ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ និង​អគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូស្តីពី​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) 

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ាន និងសហការី តាមប្រព័ន្ធវីដេអូកាលពី​​ទី០៣ ខែកញ្ញា ឆ្នាំ២០២១នៅទីស្តីការក្រសួងពាណិជ្ជកម្ម​​។​​

ជំនួបពិភាក្សានេះ បានផោ្តតសំខាន់លើវឌ្ឍនភាពនៃដំណើរការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) រវាងអាស៊ាន និងបណ្តាប្រទេសជាភាគីសមាជិក និងជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ និងត្រៀមរៀបចំកិច្ចប្រជុំនានា។
លោក​​រដ្ឋមន្រ្ដី បានជម្រាបជូន លោក​​​អគ្គលេខាធិការអាស៊ាន អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង់ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការ ស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។
ជាមួយគ្នានេះផងដែរ លោក​​រដ្ឋមន្រ្ដី បានជម្រាបជូនអំពីវឌ្ឍនភាពក្នុងការរៀបចំការងារសំខាន់ៗ និង ទិសដៅការងារក្នុងការត្រៀមរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងនោះរួមមាន ការចងក្រងនូវឯកសារគន្លឹះ ស្តីពីសមិទ្ធផលអាទិភាពសេដ្ឋកិច្ចសំខាន់ៗ ជាដើម។
លោក​​មន្រ្តីបានបន្ដថា បច្ចុប្បន្នភាពក្នុងដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) សំដៅឱ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាននៅដើមឆ្នាំ២០២២ ផងដែរ ហើយដើម្បីអាចទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ស្របពេលនឹងការខិតខំស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។
លោក​​អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រយ៉ាងពេញលេញ និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការជួយកម្ពុជាឱ្យទទួលបានជោគជ័យនាពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេសក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២២៕