ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ​ពិភពលោក​ទី​១ ​បានទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ​គ្រើ​ក​

​ភ្នំពេញ​៖  សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ ពី​សាកលវិទ្យាល័យ​គ្រើ​ក (Krirk University) ដ៏​ល្បី​ នៅ​ប្រទេស​ថៃ​។

ពិធី​ប្រគល់ និង​ទទួល​សញ្ញាបត្រ​នេះ បានធ្វើ​ឡើង នៅ​វិមាន​សន្តិភាព ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។ ក្នុង​ពិធី​នេះមាន​វត្តមាន​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ​។​

​សាកលវិទ្យាល័យ​គ្រើ​ក (Krirk University) គឺជា​សាកលវិទ្យាល័យ​ដ៏​ល្បាញ​ល្បី​មួយ នៅក្នុង​ប្រទេស​ថៃ ដែលមាន​អាយុកាល ៦៧​ឆ្នាំ​ហើយ​។

​ប្រធាន​ក្រុមប្រឹក្សា​សាកលវិទ្យាល័យ​គ្រើ​ក បាន​លើកឡើងថា សម្តេច​តេ​ជោ ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ​ពិភពលោក​ទី​១ ដែល​បានទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ​គ្រើ​ក​។ ការប្រគល់​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស ផ្នែក​ទំនាក់ទំនង​នយោបាយ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​រឿង​ស័ក្តិសម​បំផុត ដោយសារតែ​សម្តេច​តេ​ជោ បាន​ប្រើប្រាស់​សិល្បៈ និង​វិទ្យាសាស្ត្រ​ផ្នែក​ទំនាក់ទំនង​នយោបាយ ក្នុងការ​គ្រប់គ្រង​ប្រជាជន​កម្ពុជា អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​បាន​ដឹកនាំ​ប្រជាជាតិ​ឆ្ពោះ​ទៅដល់​វិបុលភាព និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​ពិភពលោក​។​

​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​​ថ្លែងអំណរគុណ​ដល់​សាកលវិទ្យាល័យ​គ្រើ​ក ដែល​បាន​សិក្សា​ស្រាវជ្រាវ អំពី​ប្រវត្តិ​នៃ​ការតស៊ូ​រំដោះជាតិ និង​ប្រជាជន ព្រមទាំង​សមិទ្ធិផល​ជាច្រើន ដែល​សម្តេច​សម្រេចបាន ដោយ​ជោគជ័យ​ជូន​ជាតិ​មាតុភូមិ ជាពិសេស​ការដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ ដើម្បី​បញ្ចប់​សង្គ្រាមរុាំរ៉ៃ​ជា​ស្ថាពរ ធ្វើ​ឲ្យ​កម្ពុ​ជាមាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​គ្រប់​វិស័យ រហូតមកដល់​បច្ចុប្បន្ន​នេះ​។

​សម្តេច​តេ​ជោ បញ្ជាក់​បន្ថែមថា «​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ ដែល​បានផ្តល់​រូបខ្ញុំ​នាឱកាស​នេះ គឺ​ពិត​ជាមាន​អត្ថន័យ​ដល់​រូបខ្ញុំ និង​ប្រជាជន​កម្ពុជា​។ កម្ពុជា​ទើបតែ​ទទួលបាន​សុខសន្តិភាព រយៈពេល ២០​ឆ្នាំ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ជា​ថ្ងៃ​ចុងក្រោយ ដែល​សង្គ្រាមរ៉ាំរ៉ៃ ត្រូវ​បានបញ្ចប់​ទាំងស្រុង តាមរយៈ​ការអនុវត្ត​នូវ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​សម្រេចបាន​ដោយ​កម្ពុជា​ខ្លួនឯង​ផ្ទាល់ ដោយ​គ្មាន​ការបង្ហូរ​ឈាម គ្មាន​ការប្រើ​អាវុធ និង​ដោយ​គ្មាន​ការបង្គាប់បញ្ជា​ពី​ខាងក្រៅ ហើយ​កម្ពុជា​បាន​រួបរួមគ្នា​ជា​ធ្លុង​មួយ មានការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី​ពេញលេញ​ជា​ប្រវត្តិសាស្ត្រ លើកដំបូង​បំផុត ដែល​កម្ពុជា​ពុំ​ធ្លាប់មាន​អស់​រយៈកាល​ជាង ៥០០ ឆ្នាំកន្លងមក​»៕​