ភ្នំពេញ៖ សម្តេចតេជាហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយលុយ ១៥លានដុល្លារអាមេរិក ដើម្បីទិញរថពាសដែក ឲ្យកងទ័ពមួកខៀវកម្ពុជា កំពុងបំពេញបេសកកម្មនៅប្រទេសម៉ាលី។
សម្តេច មានប្រសាសន៍បែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួន ១,២៤៥នាក់ នៅវិទ្យស្ថានជាតិអប់រំ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «បន្ទាប់ពីសោកនាដកម្មលើកងទ័ពយើង នៅអាហ្វ្រិកកណ្តាល ខ្ញុំបានស្នើឲ្យពង្រឹងសុវត្ថិភាព ទៅលើបញ្ហាទាន់ទិនទៅនឹងសមត្ថភាពរបស់សេនាធិការ និងបញ្ជាការរបស់អង្គការសហប្រជាជាតិ នៅតាមកន្លែងនានា ព្រោះការរៀបចំកម្លាំងខ្លះ យើងមើលទៅ គឺថា វាចាញ់ប្រៀបគេតែម្តង។ នេះវាមិនមែនមកពីទាហានរបស់យើងទេ គឺមកពីសមត្ថភាពរបស់សេនាធិការរបស់អង្គការសហប្រជាជាតិ។ អីចឹងឥឡូវនេះ បានជាយើងមាននាយទាហានរបស់យើង នៅតាមទីកន្លែងខ្លះ»។
សម្តេច បានបញ្ជាក់ថា «អាទិត្យមុននេះ បានចុះហត្ថលេខាបញ្ចេញប្រាក់ ១៥ លានដុល្លារអាមេរិក ព្រោះអង្គការសហប្រជាជាតិ តម្រូវការឲ្យបំពាក់មធ្យោបាយ ដូចជារថពាសដែកទៅកាន់ប្រទេសម៉ាលី។ ពីមុន កម្ពុជាថាស្នើសុំឲ្យអង្គការសហប្រជាជាតិ។ ប៉ុន្តែឥឡូវអង្គការសហប្រជាជាតិ កំពុងជួបវិបត្តិថវិកាទៀត។ អីចឹងបន្ទុកនេះ យើងមិនដកកងទ័ពរបស់យើងចេញ ដោយខ្វះការទទួលខុសត្រូវទេ ហើយយើងក៏មិនទុកឲ្យកងទ័ពរបស់យើង ដៃទទេដែរ ត្រូវមានរថពាសដែកការពារខ្លួន។ អីចឹង បានចុះហត្ថលេខា ដើម្បីបញ្ចេញថវិកា សម្រាប់ការទិញនូវរថពាសដែក បញ្ជូនទៅប្រទេសម៉ាលី។ មិនមែនគ្រាន់តែដោះស្រាយក្នុងស្រុកទេ អាវុធយុទ្ធភ័ណ្ឌសម្រាប់ការពារប្រទេស។ ឥឡូវនេះ អង្គការសហប្រជាជាតិ មានតម្រូវការ ហើយយើងត្រូវតែចូលរួម»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «គ្រាន់តែចំណុចមួយនេះ អាចបង្ហាញថា កម្ពុជាបានចូលរួមនៅក្នុងការរក្សាសន្តិភាពរបស់ពិភពលោក ហើយដែលសមត្ថភាពរបស់ទាហានកម្ពុជា មិនអន់នោះទេ។ កន្លងទៅ យើងទើបទទួលទាហានវិលត្រលប់មកពីលីបង់។ ចំណុចនេះ បានបង្ហាញថា កម្ពុជា មិនត្រឹមតែដោះស្រាយបញ្ហាផ្ទាល់ខ្លួនទេ យើងត្រូវមានការរួមចំណែក ហើយយើងក៏ត្រូវការមានការប្រកួតប្រជែងទៅលើបញ្ហាសមត្ថភាព ដើម្បីដោះស្រាយរកការងារធ្វើ»៕