(រាជធានីភ្នំពេញ)៖ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជានារសៀលថ្ងៃសៅរ៍ទី១៥ ខែសីហា ឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធីកិច្ចពិភាក្សាស្តីពី «ការជំរុញការប្រកួតប្រជែងរបស់ឧស្សាហកម្មកម្ពុជា៖ ជំរុញនវានុវត្តន៍ ការអភិវឌ្ឍប្រកបដោយចីរភាព និងការផលិតឆ្លាតវៃ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងនៅថ្នាក់តំបន់ និងសកល»។
កម្មវិធីនេះត្រូវបានសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន Yorker Trade & Marketing Service Co., Ltd. ក្នុងគោលបំណងបង្កើតវេទិកាសម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា។
កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស រួមមាន ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា និងលោកជំទាវ ឧកញ៉ា បណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្របសម្រួលដោយ លោក កែវ វាសនា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ និងសហប្រតិបត្តិការនិងជាលេខាធិការ នៃគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ)។
ជាមួយគ្នានេះ ក៏មានការចូលរួមពីសមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា តំណាងវិស័យឯកជន វិនិយោគិន ធុរជន និងភ្ញៀវកិត្តិយសជាច្រើនរូប។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់វេទិកាសម្រាប់ពិភាក្សា និងស្វែងរកទស្សនៈរួមលើ ការបង្កើនផលិតភាពឧស្សាហកម្មកម្ពុជា ការឆ្លើយតបទៅនឹងតម្រូវការទីផ្សារអន្តរជាតិ និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជាក្នុងខ្សែចង្វាក់ផលិតកម្មសកល តាមរយៈការជំរុញនវានុវត្តន៍ ការអនុវត្តបច្ចេកវិទ្យាទំនើប ការអភិវឌ្ឍប្រកបដោយចីរភាព និងការផលិតឆ្លាតវៃ។














