លោកកែវ រតនៈ បានបញ្ជាក់ថា នៅកម្ពុជាយើង នៅពាក់កណ្តាលខែមេសាខាងមុខ នឹងមានអគ្គិសនីបន្ថែម ២០មេហ្គាវ៉ាត់ ចេញពីរោងចក្រផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ នៅត្មាតពង ក្នុងខេត្តកំពង់ស្ពឺ ជិតរាជធានីភ្នំពេញ។ នៅចុងខែកញ្ញាឆ្នាំនេះ រោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម ដែលកំពុងសាងសង់ ២ឆ្នាំមកហើយ នឹងដំណើរការ។ ដូច្នេះនៅចុងឆ្នាំ២០១៩ នេះ យើងសល់ភ្លើងវិញទេ។
សូមរម្លឹកថា ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០១៩នេះ នៅទូទាំងប្រទេសកម្ពុជាយើង ខ្វះថាមពលអគ្គិសនី ៤០០ មេហ្គាវ៉ាត់ ដោយសារអាកាសធាតុក្តៅហួតហែង ធ្វើឲ្យទឹកនៅតាមវារីអគ្គិសនីទាំងអស់ ទូទាំងប្រទេស បានរីងស្ងួត មិនអាចផលិតថាមពលអគ្គិសនី តាមតម្រូវការបានឡើយ។
កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ អគ្គិសនីកម្ពុជា EDC បានប្រកាសថា ប្រទេសថៃ បានជួយបង្កើនការផ្គត់ផ្គង់អគ្គិសនីបន្ថែមដល់ប្រទេសកម្ពុជាយើង ចំនួន ៨០ មេហ្គាវ៉ាត់ ពីប្រទេសឡាវបន្ថែម ១០ មេហ្គាវ៉ាត់ និងប្រទេសវៀតណាម បានជួយរក្សាការផ្គត់ផ្គង់អគ្គិសនីឲ្យនៅដដែល។
ទោះបីយ៉ាងនេះក៏ដោយ អគ្គិសនីកម្ពុជា បានប្រកាសថា យើងនៅមានកង្វះថាមពលប្រមាណ ១៣% ដែលតម្រូវឲ្យអគ្គិសនីកម្ពុជា ធ្វើការកាត់បន្ថយការផ្គត់ផ្គង់ខ្លះ រហូតរដូវវស្សាមកដល់។ ការកាត់បន្ថយការផ្គត់ផ្គង់នេះ ធ្វើឡើងនៅពេលថ្ងៃ តាមកន្លែងឆ្លាស់គ្នា ដើម្បីរក្សាការផ្គត់ផ្គង់នៅពេលយប់ ដែលជាពេលប្រជាពលរដ្ឋ ត្រូវការប្រើប្រាស់ចាំបាច់។
ជាមួយគ្នានោះ អគ្គិសនីកម្ពុជា ក៏បានលើកឡើងថា ការផ្គត់ផ្គង់ថាមពលអគ្គិសនី នៅពេលថ្ងៃ សម្រាប់ដំណើរការផ្នែកឧស្សាហកម្ម ការកិនស្រូវអង្ករសម្រាប់នាំចេញ មន្ទីរពេទ្យ រដ្ឋាករទឹក ស្ថានទូត និងស្ថាប័នរាជរដ្ឋាភិបាល មិនត្រូវបានកាត់ផ្តាច់អគ្គិសនី ក្នុងអំឡុងពេលខ្វះថាមពលអគ្គិសនី ដែលនឹងអូសបន្លាយរហូតដល់ចុងខែឧសភានេះទេ៕