ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្រ្តីជនរងគ្រោះ បានដាក់ពាក្យប្តឹងទៅតុលាការសៀមរាប ព្រោះត្រូវស្វាមី វាយឡើងរលូតកូន

សៀមរាប: ស្ត្រីរងគ្រោះព្រោះតែប្តីប្រើអំពើហឹង្សាដោយចេតនា​ និងអំពើផិតក្បត់​ស្ទើរជារៀង​រាល់ថ្ងៃ អស់​រយៈពេល​ជាយូរឆ្នាំ ហើយបណ្តាល​ឱ្យ​នាង​រលូតកូន​នៅ​ក្នុងផ្ទៃអស់​ពីរនាក់​ ​ទើប​​នារីរងគ្រោះបាន​​សម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹងទៅតុលាការខេត្តសៀមរាប​​ដើម្បី​ស្វែងរកយុត្តិធម៌ទៅតាមផ្លូវច្បាប់។

ស្រ្តីរងគ្រោះឈ្មោះ រដ្ឋ រ៉ាន្នី អាយុ២៩ឆ្នំា ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិស្វាយ​ដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានរៀបរាប់​”ដេលីខ្មែរ”ថា ”នាងខ្ញុំបានរៀបអាពាហ៍ពិពាហ៍ជា មួយប្តីនាងខ្ញុំ​តាំងតែពីឆ្នាំ២០១៣មកម្លេះ រហូតមក​ដល់ឆ្នាំ២ ០២១នេះ នាងខ្ញុំមានកូនបួននាក់ ម្នាក់អាយុ៧ឆ្នាំ ឯម្នាក់ទៀតនៅក្នុងផ្ទៃជិតគ្រប់ខែ ចំណែកឯកូនពីរនាក់ទៀត​​រលួតបាត់​ ដោយ សារតែប្តីនាងខ្ញុំចូលចិត្តវាយដំច្រំធាក់ក្តិចខ្ញាំខាំជាំពេញ​ខ្លួន​នាងខ្ញុំស្ទើរជារៀងរាល់ថ្ងៃ ព្រោះតែគាត់​មាន​សាហាយស្មន់ខាងក្រៅ​ក្បត់ចិត្តនាងខ្ញុំ”។

ស្រ្តីរងគ្រោះខាងលើរៀបរាប់ថា តាំងតែពីនាងខ្ញុំកាន់ដៃគាត់ជាប្តីប្រពន្ធមក នាង​ខ្ញុំត្រូវ​បាន​គាត់ប្រើអំពើ​ហឹង្សាជាញឹកញាប់ តែដោយសារតែស្រលាញ់ប្តីផង ណាមួយមិន​ចង់​លែងលះ​គ្នា​នាំមានប្តីមួយប្តីពីរខ្លាចញាតិគេសើច នាងខ្ញុំក៏ចេះតែទ្រាំខាំមាត់សង្កត់ធ្មេញ តែប្តីនាងខ្ញុំចេះតែលួចលាក់​មាន​ស្រីមានសាហាយ​តែរហូតមិន​ព្រម​កែប្រែសោះ នៅ​ពេល​នាងខ្ញុំចេះតែសួរដេញដោលគាត់ បណ្តាល​ឱ្យគាត់​ចេះតែខឹងក្រេវក្រោធ​វាយដំនាងខ្ញុំឥតស្រាកស្រាន។

ក្នុងអំឡុង​ឆ្នាំ២០១៧ នាងមានផ្ទៃពោះ​បីខែ ប្តីនាងបានវាយដំនាងខ្ញុំរហូតរលូតកូនក្នុងផ្ទៃអស់ម្នាក់។ លុះដល់ចុងឆ្នាំ២០១៩ ប្តីនាងគាត់​បានក្បត់ចិត្តលួចរស់នៅ​ជាមួយសាហាយស្មន់ដែល​ជាលេខាផ្ទាល់របស់គាត់ មិន​តែប៉ុណ្ណោះ​ប្តីនាងខ្ញុំបាននាំស្រីដែល​ជាសាហា យរបស់គាត់ ជិះ​ឡាន​ដើរលេង ឱ្យថើបក្នុងឡាន កៀកកើយ​លើដើម​ទ្រូងក្នុងឡាន​ មិនតែប៉ុណ្ណោះ​ប្តីនាងបាន​លួចលាក់នាំនាងលេខាផ្ទាល់របស់គាត់​មក​រស់​នៅ​ក្នុង ​អាផាតមិន ដែល​ជាកន្លែងធ្វើការ ដូចប្តីប្រពន្ធអស់រយ:ពេល​ជិត​មួយឆ្នាំ។

នារីរងគ្រោះបន្តទៀតថា  ក្រោយមកមានបង្ហោះរូបភាពតាម​បណ្តាញ​សង្គម​​ហ្វេសប៊ុគ​ជាសាធារណ:ថែមទៀតផង។ បែកធ្លាយ​រឿងប្តីនាងមាន​សាហាយ​ជាលេខារបស់គាត់ចុងក្រោយនេះ ដោយសារនាងចាប់​បានភស្តុតាងដូចជា: សារជារូបភាព សារជាអក្សរ សារជាសម្លេង​ នៅក្នុង​ទូរស័ព្ទដៃ ក្នុង​កុំព្យួរទ័រ តាម​បណ្តាញ​សង្គមហ្វេសប៊ុគ តេឡេក្រាម អ៊ីនស្តាក្រាមជាដើម។

លើសពីនេះ​ នារីរងគ្រោះបានសួរដេញដោល​រកហេតុផលជាមួយ​គាត់ក្នុង​នាម​ជាប្តីប្រពន្ធ​ តែពេលនោះគាត់ក៏ប្រើហឹង្សាដាក់នាងទៀត បណ្តាល​ធ្វើ​ឱ្យ​នាងឈឺចិត្តឥតថ្លាថ្លែង ក៏រលួតកូនទី២ដែល​មាន​អាយុ​៦ខែនៅ​មន្ទីរពេទ្យគន្ធបុប្ផា​ក្រុងសៀមរាប​។

បន្ទាប់ពីនាងចេញពីមន្ទីរពេទ្យនៅសសៃខ្ចីនៅឡើយ​ ប្តីនាងក៏បានវាយដំ​នាងជា​បន្តបន្ទាប់មកទៀត ទើបនាងសម្រេចចិត្តដាក់ពាក្យ​បណ្តឹងទៅតុលាការដើម្បី​ឱ្យ​តុលាការខេត្តសៀម​រាប​ ​ផ្តន្ទាទោស​ប្តីរបស់នាងឈ្មោះ ចៅ​ សេងថៃ តាម​ផ្លូវ​ច្បាប់ ហើយសងសំណង​ជម្ងឺចិត្តដល់នាង​ខ្ញុំ​ជាទឹក​ប្រាក់​ចំនួន​មួយលានដុល្លារ​អាមេរិក“។

យោងតាមកម្ម​វត្ថុក្នុង​ពាក្យ​បណ្តឹង​លេខ:១៩៤៨ ចុះថ្ងៃទី១៨ ខែ០៥ ឆ្នាំ២០២១ វេលាម៉ោង០២និង០៥នាទី ដែល​ ដេលីខ្មែរ ទទួលបានពី​មេធាវីជន​រងគ្រោះ ​ឈ្មោះ រដ្ឋ រ៉ាន្នី (ជាប្រពន្ធ) ដែលបាន​​ប្តឹងឈ្មោះ ចៅ សេងថៃ (ជាប្តី) ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន​ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប​ ពីបទល្មើស ផិត, ហឹង្សាប្រព្រឹត្តដោយសហ​ព័ទ្ធ ឬ​អនីតិសង្វាស ជន និង ហឹង្សា​មាន​ស្ថានទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ។

នៅរសៀលម៉ោង៤និង២២នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដេលីខ្មែរ  ពុំ​អាច​សុំការបក​ស្រាយពី​ស្ត្រីឈ្មោះ សឿត បូរី អតីតលេខារបស់លោក ចៅ សេងថៃ ដែលរងការចោទប្រកាន់ពី​លោកស្រី រដ្ឋ រ៉ាន្នី​ ​ជាភរិយាស្របច្បាប់របស់លោក ចៅ សេងថៃ បានទេ ព្រោះទូរស័ព្ទ​របស់នាងខល​

នៅរសៀលម៉ោង៤និង២៣នាទី ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដដែលនេះ ដេលីខ្មែរ បាន​ ខលទូរស័ព្ទទៅ​លោក ចៅ សេងថៃ ដើម្បីសុំការបំភ្លឺ​ពាក់ព័ន្ធ​ករណីដែល​លោកស្រី រដ្ឋ រ៉ាន្នី ​​ជាភរិយា​ដើម​បាន​​ធ្វើ​ការ​ចោទ។

បើយោងតាមច្បាប់ស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការការពារជនរងគ្រោះ ដែល​ប្រកាសឱ្យ​ប្រើនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៥ មានត្រា ២ បានចែងថា ”អំពើ​ហឹង្សាក្នុង​គ្រួសារ គឺ​សំដៅលើ​អំពើ​ហឹង្សា​ដែល​កើតមាន និង​អាចកើតមានទៅលើ: ១.ប្តី ឬ ប្រព្ធ ២.កូនក្នុងបន្ទុក ៣.ជនទាំងឡាយរស់នៅ​ក្រោម​ដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ“។

ក្នុងមាត្រា ៣ បានចែងថា ”អំពើ​ហឹង្សា​រួមមាន: ការប៉ះពាល់ដល់ជីវិត ការប៉ះពាល់ដល់បូរណភាពរូបកាយ ការធ្វើ​ទារុណកម្ម ឬ ការ​ធ្វើ​អំពើឃោរឃៅ ការឈ្លានពានខាងផ្លូវភេទ។

មាត្រា ៣៥ នៃច្បាប់នេះផងដែរបានចែងថា ”អំពើហឹង្សា​ក្នុងគ្រួ សារ​ទាំងឡាយណា ដែល​ចូល​ជាបទល្មើស​ព្រហ្មទណ្ឌ ត្រូវ​ផ្តន្ទាទោសដោយ​យោងតាម​ច្បាប់ក្រមព្រហ្មទណ្ឌជាធរមាន។

រីឯក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩​ មាត្រា ២១៩ បានចែងថា ”អំពើ​ហឹង្សាដោយចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យ​ជា​ប្រាក់ពី ៤.០០០.០០០ (បូនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល​ កាលបើ​អំពើ ហឹង្សា​នោះត្រូវបាន​ប្រព្រឹត្តទៅលើ (២-នារីមានគភ៍ត្រូវបានគេឃើញជាក់ស្តែង ឬកាល​បើជនល្មើស​បានដឹង)“។

មាត្រា ២២២ នៃក្រមព្រហ្មទណ្ឌដដែលបានចែងថា ”អំពើ​ហឹង្សាដោយចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យ​ជា​ប្រាក់ពី ៤.០០០.០០០ (បូនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល​ កាលបើ​អំពើ ហឹង្សា​នោះត្រូវបាន​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ឬ ដោយអនីតិសង្វាសជន របស់ ជនរងគ្រោះ។

ក្នុងច្បាប់ស្តីពី ឯកពន្ធភាព ឆ្នាំ២០០៦ មាត្រា ៧ បានចែងថា ”ត្រូវចាត់ទុកថា​ ផិត គឺការរួមសេវន​កិច្ចរវាង​បុរសដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ពី​មុនមិន​ទាន់រលាយជាមួយស្ត្រីដទៃ​ក្រៅ​ពីប្រពន្ធ​របស់ខ្លួន ឬ ការរួមសេវនកិច្ច​រវាង​ស្រ្តី​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​មិន​ទាន់​រលាយ​ជា​មួយ​បុរស​ដទៃ​ក្រៅ​ពី​ប្តីរបស់​ខ្លួន“។

មាត្រា ១០ នៃច្បាប់ដដែលនេះបានបញ្ញត្តិផងដែរថា ”ជន​ណា​ប្រ​ព្រឹត្តល្មើស​នឹងមាត្រា ៦ និង មាត្រា ៧ នៃច្បាប់នេះ ត្រូវ​ផ្តន្ទាទោសដាក់ព័ន្ធនាគារ​ពី ១ (មួយ)ខែ ដល់ ១ (មួយ) ឆ្នំា និងផ្តន្ទាទោស​ពិន័យជាប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០. ០០០ (មួយលាន) រៀល ឬផ្តន្ទាទោសណាមួយ​នៃទោស​ទាំងពីរ៕ ដោយ៖ ដេលីខ្មែរ សៀមរាប