ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទី២៥ ខែសីហា ឆ្នាំ២០២១បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទពាក់ព័ន្ធ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ របស់អង្គភាពក្រោមឱវាទក្រសួង ដែលបានជួបប្រទះក្នុងការអនុវត្តការងាររបស់ខ្លួននាពេលកន្លងមក ដោយផ្តោតជាសំខាន់លើរបៀបវារៈមួយចំនួនរួមមាន៖ របាយការណ៍ស្ដីពីលទ្ធផលសិក្សារបស់និស្សិត វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនសម្រាប់ឆមាសទី១ និងផែនការសម្រាប់ឆមាសទី២ វឌ្ឍនភាពការងារដកពិន្ទុ និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ និងការផាកពិន័យបទល្មើស ចរាចរណ៍ផ្លូវគោក និងការត្រៀមរៀបចំកម្មវិធី MPWT LIVE SHOW លើកដំបូង។
លោកទេសរដ្ឋមន្ត្រី បានលើកអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងការស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយគិតរហូតមកទល់ពេលនេះកម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅបាន ប្រមាណ៩៩% ហើយបន្ថែមពីលើនេះ កម្ពុជាជាប្រទេសទីពីរបន្ទាប់ពីប្រទេសអ៊ីស្រាអែល ដែលបានចាក់ វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ។
ទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ទាំងអស់របស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាពិសេស ថ្នាក់ដឹកនាំក្រសួងពាក់ ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យវិទ្យាស្ថានអាចដំណើរការបានក្នុងរយៈ ពេលខ្លី និងសម្រេចបានសមិទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់ និងបានសម្ដែងនូវការគាំទ្រឱ្យវិទ្យាស្ថានចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន RMA Group សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យ Chang’ An ដែលជាសាលាមួយល្បីនៅប្រទេសចិន និងបានជំរុញឱ្យវិទ្យាស្ថានបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ មហាវិទ្យាល័យធំៗក្នុងពិភពលោក និងដៃគូអភិវឌ្ឍន៍នានាផងដែរ។
ជាមួយគ្នានោះផងដែរទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់អំពីប្រសិទ្ធភាពនៃកម្មវិធីដកពិន្ទុ និង បំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ និងការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលកម្មវិធីនេះមានលក្ខណៈពិសេស ស្គាល់ទម្រង់បណ្ណនានារួមមាន៖ បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរ ត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួង មហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ទើបយើងអាចបន្តជំរុញការងារអភិវឌ្ឍន៍កម្មវិធីដកពិន្ទុ និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ និងការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកនេះ ឱ្យដំណើរទៅមុខបានដោយរលូន។
ទាក់ទងនឹងការត្រៀមរៀបចំកម្មវិធី MPWT LIVE SHOW ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ កម្មវិធីនេះគឺជាការចែករំលែកព័ត៌មានទៅក្នុងសង្គម ជាកម្មវិធីដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធសួរសំណួរនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមជា មតិយោបល់ជាមួយថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធរបស់ក្រសួងក្នុងពេលវេលាជាក់ស្ដែង នៅក្នុងបរិបទនៃការ ប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។
យោងតាមតារាងកាលវិភាគសម្រាប់ប្រចាំឆ្នាំ២០២១នេះ ក្រសួងគ្រោងរៀបចំកម្មវិធី MPWT LIVE SHOWចំនួនប្រាំលើប្រធានបទដូចជា៖ ទី១. សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣ ទី២. ការងារលេខពិសេសផ្ទាល់ខ្លួន ៣. ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៤. ការងារបច្ចេកទេសផ្លូវថ្នល់ និង៥. ការងារវិស័យដឹកជញ្ជូនផ្លូវគោក។
សូមជម្រាបថា៖ ក្រសួងសាធាណការ និងដឹកជញ្ជូន នឹងដំណើរការកម្មវិធី MPWT LIVE SHOW លើកដំបូងរបស់ខ្លួនក្រោមប្រធានបទ៖ “សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ទេស រដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-កូរ៉េ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ តាមគោលការណ៍ឯកភាពពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕