រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជាកំពុងចាប់អារម្មណ៍ និងចង់ដឹងពីផលប្រយោជន៍ដែលកម្ពុជានឹងទទួលបានពីភាគលាភអណ្តូងប្រេងនៅតំបន់ប្លុកAរបស់កម្ពុជា ដែលបានចុះហត្ថលេខារវាងក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន KRISENERGY កាលពីថ្ងៃទី២៣ សីហា កន្លងមកនេះ ។
យោងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍតំបន់ប្រេងកាតប្លុកA របស់ក្រុមហ៊ុនKRISENERGY កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន អត្រាកម្រៃសួយសារ, ពន្ធលើប្រាក់ចំណូល, ពន្ធលើប្រាក់ចំណូលលើសកម្រិត, ពន្ធលើការនាំចេញ, ថ្លៃជួលផ្ទៃដីប្រចាំឆ្នាំ ជាពិសេស រាជរដ្ឋាភិបាលទទួលបានភាគហ៊ុន៥%ពីគម្រោងអភិវឌ្ឍន៍នេះ។
លោក Kelvin Tang នាយកប្រតិបត្តិក្រុមហ៊ុន KRISENERGY Ltd បានលើកឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះថា ការអភិវឌ្ឍអណ្តូងប្រេងប្លុកAនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់សេដ្ឋកិច្ច និងប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់ក្រុមហ៊ុនKRSIENERGYផងដែរ ។ ពាក់ព័ន្ធនឹងការអភិវឌ្ឍដំបូងក្នុងដំណាក់កាល១A រួមមាន តំបន់ក្បាលអណ្តូង ដែលបញ្ជាពីចម្ងាយសម្រាប់ទ្រទ្រង់ដល់អណ្តូងបូមប្រេងចំនួន២៤ នឹងអាចធ្វើការបូមបាន៣ម៉ឺនបារ៉ែលក្នុង១ថ្ងៃ ទៅកាន់នាវាផលិតមួយដែលធ្វើប្រព្រឹត្តកម្មប្រេង នឹងញែកយកឧស្ម័ន ប្រេង និងទឹក ចេញពីគ្នា ។
លោកបន្តថា ភាគលាភដែលបែងចែករវាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតនៅប្លុកAនេះ កម្ពុជានឹងទទួលបានកម្រៃលើសួយសារ១២,៥%នៃផលិតកម្ម, ពន្ធលើប្រាក់ចំណូល២៥% សម្រាប់រយៈពេល៥ឆ្នាំដំបូង រាប់ចាប់ពីឆ្នាំដំបូងដែលមានចំណូលជាប់ពន្ធ និង៣០%សម្រាប់ឆ្នាំបន្តបន្ទាប់ ។ ក្នុងនោះ ចំពោះពន្ធលើប្រាក់ចំណូលលើសកម្រិត និងប្រសិនបើមានប្រាក់ចំណូលលើសកម្រិត នោះពន្ធប្រាក់ចំណូលលើសកម្រិតនឹងត្រូវអនុវត្តបន្ថែមលើប្រាក់ចំណូលលើអត្រាកំណើនតាមថ្នាក់ចាប់ពី១០ទៅ៣០%ផងដែរ ។
ចំណែកពន្ធលើការនាំចេញ ក៏បានកំណត់ក្នុងចំនួន២%, ថ្លៃជួលផ្ទៃដីប្រចាំឆ្នាំ ចំនួន៥០០ដុល្លារក្នុង១គីឡូម៉ែត្រការ៉េ គឺចាប់គិតពីថ្ងៃចូលជាធរមាន រួមជាមួយរាជរដ្ឋាភិបាលទទួលបានភាគហ៊ុន៥% ក្នុងការចូលរួមអភិវឌ្ឍនោះផងដែរ ។
ទាក់ទិននឹងការអភិវឌ្ឍនេះ លោក Kelvin Tang បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនទទួលបានការវិនិយោគលើទំហំផ្ទៃដីធ្វើអាជីវកម្មទំហំ៣.០៨៣គីឡូម៉ែត្រការ៉េ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យធ្វើអាជីវកម្ម មានរយៈពេល២៥ឆ្នាំ គឺចាប់គិតពីថ្ងៃចេញអាជ្ញាប័ណ្ណអនុញ្ញាតផលិតកម្មដំបូងនេះតទៅ ។
លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កម្ពុជាមានទិសដៅច្បាស់លាស់ គឺមិនបណ្តោយខ្លួនឲ្យក្លាយជាប្រទេសដែលពឹងផ្អែកលើចំណូលប្រេងកាត និងឧស្ម័ន ជាចរន្តដង្ហើមស្លាប់រស់នៃសេដ្ឋកិច្ចទេ ប៉ុន្តែនឹងប្រើប្រាស់ចំណូលនេះ រួមចំណែកក្នុងការកែទម្រង់រចនាម្ព័ន្ធសេដ្ឋកិច្ច ដើម្បីធានាចីរភាពកំណើនក្នុងរយៈពេលមធ្យម និងវែងផងដែរ ។
លោកបន្តទៀតថា ៖« កម្ពុជាត្រៀមខ្លួនរួច រាល់ទាំងក្នុងក្របខ័ណ្ឌធនធានមនុស្ស ស្ថាប័ន និងគោលនយោបាយ ដើម្បីបញ្ចៀសនូវបណ្តាសាធនធាន និងជំងឺហូឡង់ (Dutch disease) ដោយបានសិក្សាពីបទពិសោធនន៍ដ៏ជូរចត់កន្លងមករបស់ប្រទេសផលិតប្រេងមួយចំនួន និងបានគិតគូររួចជាស្រេច ដើម្បីប្រែក្លាយចំណូលប្រេងកាតទៅជាកាតលីករពិតប្រាកដមួយ ក្នុងការអភិវឌ្ឍពិពិធកម្ម និងទំនើបកម្មសេដ្ឋកិច្ច ដែលមានវិស័យឧស្សាហកម្ម ដើរតួកាន់តែសំខាន់ឡើង ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ » ។
គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ទិសដៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ និងម៉ោង១២ ក្នុងការបូមយកនូវតំណក់ប្រេងពីប្លុកA ដែលកាលនោះ ទទួលសិទ្ធិរុករកដោយក្រុមហ៊ុនប្រេងយក្សរបស់អាមេរិកChevron ប៉ុន្ដែផែនការនេះត្រូវបានពន្យារពេល ដោយសារតែបញ្ហាបច្ចេកទេស និងកង្វះច្បាប់ផ្សេងក្នុងការគ្រប់គ្រង ។
បើតាមអគ្គនាយករងនៃអគ្គនាយកដ្ឋានប្រេងកាត លោក ជា សុជាតិ តំបន់ប្រេងកាតកម្ពុជាបែងចែកជា២៥ប្លុក គឺតំបន់ដែនគោក១៩ប្លុក និងដែនសមុទ្រ៦ប្លុក ៕