ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីសេដ្ឋកិច្ចថា វិស័យនគរូបនីយកម្មអាចនឹងធ្លាក់ចុះប្រសិនមិនបានរៀបចំផែនការមេឲ្យបានត្រឹមត្រូវ

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កម្ពុជាចង់កំណត់អាទិភាពនៃការប្រើប្រាស់ហិរញ្ញប្បទានពី ADB ឱ្យកាន់តែច្បាស់លាស់ និងចំទិសដៅ គឺផ្អែកតាមក្របខ័ណ្ឌយុទ្ធសាស្រ្ត ក្របខ័ណ្ឌគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងចក្ខុវិស័យឆ្នាំ២០៣០។

លោកបានមានប្រសាសន៍ទៀតថា ក្រៅពីការគិតគូរលើប្រសិទ្ធភាពនៃការប្រើប្រាស់កម្ពុជាចង់ផ្តោតលើកត្តាចីរភាពនៃគម្រោងថែមទៀត ដើម្បីធានាបានថា ធនធានដែលកម្ពុជាទទួលបានពី ADB, ពិតជាត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ ។

លោកបានលើកឡើងទៀតថា ADB ជាដៃគូវអភិវឌ្ឍន៍ជាច្រើនវិស័យ ក្នុងនោះវិស័យនគរូបនីយកម្ម ជាវិស័យមួយមានអត្រាកំណើនខ្ពស់ និងមានសន្ទុះអភិឌ្ឍន៍លឿន ដូចនេះប្រសិនបើយើងមិនបានធ្វើផែនការអភិវឌ្ឍន៍ឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយទេ យើងនឹងត្រូវទទួលរងការខាត់បង់ធំទៅថ្ងៃក្រោយជាក់ជាមិនខាន។

ការផ្តល់ហិរញ្ញប្បទានពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង ចាំបាច់តម្រូវឱ្យមានផែនការមេអភិវឌ្ឍទីក្រុង ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងផែនការវិនិយោគ។ ក្នុងនោះនៅគ្រប់គម្រោងវិនិយោគទាំងអស់ ត្រូវតែជាគម្រោងដែលអាចធ្វើទៅបាន និងមានចិរភាព ជាពិសេសគឺមានការគិតគូរលើផែនការប្រមូលចំណាយគម្រោងមក ដើម្បីធានាបាននូវយុត្តិធម៌ រវាងអ្នករស់នៅទីក្រុង និងអ្នករស់នៅជនបទ ហើយអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនទូទៅ ។

ចំណែកការវិនិយោគនៅក្នុងវិស័យដឹកជញ្ជូន ក៏ចាំបាច់តម្រូវឱ្យមានផែនការមេនៃវិស័យដឹកជញ្ជូនផងដែរ ប្រសិនបើយើងគ្រប់គ្រង បែងចែក និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវ ថែមទាំងមានអភិបាលកិច្ចទៀតនោះ កម្ពុជានឹងមានអនាគតកាន់តែល្អប្រសើរ។

ពិភាក្សាលើកម្មវិធី គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២០-២០២២ និងពិភាក្សាស៊ីជម្រៅក្នុងភាពជាដៃគូ និងបានផ្តោតទៅលើវិស័យដឹកជញ្ជូន ការអប់រំ និងបណ្តុះបណ្តាលជំនាញ, ការធ្វើផែនការនិងគ្រប់គ្រងនគរូបនីយកម្ម, គ្រប់គ្រងធនធានធម្មាតិ និងកសិកម្ម និងគ្រប់គ្រងវិស័យសាធារណៈ ព្រមទាំងវិស័យហិរញ្ញវត្ថុ។

ចាប់ពីឆ្នាំ១៩៩២ រហូតដល់ខែមករា ឆ្នាំ២០១៩ ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ចំនួន ១៦០ ដែលមានទឹកប្រាក់សរុបប្រមាណ ៣ ១៩៤ លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានប្រមាណ ២ ៧០៤ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងប្រមាណ ៤៩០ លានដុល្លារអាមេរិក៕