ភ្នំពេញ៖ លោក មូន ចេអ៊ីន (Moon Jae-in) ជាប្រធានាធិបតីកូរ៉េខាងត្បូង (ទី៣ )បានមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០១៩។ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានមកទស្សនកិច្ចនៅកម្ពុជា ២លើក រួចមកហើយ បន្ទាប់ពីកូរ៉េ-កម្ពុជា បង្កើតទំនាក់ទំនងការទូតឡើងវិញ ចាប់តាំងពីឆ្នាំ១៩៩៧។
កាលពីឆ្នាំ២០០៦ លោក រូ មូយុន ( Roh Moo-hyun ) ប្រធានាធិបតីកូរ៉េ បានមកបំពេញទស្សនកិច្ច នៅកម្ពុជា ហើយនៅឆ្នាំ២០០៩ លោក លី ម្យុងបាក់ (Lee Myung-Bak) ក៏បានធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជាផងដែរ។
កម្ពុជា ស្ថិតក្នុងចំណោមប្រទេសនៅអាស៊ាន ចំនួន ៣ ដែលលោកប្រធានាធិបតី មូន ចេអ៊ីន បានជ្រើសរើស មកបំពេញទស្សនកិច្ច នៅដើមឆ្នាំ២០១៩នេះ រួមមាន៖ កម្ពុជា ព្រុយណេ និងម៉ាឡេស៊ី។
ក្រសួងការបរទេសកម្ពុជា បានប្រកាសថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក មូន ចេអ៊ីន នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តាមសេចក្តីប្រកាស លោកប្រធានាធិបតី មូន ចេអ៊ីន និងសម្តេចតេជោនាយករដ្ឋមន្រី្ត ហ៊ុន សែន នឹងពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្នា។
ក្រសួងការបរទេស បន្តថា លោកប្រធានាធិបតី មូន ចេអ៊ីន និងសម្តេចតេជោហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឲ្យមានការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េ បានបង្កើតទំនាក់ទំនងការទូតឡើងវិញ កាលពីឆ្នាំ១៩៩៧។ នៅឆ្នាំ២០១៨ ទំហំនៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានសម្រេច ៩៧៥ លានដុល្លារសហរដ្ឋអាមេរិក គឺកើនឡើងជិត ២០ដង ធៀបនឹងឆ្នាំ១៩៩៧។ ក្នុងឆ្នាំ២០១៩នេះ កម្ពុជា-កូរ៉េ រំពឹងថា កំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងក្នុងទំហំលើស ១.០០០ លានដុល្លារ។
សព្វថ្ងៃ មានសហគ្រាសកូរ៉េចំនួនប្រមាណជា ២០០សហគ្រាស ដែលបានបណ្តាក់ទុននៅកម្ពុជា។ រីឯប្រជាជនកូរ៉េ ចូលចិត្តទីកន្លែងរមណីយដ្ឋានទេសចរណ៍ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយនៅកម្ពុជាចំនួនភ្ញៀវទេសចរកូរ៉េ ទទួលបានចំណាត់ថ្នាក់លេខ៤។
ដោយឡែក នាពេលសព្វថ្ងៃ ប្រជាជនកម្ពុជា រស់នៅក្នុងប្រទេសកូរ៉េ មានប្រមាណ ៤៥.០០០ នាក់។ រីឯជនជាតិកូរ៉េ រស់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ ១៥.០០០នាក់។ ក្នុងនោះ ប្រជាជនកម្ពុជាជិត ៤ម៉ឺននាក់ ( ពលករកម្ពុជា ) កំពុងតែចូលរួមចំណែកក្នុងវិស័យសេដ្ឋកិច្ចកូរ៉េ ដោយធ្វើការនៅក្នុងប្រទេសកូរ៉េ តាមរយៈប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) ដែលផ្តល់ប្រសិទ្ធភាពឈ្នះ-ឈ្នះ លើវិស័យសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ៕