ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងកាលពីថ្ងៃទី១០ខែមករាពីខេត្តបាត់ដំបង-សិរីសោភ័ណនេះថា ទាក់ទងទៅនឹងដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោទៅមីយ៉ានម៉ា កាលពីពេលថ្មីៗនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍អរគុណដល់ជប៉ុន ដែលបានប្រកាសគាំទ្រដំណើររបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា។
សម្តេចតេជោបានថ្លែងថា លទ្ធផលនៃដំណើររបស់សម្តេចទៅមីយ៉ាន់ម៉ាមាន៣ គឺការពន្យារពេលបទឈប់បាញ់ ការផ្តល់ជំនួយ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ា។
សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា« អាស៊ាន នឹងខិតខំក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ សម្តេចតេជោបន្តថា បញ្ហាមីយ៉ាន់ម៉ា មិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ាននោះទេ វានឹងបន្តទៅដល់ឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ានទៀត»។
ប្រមុខដឹកនាំកម្ពុជាលើកឡើថា សកម្មភាពនេះមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានោះទេ តែជាការជួយសម្របសម្រួល។ សម្តេចតេជោបានថ្លែងថា លោក មីង អោងឡាំង បានបើកចិត្តទូលាយឱ្យចែកជំនួយមនុស្សធម៌ទៅគ្រប់ភាគី រួមទាំងអ្នកប្រឆាំងលោកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា« ការធ្វើឱ្យមានបទឈប់បាញ់ និងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋ គឺកិច្ចការចាំបាច់មុនឈានដល់ការសន្ទនាជាមួយអ្នកពាក់ព័ន្ធ ដែលធ្វើដោយប្រេសិតអាស៊ាន»។