ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទល្មើសនាំឈើប្រណីតបានចរាចរណ៍ឡើងវិញហើយ តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ក្រោមការគ្រប់គ្រងរបស់លោក កែវ តាយ នាយរងប៉ុស្ដិ៍ស្ដីទី

រតន:គិរី៖ បទល្មើសនាំឈើប្រណីតបានចរាចរណ៍ឡើងវិញ នៅដើមឆ្នាំ២០២២នេះ តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ក្រោមការគ្រប់គ្រងរបស់លោកវរសេនីយ៍ឯក កែវ តាយ នាយរងប៉ុស្ដិ៍ស្ដីទី និងជាប្រធានគោលដៅត្រួតពិនិត្យបារាស់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវនៃខេត្តរតនគិរី។

យោងតាមព័ត៌មានច្បាស់ការណ៍ពីមន្ត្រីមួយចំនួននៅខេត្តរតនគិរី ដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ពាក់ព័ន្ធឈ្មួញរកស៊ីរត់ពន្ធឈើឆ្លងដែន តាមច្រកអន្តរជាតិ អូរយ៉ាដាវ ចូលទៅទឹកដីវៀតណាម គឺមេឈ្មួញឈ្មោះ មករា និងឈ្មោះ ហូវ ជឺវ៉ៃ ដែលជាដៃគូរកស៊ីឈើខុសច្បាប់។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ មានរថយន្តសាំងយុងដឹងឈើប្រណីតឆ្លងដែន ចូលទៅទឹកដីវៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ យ៉ាងតិចប្រាំពីរគ្រឿង និងបន្តចេញហូរហែជារៀងរាល់ថ្ងៃ។

សេចក្តីរាយការណ៍ដដែល បានបញ្ជាក់ថា កម្មភាពដឹកឈើចេញដោយខុសច្បាប់នេះ គ្មានការត្រួតពិនិត្យ ឬទប់ស្កាត់ពីសំណាក់មន្ត្រីជំនាញសោះឡើយ ជាពិសេស លោក កែវ តាយ នាយរងប៉ុស្តិ៍ស្ដីទី និងជាប្រធានត្រួតពិនិត្យបារាស់ និងមន្ត្រីប្រចាំកានៅច្រកអន្តរជាតិ អូរយ៉ាដាវនៃខេត្តរតនគិរី ទាំងនេះសបញ្ជាក់យ៉ាងច្បាស់ នូវអំពើពុករលួយគប់គិតគ្នារវាងអ្នកគ្រប់គ្រងបារាស់ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ និងមេឈ្មួញឈើមានឈ្មោះ មករា និងគូកន ដែលជាមេឈ្មួញចាស់វស្សាប្រចាំខេត្តរតនគិរី។

ចំណែកប្រភពផ្សេងទៀតបានឲ្យដឹងទៀតថា ពាក់ព័ន្ធករណីរត់ពន្ធឈើចូលទៅទឹកដីវៀតណាម តាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ជាបន្តបន្ទាប់នេះ អ្នកសារព័ត៌មានប្រចាំខេត្តរតនគិរីមួយចំនួនមិនហ៊ានចេញផ្សាយឡើយ ដោយសារខ្លាចការគំរាមកំហែងពីអ្នកមានអំណាចនៅក្នុងខេត្តនេះ ដែលបានប្រមានចាប់ដាក់គុក៕