លោក ស ថាវី ប្រធានក្រុមសម្របសម្រួលការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០២១នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារចាក់វ៉ាក់សាំងលើកទី១ និងលើកទិសដៅបន្ត ដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្រុកអង្គរធំ ខេត្តសៀមរាបប្រព្រឹត្តទៅបានល្អប្រសើរ។
លោក ស ថាវី បានថ្លែងបញ្ជាក់ថា”វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ”។
រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងប្រមាណជា ១៨លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ វ៉ាក់សាំងប្រមាណជា ១៧លានដូសនេះ ភាគច្រើនជាវ៉ាក់សាំងរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់។
នៅត្រឹមខែសីហា ខាងមុខនេះ កម្ពុជាទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមានចំនួនប្រមាណ ១០លាននាក់។
កម្ពុជា ក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ ៥លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនក្មេង និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំផងដែរ។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ៧លាននាក់ហើយ បានចាក់វ៉ាក់សាំងរួចរាល់៕