ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក​​ ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ របស់ក្រសួងពាណិជ្ជកម្ម ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៧ នីតិកាលទី៤

រាជធានីភ្នំពេញ៖  លោក​​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង កាលពី​​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១អញ្ជើញចូលរួមកិច្ចប្រជុំ​ការពារសេចក្តីព្រាងច្បាប់ចំនួន ៣ ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ​កិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (២) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា លើកទី៧ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
លោក​​​ គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនិងដំណើរការត្រួតពិនិត្យសេចក្តីព្រាងច្បាប់ទាំងបីខាងលើ ហើយបានគូសបញ្ជាក់ថា ការស្នើសុំអនុម័តលើសេចក្តីព្រាងច្បាប់ទាំងបីនេះបានបំពេញត្រឹមត្រូវតាមបទបញ្ញត្តិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃព្រឹទ្ធសភា។
លោក​​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា បានគោរពរាយការណ៍ជូនអង្គប្រជុំ អំកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអន្តរក្រសួង-ស្ថាប័នដឹកនាំដោយក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តនូវគោលនយោបាយ និងអាណត្តិប្រគល់ជូនដោយរាជរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាពកម្ពុជា សំដៅបន្តសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ជាពិសេសក្រោមផ្នែកទី២.២.២ ស្តីពីបរិស្ថានគ្របដណ្តប់សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល នៃចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ខ្លឹមសារ និងអត្ថប្រយោជន៍សំខាន់ៗ រួមមានជាអាទិ៍៖
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)៖ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ ដោយក្នុងនោះមានការចូលរួមពីប្រទេសជាសមាជិកអាស៊នចំនួន ១០ និងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ចំនួន ៥ រួមមាន ចិន ជប៉ុន កូរ៉េ នូវែលហ្សេទ្បង់ និងអូស្រ្តាលី។
អាចឈានដល់បង្កើតបានទីផ្សារចំនួន ២,២ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦,២ទ្រីលានដុល្លាអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។
កិច្ចព្រមព្រៀងអាសិប ជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិសកូវីដ-១៩។
ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូ‍ព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងអាសិបនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន។
២. ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ៖
ការទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ។
ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាល ជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯងឱ្យរឹងមាំក្នុងវិស័យសេវាកម្មនាពេលអនាគត។
ផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន។
ការទទួលបានផលប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ហើយក៏ជាកត្តាដ៏សំខាន់ចូលរួមពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក។
ការកំណត់ឱ្យកាន់តែច្បាស់នូវរាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញ គយនិងសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។
ការរៀបចំ និងការបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសជាដើម។
៣. ច្បាប់ស្តីពីការប្រកួតប្រជែង៖
ការពារនឹងលើកទឹកចិត្តដល់ពាណិជ្ជករឱ្យធ្វើការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគ ក៏ដូចជាការបង្កើតធុរកិច្ចថ្មីៗឱ្យបានច្រើន។
ការពារសេដ្ឋកិច្ចជាតិពីផលប៉ះពាល់ដែលបណ្ដាលមកពីការព្រមព្រៀងមិនស្របច្បាប់ សកម្មភាពបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ និងការរួមបញ្ចូលគ្នានៃធុរកិច្ចទាំងឡាយណាដែលមាន ឬអាចមានអានុភាពរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារ។
ការពារសុខុមាលភាពអ្នកប្រើប្រាស់ឱ្យទទួលបានទំនិញ និងសេវាមានគុណភាពខ្ពស់ ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។
បន្ថែមលើនេះទៅទៀត ការអនុម័តច្បាប់ស្តីពីការប្រកួតប្រជែងរបស់កម្ពុជានឹងបំពេញកាតព្វកិច្ចអន្តរជាតិសំខាន់ៗចំនួន២ គឺទី១ ការបង្កើតច្បាប់ ស្តីពីការប្រកួតប្រជែង នេះជាផ្នែកមួយនៃការសន្យារ (Commitment) របស់កម្ពុជា នៅពេលចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងទី២ បណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ បានបេ្តជា្ញចិត្តដាក់ចេញនូវគោលនយោបាយប្រកួតប្រជែងនៅឆ្នាំ២០១៥ ក្រោមផែនការលម្អិតរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។
ជាលទ្ធផល ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក អង្គប្រជុំបានអនុម័តយល់ព្រមដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (២) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង។
លោករដ្ឋមន្ត្រី ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំទាំងមូលដែលបានអនុម័តយល់ព្រម និងសង្ឃឹមយ៉ាងមុតមាំថា ច្បាប់ទាំងបីនេះនឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង ជាពិសេសនិងចូលរួមយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ច-សង្គមក្នុងវិបត្តិកូវីដ-១៩ នេះ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនផងដែរថា រាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ នឹងប្តេជ្ញាសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក៏ដូចជាវិស័យឯកជនឱ្យបានជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តនិងទាញយកប្រយោ​ជន៍ពីកិច្ចព្រមព្រៀងនិងច្បាប់ទាំងបីនេះ ឱ្យបានជាអតិបរិមា និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្កើតការងារនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕