ខេត្តស្វាយរៀង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀងសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលទំនិញ នៅក្នុងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ការត្រួតពិនិត្យទំនិញក្នុងផ្សារជីភូពេលនេះក្នុងគោលបំណងស្រាវជ្រាវដើម្បីទប់ស្កាត់ការចរាចរទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។
សកម្មភាពនេះ មន្ត្រីជំនាញបានប្រើប្រាស់ឧបករណ៍ Test Kits ធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ១៤ មុខរួមមាន៖ ណែម ប្រហិតត្រី បាញ់កាញ់ សរសៃគុយទាវ ត្រីងៀត ជ្រក់សណ្តែកបណ្តុះ ជ្រក់ត្រសក់ ជ្រក់ស្ពៃ ជ្រក់ឆាយថៅ បង្កង មឹក ឡុងកុង ប៉ោម និងទំពាំងបាយជូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលធ្វើប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
មន្ត្រីដដែលបានបញ្ជាក់ថា ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញពុំបានរកឃើញភាពមិនប្រក្រតីនៅលើគំរូទាំងនោះឡើយ។ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕