ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឆមាសទី១ឆ្នាំ២០២១ការវិនិយោ​គរបស់ចិននៅកម្ពុជាបន្តឈរនៅលំ​ដាប់​ទី១ ហើយទំហំពាណជ្ជកម្មទ្វេភាគីសម្រេចបាន៥ ​ពាន់លានដុល្លារ កើនឡើង៣​១%

(ភ្នំពេញ)៖ យោងតាម​ដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាស​​អញ្ជើញចូលរួមអមសម្ដេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីអបអរសាទរការចូលកាន់តំណែងសមាជិកអាណត្តិទី២ នៃសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជាបានបង្ហាញថា ​​គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ការវិនិយោ​គរបស់ចិននៅកម្ពុជាបន្តឈរនៅលំ​ដាប់​ទី១ ហើយទំហំពាណជ្ជកម្មទ្វេភាគីសម្រេចបាន៥​ពាន់លានដុល្លារ កើនឡើង៣​១ភា​គរយ​បើធៀបនឹងឆ្នាំ២០២០។
ក្នុងនោះ ខេត្តជាំងស៊ូគឺជាខេត្តមួយរបស់ចិនដែលមានទំនាក់ទំនងល្អជាមួយខេត្តព្រះសីហនុរបស់កម្ពុជា ហើយកម្ពុជាក៏បាននិងកំពុងខិតខំប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតពីខេត្តជាំងស៊ូ និងពីតំបន់ផ្សេងៗទៀតនៅប្រទេស​ចិនព្រមទាំងបណ្ដាប្រទេសនានាលើពិភពលោកផងដែរ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាន ថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះស្មារតី និងសកម្មភាពរបស់សមាគមសហគ្រាសជាំងស៊ូកន្លងមក ចំពោះការរួមចំណែកយ៉ាងច្រើនក្នុងសកម្មភាពមនុស្សធម៌ និងការជួយគាំទ្រដល់ការងារសង្គមនៅកម្ពុ​ជា តាមរយៈការកៀរ​គរ​ជំនួយសម្ភារៈ ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសចូលរួមក្នុងការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា សមាគមសហគ្រិនចិនជាំងស៊ូ នៅកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការនៅកម្ពុជានាថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ដើម្បីទាក់ទាញអ្នកវិនិយោគពាណិជ្ជករ អាជីវករ និងអ្នកទេសចរណ៍ មកពីខេត្តជាំងស៊ូកាន់តែច្រើនថែមទៀត ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច កម្ពុជា ក៏ដូចជារួមចំណែកពង្រឹងពង្រីកមិត្ដភាពកម្ពុជា​-ចិន ផងដែរ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១មករានេះ បានសម្ដែងការកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសហគ្រាសជាំងស៊ូ នៅកម្ពុជា ដែលបានផ្ដួចផ្ដើម និងបង្រួ​បបង្រួមសហគ្រិន អ្នកជំនាញ បញ្ញវន្ត និងនិស្សិតមកពីខេត្តជាំងស៊ូចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមនៃប្រទេស​ទាំងពីរ កម្ពុជា-ចិន។ សម្ដេចក៏បង្ហាញក្ដីសង្ឃឹមថា នៅអាណត្តិ​ទី២នេះ សមាគមនឹងដើរតួនាទីកាន់តែសកម្មបន្ថែមទៀត ដើម្បីប្រយោជន៍ប្រទេសទាំងពីរ។
រាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តខិតខំប្ដេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សាបរិយាកាសនយោ​បាយ សន្តិសុខ និងស្ថេរភាពជាតិឱ្យបានរឹងមាំង ដើម្បីបង្កលក្ខណៈងាយស្រួលដល់បរិយា​កាសធុរកិច្ចនៅកម្ពុជា សំ​ដៅ​រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នយោបាយ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ជាក់ស្ដែងក្រសួងមហាផ្ទៃកម្ពុជា មានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងសន្តិសុខ​សាធា​​រ​ណៈចិន និងបានចុះហត្ថលេខាលើផែនការការងារដើម្បីបន្តអនុវត្តការងារនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ កាលពីខែកញ្ញាឆ្នាំ២០២១កន្លងទៅ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានកាន់តែល្អប្រសើរ ជាពិសេសរួមចំណែកសម្រេចឱ្យបាននូវទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣។