ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានស្នេីកម្ពុជា​រៀបចំបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ

ភ្នំពេញ​៖​ ក្នុងជំនួបពិភាក្សាគ្នាជាមួយ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃនាថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០២១​នេះ លោក​ Nguyen Minh Vu បានអបអរសាទរដល់កម្ពុជាយកឈ្នះលើជំងឺកូវីដ-១៩​ យ៉ាងធំធេង ខណៈវៀតណាម​ កំពុងតែមានការប្រឈមកាន់តែខ្លាំងឡើងដដែល។

លោក​ Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានស្នេីកម្ពុជា​រៀបចំបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ​ ព្រមទាំង​ពិភាក្សាគ្នារវាងប្រទេសទាំងពីរ​ ដើម្បីតំឡេីងច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត។

លោក​បានលើកឡើងថា វៀតណាមស្នើដល់ភាគីកម្ពុជា ជួយពិនិត្យលទ្ធភាពរៀបចំបើកនូវច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ដែលមានច្រកទ្វារព្រំដែនមួយចំនួនមិនទាន់បានបើកដំណើរការនៅឡើយ ហើយក៏ដូចជាស្នើឱ្យមានការពិនិត្យ និងពិភាក្សាគ្នារវាងប្រទេសទាំងពីរ ដើម្បីរៀបចំឱ្យមានការតម្លើងនូវច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត ព្រមទាំងស្នើឱ្យកម្ពុជាសហការរួមគ្នារៀបចំកិច្ចការងារពាក់ព័ន្ធមួយចំនួននៅតាមខ្សែបន្ទាប់ព្រំដែននៃប្រទេសទាំងពីរ ធ្វើយ៉ាងណាឱ្យព្រំ ដែននៃប្រទេសទាំងពីរមានស្ថេរភាពជានិរន្ត៍។

ជាការឆ្លើយតបសន្តិបណ្ឌិត សុខ ផល ទទួលយកសំណើរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ហើយពិនិត្យមើល និងប្រជុំពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាពិនិត្យ និងសម្រេចបន្តទៀតផងដែរ។

សន្តិបណ្ឌិតមានប្រសាសន៍ទៀតថា ក្នុងនាមក្រសួងមហាផ្ទៃនិងពិនិត្យមើលឡើងវិញដើម្បីរៀបចំការងារបើកច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ ដើម្បីជួយ សម្រួលដល់ការរស់នៅ និងទំនាក់ទំនងដោះដូរទំនិញរបស់ប្រទេសក៏ដូចជាពលរដ្ឋទាំងពីរមានភាពល្អប្រសើរឡើងវិញ។

លើសពីនេះសន្តិបណ្ឌិតរដ្ឋលេខាធិការ​បានបន្ថែមថា​ ស្ថានភាពនៃប្រទេសកម្ពុជាបច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងតែបើកដំណើរការប្រទេសឡើងវិញស្ទើរទាំង ស្រុង បន្ទាបពីកម្ពុជាមានស្ថានភាពធូរស្រាលដែលបានទប់ស្កាត់ជំងឺរាតត្បា តកូវីដ-១៩បានជោគជ័យ។

ជាមួយគ្នានិងការបើកប្រទេសឱ្យដំណើរការឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ និងពិនិត្យមើលឡើងវិញនូវទំនាក់ទំនង ក៏ដូចជាកិច្ចស ហប្រតិបត្តិការនានា ជាមួយប្រទេសវៀតណាមបន្តទៀត ជាពិសេសការងារ បើកច្រកព្រំដែនរវាងប្រទេសទាំងពីរឱ្យដំណើរការឡើងវីញផងដែរ៕