ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ «ទិវានយោបាយឈ្នះឈ្នះ» ថ្ងៃទី២៩ ខែធ្នូទៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកទេ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិនៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលចំខួបលើកទី២៣ឆ្នាំ នៃថ្ងៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩ធ្នូ​ ឆ្នាំ១៩៩៨ -​ ២៩ធ្នូ​ ខែ២០២១)។
នៅថ្ងៃខួបលើកទី២៣ នៃការដាក់ចេញនយោបាយឈ្នះឈ្នះនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យពិនិត្យដាក់ «ទិវានយោបាយឈ្នះឈ្នះ» ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកទេ។ សម្តេចតេជោបានថ្លែងថា រឿងសន្តិភាព មិនមែនសម្រាប់តែគណបក្សប្រជាជនកម្ពុជាទេ គឺសម្រាប់ប្រជាជាតិទាំងមូល និងប្រជាជនទាំងអស់គ្នា។
សម្តេចតេជោបានរំលឹកថា ថ្ងៃនេះម៉ោងនេះកាលពី២៣ឆ្នាំមុនសម្តេចកំពុងបញ្ជាឧទ្ធម្ភាគចក្រ២គ្រឿងដើម្បីដឹក ខៀវ សំផន មកចរចានៅផ្ទះរបស់សម្តេចនៅក្រុងតាខ្មៅ ដើម្បីចរចាបញ្ចប់សង្គ្រាម តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះនោះ។
សម្តេចតេជោបានប្រសាសន៍ថា ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មិនមែនទទួលបានដោយចៃដន្យនោះទេ គឺជាការប្រទានដោយព្រះមហាក្សត្រ ដោយសម្តេចបានបង្កើតកងទ័ពដើម្បីរំដោះប្រជាពលរដ្ឋខ្មែរពីរបបខ្មែរក្រហម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មីនៃអគាររដ្ឋបាល និងសាលប្រជុំ នៃក្រសួងការពារជាតិដែលត្រូវបានសាងសង់ថ្មី និងបានសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធក្នុងការសាងសង់អគារថ្មីរបស់ក្រសួងការពារជាតិ ទាំងរដ្ឋ និងឯកជន ក៏ដូចសាធារណៈរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋសង្គមនិយមវៀតណាមជាដើម។
តាមការស្នើសុំរបស់សម្ដេចពិជ័យសេនាទៀ បាញ់ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជាពិនិត្យលទ្ធភាពលុបបំណុលអគ្គិសនី ដែលមានជាង២ លានដុល្លាររបស់ក្រសួងការពារជាតិ ដែលបានប្រើប្រាស់នាពេលកន្លងមក។
សម្តេចតេជោបានថ្លែងថា កន្លងមកនៅរាជធានីភ្នំពេញមានតម្រូវការអគ្គិសនី៣០មេហ្គាវ៉ាត់ ប៉ុន្តែពេលនេះមិនមែនត្រឹមប៉ុណ្ណឹងទៀតទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ ត្រូវចេះសន្សំសំចៃ ចំពោះការប្រើប្រាស់អគ្គិសនីផងដែរ។
សម្តេចតេជោបានថ្លែងថា កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល មិនអាចអព្យាក្រឹត្យរវាង រដ្ឋាភិបាល និង បក្សនយោបាយបានទេ។ នរណាក៏ដោយដែលធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែចាត់វិធានការភ្លាម។
សម្តេចតេជោ បានប្រាប់ទៅដល់អនុព័ន្ធយោធាទាំងអស់ថា កម្ពុជាមិនបណ្តែតបណ្តោយឱ្យនរណាធ្វើបដិវត្តន៍ពណ៌ នៅលើដែនដីដ៏កំសត់របស់កម្ពុជានោះទេ។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងការពារជាតិ ក្នុងការកសាងអគារនេះ និងបានជូនពរឲ្យកងកម្លាំង ប្រដាប់អាវុធ និងមន្ត្រីនៃក្រសួងការពារជាតិទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងបានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីនេះ ចាប់ពីពេលនេះតទៅ។
ក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃ និងសប្បុរសជនដែលបានចូលរួមក្នុងការកសាងសមិទ្ធផលនានារបស់ក្រសួងនាពេលកន្លងមកផងដែរ៕