ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ របស់ក្រសួងពាណិជ្ជកម្ម ជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា តាមប្រព័ន្ធវីដេអូ

(រាជធានីភ្នំពេញ)៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួន ៣ ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (២) សេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង តាមប្រព័ន្ធវីដេអូ ជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា។
ក្នុងនាមតំណាងរាជរដ្ឋាភិបាល លោក​​រដ្ឋមន្រ្តី បានឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងបានជម្រាបអង្គប្រជុំអំពីខ្លឹមសារសំខាន់ៗ ព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនិងច្បាប់ទាំងនេះចូលជាធរមាន និងបានឆ្លើយសំណួរស្វែងយល់បន្ថែមរបស់គណៈកម្មការព្រឹទ្ធសភាយ៉ាងក្បោះក្បាយ ដោយឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបអង្គប្រជុំពីកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការកសាងច្បាប់ និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្មសំដៅធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច ក៏ដូចជាការធ្វើពិពិធកម្មទីផ្សារ និងស្វែងរកទីផ្សារបន្ថែម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ ដើម្បីជំរុញការនាំចេញ ស្របតាមគោលនយោបាយចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាលទ្ធផល បន្ទាប់ពីជជែកពិភាក្សាយ៉ាងផុសផុលរួចមក គណៈកម្មការទី៩នៃព្រឹទ្ធសភាបានអនុម័តយល់ព្រមទាំងស្រុង ដាក់សេចក្តីព្រាងច្បាប់ខាងលើ ដាក់ចូលក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាពេលខាងមុខ ដើម្បីស្នើសុំការអនុម័តយល់ព្រម។
គួរជម្រាបជូនថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា- រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ត្រូវបានរដ្ឋ​សភាអនុម័តយល់ព្រមទាំងស្រុង ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០២១​រួចហើយ៕