ក្រុមអ្នករកស៊ីចេញចូលទំនិញតាមច្រកបុសមននិងមន្រ្តីពាក់ព័ន្ធនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀងមួយចំនួននិយាយថា បច្ចុប្បន្នឈ្មួញនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកបុសមន យ៉ាងពេញបន្ទុកដដែល ដោយគ្មានញញើតច្បាប់នោះទេ។
ក្រុមឈ្មួញរកស៊ីបង្ហើបបានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីសំណាក់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ទេនោះគឺឈ្មួញមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។ ជាងនេះទៅទៀត លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន គឺមានការឃុបឃិតជាមួយលោក ឃុត សាលីន ប្រធានការិយាល័ យគយច្រកបុសមន ទើបអ្វីៗអាចប្រព្រឹត្តទៅយ៉ាងសុខស្រួលដូចសព្វថ្ងៃនេះ។
យោងតាមព័ត៌មានពីមន្រ្តីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានលើកឡើងថា ការដែលលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរ បាលច្រកបុសមន ហ៊ានប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបយ៉ាងរលូនគឺដោយសារអាងមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំច្រើនឆ្នាំ។
ក្រុមឈ្មួញទាំងនោះនិយាយថា ជាក់ស្តែង លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ប៉ុន្តែលោក កឹង ឃន បានរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។
បញ្ហានេះ ក្រុមប្រជាពលរដ្ឋនិងឈ្មួញខាងលើ លើកឡើងថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងតទៅទៀតទេ ព្រោះរឿងឃុបឃិតគ្នា របស់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ត្រូវបានលាតត្រដាងជាសាធារណៈរួចទៅហើយ។
ប្រភពស្និទ្ធនឹងលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុស មន បានឲ្យដឹងថា លោក គង់ ណារិន្ទ តែងយកឈ្មោះ លោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ទន្ទេញជាប់មាត់ដើម្បីការពារទង្វើរបស់ខ្លួន។
ដេលីខ្មែរ មិនទាន់អាចសុំការបំភ្លឺ ពី លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមនប្រើតួនាទីនិងអំណាចប្រមូល លុយពីទំនិញគេចពន្ធនោះ។ ប៉ុន្តែពលរដ្ឋនិយាយថា ឈ្មួញធំៗសុទ្ធតែមានទំនាក់ទំនងជិះស្និទ្ធជាមួយលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ដើម្បីពួកគេអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់និងទំនិញក្លែងក្លាយតាមច្រកបុសមន យ៉ាងពេញបន្ទុក។
ដោយ:ដេលីខ្មែរ លេខការិយាល័យនិពន្ធ ០៩៧២៧២០៩៦៥