ខេត្តសៀមរាប ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រង៉ែ ចំណុះឱ្យអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចក្នុងឃ្លាំងទឹកទំនប់៧៨ ក្នុងភូមិសាស្ត្រភូមិតាចក សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប រួចចុះកាប់កម្ទេចចម្រឹង និងដុតកម្ទេចចោលនៅហ្នឹងកន្លែង ។
ហេតុការណ៍ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនោះ ធ្វើឡើងនៅវេលាម៉ោង១៤និង០០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចឃ្លាំងទឹកទំនប់៧៨ ក្នុងភូមិសាស្ត្រសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។
តាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ស្រង៉ែ បានប្រាប់ថា ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត បានឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រង៉ែ ចំណុះឱ្យអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះទៅបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចឃ្លាំងទឹកទំនប់៧៨ ក្នុងភូមិសាស្ត្រសង្កាត់ស្រង៉ែ ក្រុងសៀមរាប ។
ប្រភពបានបន្តថា ជាក់ស្តែង កម្លាំងបានបង្ក្រាប និងបានកាប់បំផ្លាញ ក្បាលអ៊ុយ ចំនួន០៣ក្បាល ចម្រឹងឈើ ចំនួន២១៦ដើម និង កាត់បំផ្លាញស្បៃមុងប្រវែង៧៥០ម៉ែត្រ យកមកដុតកម្ទេចចោល ព្រមទាំងលែងកូនត្រីចម្រុះទៅក្នុងទឹកបឹងធម្មជាតិវិញ ចំនួន១០គីឡូក្រាម ៕