ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្ក្រីក្រសួងរុក្ខាប្រម៉ាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Walter Ruck នាយកសភាពាណិជ្ជកម្មអូទ្រីស តំណាងឲ្យក្រុមហ៊ុនជាង ១០០.០០០ ក្រុមហ៊ុន និងជាអនុ ប្រធានក្រុមបេសកកម្មស្ថានទូតនៃសាធារណរដ្ឋអូទ្រីសប្រចាំទីក្រុងបាងកក ។ បានពិភាក្សាការងារសំខាន់ៗទាក់ទងនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ និងការរៀបចំគម្រោងគាំទ្រផ្នែកកម្ចីឥណទានក្នុងវិស័យកសិកម្មមកភាគីកម្ពុជា។
លោករដ្ឋមន្ត្រីវេង សាខុន បានបញ្ជាក់ប្រាប់ភ្ញៀវអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា វឌ្ឍនភាព និងឱកាសក្នុងការពិនិត្យ ពិចារណា និងសម្រេចចិត្តធ្វើការវិនិយោគលើវិស័យនានានៅពេលអនាគត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយសារប្រទេសអូទ្រីជាសមាជិកនៃសហភាពអឺរ៉ុប ហើយប្រជាជនអូទ្រីសកន្លងមកតាមរយ:ស្ថានទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួយឧបត្ថមគាំទ្រក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។
មរដ្ឋមន្ត្រីបានស្នើសុំឲ្យរដ្ឋាភិបាលអូទ្រីសបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍប្រទេស ជាពិសេសអភិវឌ្ឍវិស័យកសិកម្ម ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០។ ជាពិសេសវិស័យកសិកម្ម ដូចជាផលិតកម្មស្រូវ ពោត ស្វាយ ស្វាយចន្ទី ដំឡូង និងវារីវប្បកម្មផ្សេងៗទៀត។
លោក Walter Ruck បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះគឺបង្កើនកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម ដោយផ្តោចជាសំខាន់លើផលិតផលកសិកម្ម និងជាពិសេសការរៀបចំគម្រោងគាំទ្រផ្នែកកម្ចីឥណទានសម្រាប់ទិញសម្ភារៈកសិកម្មពីប្រទេសអូទ្រីស។
លោក Walter Ruck បានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើវិស័យកសិកម្មនៅកម្ពុជាគឺមានលក្ខណអំណោយផលល្អ និងមានសក្តានុពលខ្ពស់សម្រាប់ធ្វើការវិនិយោគ ដូច្នេះលោកជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀតនាពេលអនាគត៕