(ភ្នំពេញ)៖រដ្ឋលេខាធិការ តឹករ៉េត កំរង តំណាងរដ្ឋមន្រ្តីក្រសួងពាណិ ជ្ជកម្ម ប៉ាន សូរស័ក្ដិ នៅថ្ងៃទី១ខែធ្នូនេះ បាននទទួលជួបសំណេះសំណាលជាមួយ គណៈ ប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលដឹកនាំដោយ ឧកញ៉ា កែវ ម៉ុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងស្ថាបនិកក្រុមហ៊ុនលីលី។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានទទួលស្វាគមន៍គណៈប្រតិភូសមាគមស ហគ្រិនស្ត្រីកម្ពុជាយ៉ាងរាក់ទាក់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច សង្គម និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលកន្លងមក ជាពិសេសជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈការលើកឡើងនូវសំណូមពរមតិយោបល់ល្អៗ ដែលបម្រើប្រយោជន៍ដល់សមាគមធុរកិច្ច កែលម្អបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា យោងតាមរបាយការណ៍ធនាគារពិភពលោកសម្រាប់ខែធ្នូឆ្នាំ២០២១ កម្ពុជាត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ២.២% នៅឆ្នាំ២០២១ និងច្រើនជាង ៥% នៅឆ្នាំ២០២៣។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងរយៈពេល០៩ខែ ឆ្នាំ២០២១ សម្រេចបានប្រមាណ ៣៣,៤ ប៊ីលានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណ ២៦%។
ក្នុងជំនួបនោះដែរឧកញ៉ាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានជម្រាបជូនអំពីសាវតា និងរចនាសម្ព័ន្ធនៃសមាគម ព្រមទាំងការបោះពុម្ពផ្សាយសៀវភៅស ដែលបានបញ្ចូលនូវបញ្ហាប្រឈមនានា ដែលតម្រូវឱ្យមានការចូលរួមដោះស្រាយពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានបញ្ហាសំខាន់ៗចំនួន ០៣ ដូចជា (១)បញ្ហាការបើកច្រកទីផ្សារ (២)ឱកាសទទួលបានហិរញ្ញប្បទាន និង(៣)ការបណ្តុះបណ្តាលជំនាញឌីជីថល។
ឧកញ៉ាក៏បានស្នើសុំនូវទិន្នន័យអ្នកផលិត និងផលិតផលពីក្រសួងពាណិជ្ជកម្ម ដើម្បីដាក់បញ្ចូលក្នុងសៀវភៅសនោះ និងជួយជំរុញការផ្សព្វផ្សាយពីផលិតផលខ្មែរ។
រដ្ឋលេខាធិការ បានទទួលយកនូវសំណូមពរដែលបានលើកឡើង និងបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិ ជ្ជកម្មជាសេនាធិការ ក្នុងការគាំទ្រដល់សហគ្រាសខ្នាតមីក្រូតូចនិងមធ្យម (MSMEs)ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការរៀបចំច្បាប់និងបទបញ្ញត្តិថ្មីៗនិងការបើកច្រកទីផ្សារ។
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគីតំបន់និងទ្វេភាគី ដែលកម្ពុជាសម្រេចបាន។បន្ថែមពីនោះ ក្រសួងបាននឹងកំពុងពង្រឹងកិច្ចការបណ្តុះបណ្តាល និងកសាងសមត្ថភាពដល់អ្នកពាក់ព័ន្ធជាពិសេសស្រ្តីនៅក្នុងវិស័យធុរកិច្ច និងកំពុងខិតខំជំរុញសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
រដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
ក្រសួងពាណិជ្ជកម្មបានត្រៀមខ្លួនរួចជាសេ្រចក្នុងការសហការគាំទ្រដល់សហ គ្រិន ជំរុញនិងពង្រីកការធ្វើធុរកិច្ចរបស់សហគ្រិនស្រ្តី ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច៕