង្គាប់ឲ្យនគរបាលនាំខ្លួននេះ ទៅដាក់គុកជាបណ្តោះអាសន្នសិន រងចាំការបើកសវនាការដល់អង្គសេចក្តី។

សូមរំឭកថា កន្លងមក លោក​ ឡុង កេសភីរម្យ អតីប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមសើបក្នុងក្នុងសំណុំព្រហ្មភទណ្ឌ បានពន្យាពេលដល់ជនជាប់ចោទឈ្មោះ​ ម៉ន​ សុខមាន ចំនួនបួនលើក ដែលត្រូវបានលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក​ ដោយសារជននេះរកលេសគេចវេសពីការកោះហៅជាបន្តបន្ទាប់ រហូតដល់ពេលដូរប្រធានថ្មី ទើបមានចំណាត់ការដូចថ្ងៃនេះ។

ក្នុងសំណុំរឿងនេះដែរ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក​ ឡុង​​ កេសភីរម្យ គ្រោងសួរចម្លើយ​ ឈ្មោះ​ ម៉ន​ សុខមាន​ ដើម្បីបំភ្លឺលើបណ្តឹងរបស់អ្នកស្រី ប៉ុល​ លក្ខិណា​ អាយុ៣០ឆ្នាំ ដែលបានប្តឹងទាមទារឲ្យសងប្រាក់ជំពាក់​ចំនួន៩៧៩៥៩ដុល្លារ​ ដែលខ្លួនបានទទួលយក ប៉ុន្តែមិនបានបំពេញកាតព្វកិច្ចសាងសង់ឲ្យបានចប់សព្វគ្រប់ តាមកិច្ចសន្យា។

យោងតាមឯកសារ​បានឲ្យដឹងថា​ អ្នកស្រី ប៉ុល​ លក្ខិណា​ ដែលមានទីលំនៅភូមិថ្មី​ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានសម្រេចដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពត​ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០​​ ដើម្បីសុំឲ្យតុលាការផ្តន្ទាទោសឈ្មោះ​ ម៉ន សុខមាន ពីបទឆបោក​ និងទាមទារប្រាក់ឲ្យសងប្រាក់មកវិញ។

យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០​ របស់លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បានឲ្យដឹងថា ក្នុងបណ្តឹងរបស់អ្នកស្រី ប៉ុល លក្ខិណា ពិតជាបទល្មើសឆបោក​ និងមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា​ បទល្មើសនេះ​ពិតជាបានកើតឡើងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប​ ខេត្តកែប កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៨​ តាមមាត្រា៣៧៧ និងមាត្រា៣៧៨​ នៃក្រមព្រហ្មទណ្ឌ​​ ដូច្នេះតុលាការសម្រេចឲ្យឃុំខ្លួនឈ្មោះ​ ម៉ន​ សុខមាន ក្នុងពន្ធនាគារ ដើម្បីធានាការសងប្រាក់ដល់ម្ចាស់លុយ។

លោក ឯក ឆេងហួត​ បានបញ្ជាក់ក្នុងដីកាថា «អំពើខាងលើជបទល្មើសឆបោក​ [ដូច្នេះ] សម្រេចបើកការស៊ើបសួរ និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ​ ម៉ន​ សុខមាន [និង]​ ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន​ ដើម្បីបង្ការបទល្មើសកុំឲ្យកើតជាថ្មី និងធានារក្សាជនត្រូវចោទជូនតុលាការចាត់ការតាមនីតិវិធី»។

តាមសម្ដី​រៀបរាប់របស់អ្នកស្រី ប៉ុល លក្ខិណា ដែលជាម្ចាស់សំណង់ និងជាម្ចាស់លុយផង​​ បានប្រាប់ឲ្យដឹងថា ខ្លួនជាអ្នកស្រុកភូមិជាមួយនឹងលោក ម៉ន សុខមាន ក៏ហៅលោកមកម៉ៅការសាងសង់ផ្ទះរបស់ខ្លួន​ ហើយព្រមទាំងបានប្រគល់ប្រាក់ជាដំណាក់កាលៗ​​ ប៉ុន្តែក្រោយពេលប្រគល់លុយរួចរាល់ហើយ ស្រាប់តែឈ្មោះ ម៉ន សុខមាន ចាប់ផ្តើមគេចវេស លើកយកបញ្ហានេះបញ្ហានោះ ដើម្បីបញ្ឈប់បន្តសាងសង់ផ្ទះទៀត។

អ្នកស្រី ប៉ុល លក្ខិណា នៅថ្ងៃរសៀលថ្ងៃនេះ បានសម្តែងទឹកចិត្តត្រេកអរដល់លោកព្រះរាជអាជ្ញា​ ឯក​ ឆេងហួត និងលោកចៅក្រមស៊ើបសួរ អាំង សុភា ដែលចាប់ផ្តើមបង្ហាញពន្លឺយុត្តិធម៌ដល់អ្នកស្រី ដែលបានរងគ្រោះពីបទឆបោកនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕