សៀមរាប: ស្ត្រីរងគ្រោះព្រោះតែប្តីប្រើអំពើហឹង្សាដោយចេតនា និងអំពើផិតក្បត់ស្ទើរជារៀងរាល់ថ្ងៃ អស់រយៈពេលជាយូរឆ្នាំ ហើយបណ្តាលឱ្យនាងរលូតកូននៅក្នុងផ្ទៃអស់ពីរនាក់ ទើបនារីរងគ្រោះបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការខេត្តសៀមរាបដើម្បីស្វែងរកយុត្តិធម៌ទៅតាមផ្លូវច្បាប់។
ស្រ្តីរងគ្រោះឈ្មោះ រដ្ឋ រ៉ាន្នី អាយុ២៩ឆ្នំា ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានរៀបរាប់”ដេលីខ្មែរ”ថា ”នាងខ្ញុំបានរៀបអាពាហ៍ពិពាហ៍ជា មួយប្តីនាងខ្ញុំតាំងតែពីឆ្នាំ២០១៣មកម្លេះ រហូតមកដល់ឆ្នាំ២ ០២១នេះ នាងខ្ញុំមានកូនបួននាក់ ម្នាក់អាយុ៧ឆ្នាំ ឯម្នាក់ទៀតនៅក្នុងផ្ទៃជិតគ្រប់ខែ ចំណែកឯកូនពីរនាក់ទៀតរលួតបាត់ ដោយ សារតែប្តីនាងខ្ញុំចូលចិត្តវាយដំច្រំធាក់ក្តិចខ្ញាំខាំជាំពេញខ្លួននាងខ្ញុំស្ទើរជារៀងរាល់ថ្ងៃ ព្រោះតែគាត់មានសាហាយស្មន់ខាងក្រៅក្បត់ចិត្តនាងខ្ញុំ”។
ស្រ្តីរងគ្រោះខាងលើរៀបរាប់ថា តាំងតែពីនាងខ្ញុំកាន់ដៃគាត់ជាប្តីប្រពន្ធមក នាងខ្ញុំត្រូវបានគាត់ប្រើអំពើហឹង្សាជាញឹកញាប់ តែដោយសារតែស្រលាញ់ប្តីផង ណាមួយមិនចង់លែងលះគ្នានាំមានប្តីមួយប្តីពីរខ្លាចញាតិគេសើច នាងខ្ញុំក៏ចេះតែទ្រាំខាំមាត់សង្កត់ធ្មេញ តែប្តីនាងខ្ញុំចេះតែលួចលាក់មានស្រីមានសាហាយតែរហូតមិនព្រមកែប្រែសោះ នៅពេលនាងខ្ញុំចេះតែសួរដេញដោលគាត់ បណ្តាលឱ្យគាត់ចេះតែខឹងក្រេវក្រោធវាយដំនាងខ្ញុំឥតស្រាកស្រាន។
ក្នុងអំឡុងឆ្នាំ២០១៧ នាងមានផ្ទៃពោះបីខែ ប្តីនាងបានវាយដំនាងខ្ញុំរហូតរលូតកូនក្នុងផ្ទៃអស់ម្នាក់។ លុះដល់ចុងឆ្នាំ២០១៩ ប្តីនាងគាត់បានក្បត់ចិត្តលួចរស់នៅជាមួយសាហាយស្មន់ដែលជាលេខាផ្ទាល់របស់គាត់ មិនតែប៉ុណ្ណោះប្តីនាងខ្ញុំបាននាំស្រីដែលជាសាហា យរបស់គាត់ ជិះឡានដើរលេង ឱ្យថើបក្នុងឡាន កៀកកើយលើដើមទ្រូងក្នុងឡាន មិនតែប៉ុណ្ណោះប្តីនាងបានលួចលាក់នាំនាងលេខាផ្ទាល់របស់គាត់មករស់នៅក្នុង អាផាតមិន ដែលជាកន្លែងធ្វើការ ដូចប្តីប្រពន្ធអស់រយ:ពេលជិតមួយឆ្នាំ។
នារីរងគ្រោះបន្តទៀតថា ក្រោយមកមានបង្ហោះរូបភាពតាមបណ្តាញសង្គមហ្វេសប៊ុគជាសាធារណ:ថែមទៀតផង។ បែកធ្លាយរឿងប្តីនាងមានសាហាយជាលេខារបស់គាត់ចុងក្រោយនេះ ដោយសារនាងចាប់បានភស្តុតាងដូចជា: សារជារូបភាព សារជាអក្សរ សារជាសម្លេង នៅក្នុងទូរស័ព្ទដៃ ក្នុងកុំព្យួរទ័រ តាមបណ្តាញសង្គមហ្វេសប៊ុគ តេឡេក្រាម អ៊ីនស្តាក្រាមជាដើម។
លើសពីនេះ នារីរងគ្រោះបានសួរដេញដោលរកហេតុផលជាមួយគាត់ក្នុងនាមជាប្តីប្រពន្ធ តែពេលនោះគាត់ក៏ប្រើហឹង្សាដាក់នាងទៀត បណ្តាលធ្វើឱ្យនាងឈឺចិត្តឥតថ្លាថ្លែង ក៏រលួតកូនទី២ដែលមានអាយុ៦ខែនៅមន្ទីរពេទ្យគន្ធបុប្ផាក្រុងសៀមរាប។
បន្ទាប់ពីនាងចេញពីមន្ទីរពេទ្យនៅសសៃខ្ចីនៅឡើយ ប្តីនាងក៏បានវាយដំនាងជាបន្តបន្ទាប់មកទៀត ទើបនាងសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីឱ្យតុលាការខេត្តសៀមរាប ផ្តន្ទាទោសប្តីរបស់នាងឈ្មោះ ចៅ សេងថៃ តាមផ្លូវច្បាប់ ហើយសងសំណងជម្ងឺចិត្តដល់នាងខ្ញុំជាទឹកប្រាក់ចំនួនមួយលានដុល្លារអាមេរិក“។
យោងតាមកម្មវត្ថុក្នុងពាក្យបណ្តឹងលេខ:១៩៤៨ ចុះថ្ងៃទី១៨ ខែ០៥ ឆ្នាំ២០២១ វេលាម៉ោង០២និង០៥នាទី ដែល ដេលីខ្មែរ ទទួលបានពីមេធាវីជនរងគ្រោះ ឈ្មោះ រដ្ឋ រ៉ាន្នី (ជាប្រពន្ធ) ដែលបានប្តឹងឈ្មោះ ចៅ សេងថៃ (ជាប្តី) ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ពីបទល្មើស ផិត, ហឹង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាស ជន និង ហឹង្សាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។
នៅរសៀលម៉ោង៤និង២២នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដេលីខ្មែរ ពុំអាចសុំការបកស្រាយពីស្ត្រីឈ្មោះ សឿត បូរី អតីតលេខារបស់លោក ចៅ សេងថៃ ដែលរងការចោទប្រកាន់ពីលោកស្រី រដ្ឋ រ៉ាន្នី ជាភរិយាស្របច្បាប់របស់លោក ចៅ សេងថៃ បានទេ ព្រោះទូរស័ព្ទរបស់នាងខល
នៅរសៀលម៉ោង៤និង២៣នាទី ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដដែលនេះ ដេលីខ្មែរ បាន ខលទូរស័ព្ទទៅលោក ចៅ សេងថៃ ដើម្បីសុំការបំភ្លឺពាក់ព័ន្ធករណីដែលលោកស្រី រដ្ឋ រ៉ាន្នី ជាភរិយាដើមបានធ្វើការចោទ។
បើយោងតាមច្បាប់ស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការការពារជនរងគ្រោះ ដែលប្រកាសឱ្យប្រើនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៥ មានត្រា ២ បានចែងថា ”អំពើហឹង្សាក្នុងគ្រួសារ គឺសំដៅលើអំពើហឹង្សាដែលកើតមាន និងអាចកើតមានទៅលើ: ១.ប្តី ឬ ប្រព្ធ ២.កូនក្នុងបន្ទុក ៣.ជនទាំងឡាយរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ“។
ក្នុងមាត្រា ៣ បានចែងថា ”អំពើហឹង្សារួមមាន: ការប៉ះពាល់ដល់ជីវិត ការប៉ះពាល់ដល់បូរណភាពរូបកាយ ការធ្វើទារុណកម្ម ឬ ការធ្វើអំពើឃោរឃៅ ការឈ្លានពានខាងផ្លូវភេទ។
មាត្រា ៣៥ នៃច្បាប់នេះផងដែរបានចែងថា ”អំពើហឹង្សាក្នុងគ្រួ សារទាំងឡាយណា ដែលចូលជាបទល្មើសព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសដោយយោងតាមច្បាប់ក្រមព្រហ្មទណ្ឌជាធរមាន។
រីឯក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ មាត្រា ២១៩ បានចែងថា ”អំពើហឹង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បូនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល កាលបើអំពើ ហឹង្សានោះត្រូវបានប្រព្រឹត្តទៅលើ (២-នារីមានគភ៍ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង)“។
មាត្រា ២២២ នៃក្រមព្រហ្មទណ្ឌដដែលបានចែងថា ”អំពើហឹង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បូនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល កាលបើអំពើ ហឹង្សានោះត្រូវបានប្រព្រឹត្តដោយសហព័ទ្ធ ឬ ដោយអនីតិសង្វាសជន របស់ ជនរងគ្រោះ។
ក្នុងច្បាប់ស្តីពី ឯកពន្ធភាព ឆ្នាំ២០០៦ មាត្រា ៧ បានចែងថា ”ត្រូវចាត់ទុកថា ផិត គឺការរួមសេវនកិច្ចរវាងបុរសដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយជាមួយស្ត្រីដទៃក្រៅពីប្រពន្ធរបស់ខ្លួន ឬ ការរួមសេវនកិច្ចរវាងស្រ្តីដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយជាមួយបុរសដទៃក្រៅពីប្តីរបស់ខ្លួន“។
មាត្រា ១០ នៃច្បាប់ដដែលនេះបានបញ្ញត្តិផងដែរថា ”ជនណាប្រព្រឹត្តល្មើសនឹងមាត្រា ៦ និង មាត្រា ៧ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី ១ (មួយ)ខែ ដល់ ១ (មួយ) ឆ្នំា និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០. ០០០ (មួយលាន) រៀល ឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរ៕ ដោយ៖ ដេលីខ្មែរ សៀមរាប