ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងកសិក្ម​ សម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូនិងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិក្ម​បាន​អញ្ជើញ​ សម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលបន្លែសុវត្ថិ​ភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារការអនុ​វត្តកសិកម្មល្អកម្ពុជា (CamGAP) នៅ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋមន្ត្រី វេង សាខុន និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកឧកញ៉ា តំណាងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម សមាគមចុងភៅ សមាគមភោជនីយដ្ឋាន សមាគមសណ្ឋាគារ សម្ព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុនបច្ចេកទេសប្រព័ន្ធស្រោចស្រព្វ និងវិស័យធនាគារ គម្រោងគាំទ្រជាដៃគូ (Harvest II, ASPIRE, Chain, BFP, AIMS, CAVAC) អ្នកបោះដុំ និងអ្នកលក់រាយតាមផ្សារទំនើប មន្រ្តីជំនាញ បងប្អូនតំណាងកសិករដាំបន្លែនៅទូទាំងប្រទេស។
លោក​ ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានកសិកម្ម បានរាយការណ៍ជូនអង្គពិធីជ្រាបពីសមិទ្ធផលសំខាន់ៗទាក់ទងនឹងផលិតកម្មបន្លែដែលអគ្គនាយកដ្ឋានកសិកម្មសម្រេចបាន ដោយមានកិច្ចសហការជាមួយក្រុម ហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម។ល។
ក្នុងគោលបំណងលើកកម្ពស់ផលិតភាពផលិតកម្មបន្លែ ធានាបាននូវបរិមាណ គុណភាព សុវត្ថិភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ចឈានឆ្ពោះទៅកាន់ភាពជាម្ចាស់ក្នុងការផលិតនិងផ្គង់ផ្គង់បន្លែឲ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។
លោក ឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុនត្រូភីខេម ហ្វ៊ុត អេន វេជីថេប៊ិ ល ឯ.​បាន​លើកឡើងថា មជ្ឈមណ្ឌលនេះ បានបោះទុនវិនិយោគជា៣ ដំណាក់កាល៖ ទី១- ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវ ទឹក អគ្គិសនី ទី២- ការសាងសង់ និងដំឡើងផ្ទះសំណាញ់ ថ្នាលបណ្តុះ កូនបន្លែ និងប្រតិបត្តិការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និង ទី៣- ការសាងសង់ទីតាំងលាងសម្អាត វេចខ្ចប់ និងរក្សាទុកបន្លែក្នុងទូត្រជាក់។

មជ្ឈមណ្ឌលនេះមានតួនាទី ៖ ១- ជំរុញការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងចាប់ដៃគូជាមួយកសិករ សហគមន៍កសិកម្ម និងបណ្ដុំក្រុមផលិត តាមរយៈកិច្ចសន្យាកសិកម្ម ដោយក្រុមហ៊ុនផ្តល់ធាតុចូលកសិកម្ម និងបច្ចេកទេស ព្រមទាំងប្រមូលទិញបន្លែទាំងអស់ត្រឡប់មកវិញ ២- ធ្វើការលាងសម្អាត វេចខ្ចប់ រក្សាទុកបន្លែដែលប្រមូលបានទាំងនៅក្នុងមជ្ឈមណ្ឌល និងតាមកិច្ចសន្យាកសិកម្មជាមួយកសិករគោលដៅតាមខេត្ត។
ទី៣- ដឹកជញ្ជូនបន្លែសុវត្ថិភាព តាមរថយន្តត្រជាក់ ដាក់តាមផ្សារទំនើបតូច-ធំ និងគេហដ្ឋាន ៤- ធ្វើផែនការទីផ្សារជាក់លាក់ ផ្សារភ្ជាប់ជាមួយផ្សារទំនើប ម៉ាតតូចៗ និងទីផ្សារទៀត ៥- ប្រែក្លាយមជ្ឈមណ្ឌលនេះជា កន្លែងបង្ហាញ ពិសោធន៍ស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសទំនើបបែបពាណិជ្ជកម្មដល់សាធារណជ ជាពិសេសភាគីពាក់ព័ន្ធនឹងអនុវិស័យបន្លែ និង៦-រៀបចំផែនការបង្កើតផ្សារបោះដុំនៅកម្ពុជាបន្ទាប់ពីបន្លែសុវត្ថិភាពមានគុណភាព និងបរិមាណគ្រប់គ្រាន់បំពេញតម្រូវការក្នុងស្រុក ព្រមទាំងទទួលបានការគាំទ្រពីអតិថិជនតាមការបញ្ជាក់ទទួលស្គាល់ជាបន្លែសុវត្ថិភាព។
លោក​​​រដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលអគ្គនាយ​ក​ដ្ឋានកសិកម្មសម្រេចបាន ដូចអ្វីដែល លោក​​ ងិន ឆាយ បានរាយការណ៍ជូនជ្រាបខាងដើម និងលោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន លោក លូ ម៉េង តំណាងសហព័ន្ធទេសចរណ៍កម្ពុជា និងលោក Arnaud Darc តំណាងសមាគមភោជនីយដ្ឋានកម្ពុជា ដែលបានបង្ហាញពីមោទនភាពឆន្ទ:គាំទ្រ និងលើកទឹកចិត្តធ្វើយ៉ាងណាឲ្យមជ្ឈមណ្ឌលបន្លែសុវត្ថិ​ភាពគំរូនិងការបង្កើតភាពជាដៃគូដើម្បីជំរុញខ្សែច្រវាក់តម្លៃបន្លែតាម CamGAP ដំណើរការទៅដោយរលូន និងសម្រេចបានជោគជ័យ។
លោក​​រដ្ឋមន្ត្រីបានបន្តថា ព្រឹត្តិការណ៍នាពេលនេះ គឺពិតជាឆ្លើយតបទៅនឹងអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីរួមចំណែកបង្កើនផលិតភាព ពិពិធភាវូប​នីយកម្ម និងពាណិជួបនីយកម្មកសិកម្មនៅកម្ពុជា។
បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈថវិកាកម្មវិធីរដ្ឋ និងគម្រោងដៃគូមួយចំនួន បាននិងកំពុងជំរុញលើកទឹកចិត្តកសិករឱ្យផលិតបន្ថែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូល និងដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក។
ឆ្លើយតបតាមការចង់បាន គិតត្រឹមខែធ្នូ ឆ្នាំ២០២១កម្ពុជាមានសហគមន៍កសិកម្មចំនួន ១ ២១៧ និងសមាជិកសរុប ចំនួន ១៥៥ ៨៥៩នាក់ដើមទុនសរុបចំនួន១០២ ៣៩០ ០៥៥ ៧៦៧ រៀល និងបានបង្កើតនិងចុះបញ្ជីសហភាពសហគមន៍កសិកម្មចំនួន ១៥ ដែលមានសមាជិកសរុបចំនួន ២៧៦មានដើមទុនសរុបចំនួន ៣ ៣៨២ ៩៩៧ ៣៤៣ រៀលដែល​សហ​គមន៍កសិកម្មទាំងនោះពិតណាស់បាននិងកំពុងដើរតួនាទីផលិតបន្លែសុវត្ថិភាពបន្លែសរីរាង្គ ផ្លែឈើ ចិញ្ចឹមសត្វនិងចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក តាមរយ:ការអនុវត្តតាមបច្ចេកទេសកសិកម្មទំនើបដោយប្រើប្រាស់ផ្ទះសំណាញ់ និងHydroponic។

រីឯការចុះកិច្ចសន្យាផលិតកម្មកសិកម្មរវាងកសិករ សហគមន៍កសិកម្មនិងវិស័យឯកជនមានចំនួនកើនឡើង ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២១ កសិករដែលទទួ លបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ CamGAP មានចំនួន ៣០៩ចម្ការ/កសិដ្ឋាន ដែលបានអនុវត្តតាមបទ​ដ្ឋាន​បច្ចេកទេសទទួលបានទិន្នផលខ្ពស់ប្រកបដោយគុណភាព និងសុវត្ថិភាព។
លោក​​រដ្ឋមន្ត្រីបានលើកឡើងថា កង្វះបរិមាណបន្លែសុវត្ថិភាពសម្រាប់ផ្គត់ ផ្គងឲ្យទីផ្សារក្នុងស្រុក​នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន ផ្នែសាធារណៈ ផ្នែកឯកជន និងផ្នែកអ្នកផលិត ត្រូវតែរួមសហការគ្នាដើម្បីដោះស្រាយបញ្ហានេះ ឆ្លើយតបទៅ​នឹងតម្រូវការរបស់អ្នកបរិភោគនាពេលបច្ចុប្បន្ន និងអនាគត។
ក្នុងនាមឲ្យក្រសួង និងក្នុងនាមខ្លួនលោកផ្ទាល់ លោកបានគាំទ្រ និងលើកទឹកចិត្ត និងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងអស់ ដែលមានបំណងវិនិយោគក្នុងវិស័យ​សាក​វប្បកម្ម ជាពិសេសនៅក្នុងខ្សែច្រវាក់តម្លៃដំណាំបន្លែសុវត្ថិភាព ដើម្បីជំរុញផលិតកម្មមួយនេះ ឱ្យបានកាន់តែរីកចម្រើនសំដៅឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ដោយត្រូវជំរុញឲ្យអនុវត្ត CamGAP និង CamOrg។
ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារ CamGAP និងជាពិសេសទិសដៅអនុវត្តបន្តដើម្បីអភិវឌ្ឍវិស័យ​សាកវប្បកម្ម (បន្លែ) ឲ្យស្របតាមស្តង់ដារគុណភាព និងសុវត្ថិភាព លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញខ្សែច្រវាក់តម្លៃ ឱ្យមានវិសាលភាពកាន់តែទូលំទូលាយឆ្លើយតប ទៅនឹងបម្រែបម្រួលអាកាសធាតុ និងបរិយាប័ន។
សូមជម្រាបជូនថា កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុននេះបានចុះMOUជាមួ​យ​​អគ្គនាយកដ្ឋានកសិកម្ម ស្ដីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ ដោយប្រើប្រាស់ដីទំហំ៦ហិកតា នៅក្នុងបរិវេណស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ផ្ទៃដីផលិតកម្មដំណាំបន្លែបានកើនឡើងប្រមាណពី ៥១ ៣៣៨ហ.ត នៅឆ្នាំ២០១៤ ដល់ ៦៩ ៨៥០ហ.ត នៅឆ្នាំ២០២១ និងបរិមាណផលបន្លែសរុបបានកើនជិតទ្វេដងពី ៤១៥ ២៣៩តោន នៅឆ្នាំ២០​១៤ ដល់ ៨១០ ០៦៤ តោន នៅឆ្នាំ២០២១ ដោយឡែកទិន្នផលបន្លែក៏បានកើនឡើងពីប្រមាណ ៨តោន/ហ.ត នៅឆ្នាំ២០១៤ ដល់ប្រមាណជាង១២តោន/ហ.ត នៅឆ្នាំ២០២១ នេះ។