(ឌុយបៃ សហភាពអារ៉ាប់រួម)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ-ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា ក្នុងឋានៈជាអគ្គស្នងការរបស់កម្ពុជា សម្រាប់ពិព័រណ៍ពិភពលោក ២០២០ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីក្រុង ឌុយបៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមទស្សនាពន្លាជាតិមួយចំនួន តាមការអញ្ជើញ និងការសម្ដែងការគួរសម ក្នុងឱកាសដែលកម្ពុជាចូលរួមអបអរសាទរពិធីប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ។
ពន្លាជាតិទាំងនោះរួមមាន៖ ពន្លាជាតិសហភាពអារ៉ាប់រួម ពន្លាជាតិជប៉ុន ពន្លាជាតិរុស្ស៊ី ពន្លាជាតិចិន និងពន្លាជាតិ DP WORLD។
លោករដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី លោកបណ្ឌិត ថានីប៊ីន អាម៉េដ អាល់ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម គណៈកម្មការពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ និងនាយកគ្រប់គ្រងនៃពន្លាជាតិនីមួយៗ។
ក្នុងអំឡុងទស្សនកិច្ចនេះ ប្រទេសជប៉ុន បានលើកឡើងអំពីការត្រៀមលក្ខណៈរបស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។ ចំណែកឯ ប្រទេសរុស្ស៊ីវិញ បានលើកឡើងអំពីគម្រោងត្រៀមលក្ខណៈរៀបចំរបស់ខ្លួន ក្នុងនាមជាបេក្ខជនមួយនៃសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ (BIE) ចូលរួមក្នុងការបោះឆ្នោតជ្រើសរើសម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក សម្រាប់ឆ្នាំ២០៣០។
បន្ទាប់ពីបានទន្សនាពន្លាជាតិទាំងនោះរួចមក លោករដ្ឋមន្រ្តីបានថ្លែងការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំរចនាពន្លាជាតិនៃប្រទេសនីមួយៗ ប្រកបដោយគុណភាព និងស្តង់ដារ ដោយមានការតុបតែងតាមលក្ខណៈទំនើប ទាន់សម័យ និងបានឆ្លុះបង្ហាញពីគ្រប់ទិដ្ឋភាពទាំងអស់នៃការអភិវឌ្ឍលើគ្រប់វិស័យរបស់បណ្តាប្រទេសនីមួយៗ។
ជាមួយគ្នានេះលោករដ្ឋមន្រ្តីបានធ្វើការកត់សម្គាល់ និងផ្ដល់អនុសាសន៍ណែនាំមួយចំនួនដល់មន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចការពិព័រណ៍កម្រិតអន្តរជាតិ និងពិភពលោក ឱ្យសិក្សាស្វែងយល់បន្ថែមពីបទពិសោធន៍ និងបច្ចេកទេសតុបតែងរចនារបស់ប្រទេសនីមួយៗ ដើម្បីរៀបចំពន្លាជាតិកម្ពុជាឱ្យកាន់តែមានភាពស្រស់ស្អាត គុណភាពខ្ពស់ ប្រកដោយស្តង់ដារ និងទាក់ទាញសម្រាប់ពិព័រណ៍ពិភពលោកក្រោយៗទៀត៕