ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញ និងដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណជាង ៩៦តោន ដែលបានចរាចរនៅលើទីផ្សារ

(រាជធានីភ្នំពេញ)៖ គិតត្រឹមរយៈពេល ៧ខែប៉ុណ្ណោះ ក្នុងឆ្នាំ២០២១នេះ អគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការអង្កេត ស្រាវជ្រាវ និងបង្ក្រាបបានអាល់កុលក្លែងក្លាយ (មេតាណុល) បានជាង ៩៦តោន ដែលឈ្មួញបានដាក់ឱ្យចរាចរក្នុងទីផ្សារ។

ការដាក់លក់អាល់កុលក្លែងក្លាយ (មេតាណុល) ជូនប្រជានពលរដ្ឋសម្រាប់បាញ់សម្លាប់មេរោគ គឺជាការបំពានទាំងស្រុងទៅលើច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងជាពិសេសធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ ទង្វើនេះក៏បានរាំងស្ទះដល់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ ព្រោះអាល់កុលមេតាណុលពុំមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគឡើយ។ មិនតែប៉ុណ្ណោះវានឹងធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ថែមទៀតផង។

អគ្គនាយកដ្ឋាន ក.ប.ប. សង្ឃឹម និងជឿជាក់ថាអាជីវករទាំងអស់នឹងប្រកបអាជីវកម្មរបស់ខ្លួនដោយតម្លាភាព និងសមធម៌ ព្រមទាំងឈរលើស្មារតីសុចរិតភាពនិងការទទួលខុសត្រូវ ដើម្បីប្រទេសកម្ពុជាអាចរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ប្រភព៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​