ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ ហ៊ុន សែន ​ជួប​សំណេះសំណាល ជាមួយ​សមាជិក​មូលនិធិ​ស៊ីក្លូ​

ភ្នំពេញ​៖  នៅ​​ព្រឹក ថ្ងៃទី​០៨ ខែមីនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​សមាជិក​នៃ​មូលនិធិ​សមាគម​ស៊ីក្លូ​កម្ពុជា នៅ​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។ ក្រោយបញ្ចាប់​ពិធី​សំណេះសំណាល​ សម្តេច​តេ​ជោ ហ៊ុន សែន និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​អ្នកធ្លាក់​ស៊ីក្លូ ដែលជា​សមាជិក​មូលនិធិ​សមាគម​ត្រីចក្រយាន​កម្ពុជា ឬ​មូលនិធិ​សមាគម​ស៊ីក្លូ ចំនួន ៣២០ នាក់​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​តំណាង​មូលនិធិ​សមាគម​ត្រីចក្រយាន​កម្ពុជា បាន​លើកឡើងថា ចាប់តាំងពី​បង្កើត​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា កាលពី​ខែមករា ឆ្នាំ​២០១៨ សមាគម​មាន​សមាជិក​សកម្ម ៣២៣​រូប តែ​មកដល់ពេលនេះ នៅសល់​សមាជិក​សកម្ម ជា​អ្នកធាក់ស៊ីក្លូ តែ ៣២០ រូប​ទេ ដោយសារតែ​សមាជិក ៣​រូប ស្លាប់ ដោយ​ចាស់ជរា និង​រោគាពាធ​។ នៅ​ឆ្នាំ​២០១៨ មូលនិធិ​ស៊ីក្លូ មាន​ថវិកា​ចំនួន ៥៧០​លាន​រៀល និង ៤៩៩០០០ ដុល្លារ​អាមេរិក​។ ក្នុងនោះ ថវិកា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន ៥០០ លាន​រៀល និង ២៤​ម៉ឺន​ដុល្លារ​។ នៅ​ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្ត​ឧបត្ថម្ភ​ថវិកា​ប្រចាំឆ្នាំ ២៤​ម៉ឺន​ដុល្លារ ព្រមទាំង​សប្បុរសជន​នានា និង​អ្នកឧកញ៉ា​ជាច្រើនរូប​ផ្សេងទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សម្តេច​រៀបចំ​បង្កើត​សមាគម​មូលនិធិ​ស៊ីក្លូ​នេះ មិនមែនជា​ការនឹកឃើញ​មួយ​ឆាវ ដូច​ភ្លើងចំបើង​នោះទេ គឺ​សម្តេច​រៀបចំ​នេះ ក្នុង​គោលដៅ​វែងឆ្ងាយ ហើយ​បន្ត​ឲ្យ​មាន​ជា​និរន្ត ដើម្បី​គាំពារ​ដល់​សមាជិក​មូល​និ​ធិ ជា​កម្មករ​ស៊ីក្លូ​របស់​យើង​។​ បើសម្តេចនៅតែជា​នាយករដ្ឋមន្ត្រី ឬក៏នាយករដ្ឋមន្ត្រី ចេញមកពី​គណបក្ស​ប្រជាជនកម្ពុជា គឺ​មូលនិធិនេះ នៅតែបន្ត​មាន​។

​សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​សំណេះសំណាល និង​ពិសា​បាយ​ជាមួយ​បងប្អូន​ធាក់​ស៊ីក្លូ នៅ​កោះ​ពេជ្រ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ស៊ីក្លូ គឺជា​អត្តសញ្ញាណ​មួយ​របស់​ជាតិ​យើង ដែល​យើង ត្រូវ​នាំគ្នា​ថែរក្សា​កុំអោយ​បាត់បង់​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​ប្រកាស​បើក​ជា​ផ្លូវការ​នូវ “​សមាគម​មូលនិធិ​ត្រីចក្រយាន ឬ​មូលនិធិ​ស៊ីក្លូ​”​។

​មូលនិធិ​ស៊ីក្លូ ចាប់ផ្តើម​ពី​ថវិកា​សប្បុរស ៥០០ លាន​រៀល ដែល​បានទទួល​ពី​សប្បុរសជន​នានា និង​ពាណិជ្ជករ​នៅក្នុង​ប្រទេស​។ សមាជិក​ជា​អ្នកធ្លាក់​ស៊ីក្លូ​ទាំងអស់ នឹង​ទទួលបាន​នូវ​ផលប្រយោជន៍ រួមមាន​៖
១)​ប្រាក់​ជួល​ស៊ីក្លូ ប្រចាំថ្ងៃ ២០០០៛
២) ប្រាក់​អាហារ ៥០០០​រៀល
៣) សេវា​ថែទាំ​សុខភាព និង​ព្យាបាល​ដោយ​ឥត​គិ​ថ្លៃ នៅតាម​មន្ទីរពេទ្យ​រដ្ឋ ដែល​ផ្តល់​ដោយ​មូលនិធិ​សមធម៌​។

​ក្នុង​ពិធី​ជួបជុំ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨ សមាជិក​អ្នកធាក់ស៊ីក្លូ ទាំង ៣០៨ នាក់ ទទួលបាន​ប្រាក់ឧបត្ថម្ភ ៥៧ ម៉ឺន​រៀល ក្នុង​ម្នាក់ (៥០០.០០០៛ ជា​អំណោយ ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង ៧០.០០០៛ ប្រាក់​ពី​មូលនិធិ​) ព្រមទាំង​ភួយ អាវ​រងារ កន្សែង ក្រមា អាវ​ភ្លៀង មុង និង​អង្រឹង​ជ្រលក់​ថ្នាំ​ការពារ​មូស​។

​ក្នុង​កម្មវិធី​ជួបជុំ​លើកដំបូង កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨ មូលនិធិ​ស៊ីក្លូ​សរុប ដែល​ទទួលបាន​ជាបឋម គឺមាន​ប្រាក់​វិភាគទាន​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ៥០០​លាន​រៀល និង​២៤០.០០០ ដុល្លារ ព្រមទាំង​ប្រាក់​សប្បុរជន​ជាង ២០០.០០០ ដុល្លារ​ថែមទៀត​៕​