លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបានថ្លែងនូវសុទិដ្ឋិនិយមថា ចំពោះការចាប់ដៃគូរវិនិយោគនិងក្រុមហ៊ុនកូរ៉េខាងត្បូង ហើយការលើកឡើង នេះ ស្របពេលដំណើរទស្សនកិច្ច៣ថ្ងៃរបស់ប្រធានាធិបតីកូរ៉េ លោក មូន ចេអ៊ីនមកកាន់កម្ពុជាពីថ្ងៃ ទី១៤ដល់ថ្ងៃទី១៦មិនានេះ។
លោកឧកញ៉ាតែ តាំងប៉ បានបញ្ជាក់ថា ចំពោះសហគ្រាសក្នុងស្រុកនិងក្នុងនាមលោកជវិស័យឯកជនគឺដំណើរទស្សនកិច្ចប្រធានាធិបតីកូរ៉េខាងត្បូង នេះផ្តល់ផលល្អ សម្រាប់ការវិនិយោគនៅកម្ពុជាហើយជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យមនឹងទទួលបានផលចំណេញច្រើន។
អ្នកវិនិយោគខាងលើបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្តានុពលច្រើន ជាពិសេស សហគ្រាសធុនតូចនិងមធ្យមតែម្តងហើយពេលនេះវិនិយោគិនកម្ពុជានឹងអាចចាប់ដៃគូរវិនិយោគកែច្នៃវត្ថុធាតុដើមស្រុកដើម្បីកាត់បន្ថយការនាំចេញរូបិយបណ្ណរបស់ជាតិទៅក្រៅប្រទេស។
លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺជាឱកាសល្អនិងជាកិត្តិយសចំពោះកម្ពុជា ដែលប្រទេសមានសេដ្ឋកិច្ចធំក្នុងតំបន់អាស៊ីរួចមកចាប់អារម្មណ៍ប្រទេសកម្ពុជា ហើយខាងសភាពាណិជ្ជកម្មកម្ពុជានឹងចូលរួមក្នុងកិច្ចប្រជុំធុរកិច្ចនិងកូរ៉េ ដើម្បីបង្ហាញពីសក្តានុពលការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោកឧកញ៉ាបានថ្លែងទៀតថា កន្លងមកមានក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើនបានវិនិយោគនៅកម្ពុជាហើយកម្ពុជាមានធនធានធម្មជាតិជាច្រើនក្នុងប្រទេស ដែលកូរ៉េអាចមានការវិនិយោគលើវិស័យទេសចរណ៍ ឆ្នេរសមុទ្រ វិស័យកសិកម្ម ធនធានរ៉ែ និងវិស័យឧស្សាហកម្មនឹងអាចឈានដល់ការធ្វើអាជីវកម្មជំរុញ ដល់ការនាំចេញផងដែរ។
លើសពីនេះអ្នកវិនិយោគខាងលើបានសំណូមពរដល់វិនយោគិនជាតិនិងអន្តរជាតិ ដែលមានបំណងចង់វិនិយោគនៅកម្ពុជាបើចង់បានឱកាសវិនិយោគនោះអាចទាក់ទងមកកាន់សភាពាណិជ្ជកម្ម ដើម្បីអាចរកដៃគួរវិនិយោគនិងធ្វើពាណិជ្ជកម្មជាមួយគ្នា។
សម្រាប់ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានងប្រទេសកូរ៉េខាងត្បូងមានទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨ និងប្រទេសទាំងពីរគ្រោងពង្រីកទំហំពាណិជ្ជកម្មឲ្យបាន ២ពាន់លានដុល្លារនៅឆ្នាំ២០២០។
ប្រទេសកូរ៉េខាងត្បូងបាននាំចូលមកកម្ពុជាក្នុងរង្វង់ ៧០% ហើយកម្ពុជានាំចេញទៅកូរ៉េវិញមានប្រមាណ៣០%ទេ ដែលធ្វើឲ្យជញ្ជីងពាណិជ្ជកម្មទ្វេភាគីមិនមានតុល្យភាព៕