ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការសម្រេចកាត់ទោស ថោង សារ៉ាត់ និងអង្គរក្ស៤នាក់ជាប់គុក១ជីវិត ពីបទសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ

ភ្នំពេញ៖ ដូចការគ្រោងទុក នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ តុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមសំណុំរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់ត៍ត្បូងពេជ្រ ដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទ ៤នាក់ឲ្យជាប់គុកអស់មួយជីវិត។ 

បន្ទាប់ពីលោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ អានសាលក្រមផ្តន្ទាទោស ជនជាប់ចោទ និងគ្រួសារស្រែកឡាំប៉ាទ្រហ៊ោយំពេញសាលសវនាការ។

ខណៈក្រុមគ្រួសារជនជាប់ចោទកំពុងតែស្រែកតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំបពេញ ព្រោះពួកគាត់យល់ថា សាលក្រមរបស់តុលាការមិនផ្តល់ភាពយុត្តិធម៌ដល់ជនជាប់ចផទដែលជាអ្នកសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ។

សូមជម្រាបជូនថា សំណុំរឿងឃាតកម្មមួយនេះមានជនជាប់ចោទចំនួន ៤នាក់រួមមានឈ្មោះ ថោង សារ៉ាត់ ថៅកែក្រុមហ៊ុន ៩៩៩ និងអង្គរក្សឈ្មោះ សៀង វាសនា ,ឈ្មោះ កូយ ចាន់ថុល ,ឈ្មោះ មាស សម្បត្តិ និងឈ្មោះ ឈុន ចិត្រា ដែលត្រូវតុលាការចោទថា ក្រុមឃាតករសម្លាប់ជនរងគ្រោះ។

សូមបញ្ជាក់ជូនថា នៅគ្រប់សវនាការកន្លងមកទាំងជនជាប់ចោទ (អង្គរក្សថោងសារ៉ាត់) និងសាក្សីដោះបន្ទុកជាច្រើននាក់ ដែលជាប់សាច់ឈាមជាមួយជនជាប់ចោទសុទ្ធតែអះអាងថា ជនជាប់ចោទមិនបាន ប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការឡើយ។ ចំណែកជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ មិនដែលបានចូលឆ្លើយនៅក្នុងសវនាការនោះទេដោយប្រើហេតុផលថាមានជំងឺធ្ងន់ធ្ងរ ហើយឲ្យមេធាវីជាតំណាងចូលរួមសវនាការ និងឆ្លើយដោះសារជំនួស។

ប្រភពពីមន្ត្រីពន្ធនាគារព្រៃស បានអះអាងថា ចាប់តាំងពីត្រូវតុលាការចេញដីកាបង្គាប់ឃុំខ្លួនមក ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ ដេកគុកមិនបានមួយសប្តាហ៍ផង ពោលគឺត្រូវទៅសម្រាកក្នុងបន្ទប់ VIP នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី)នៅក្បែរគម្រោងខុនដូរបស់ខ្លួន ក្រោមហេតុផលថាមានជំងឺ។

នៅអំឡុងខែមេសា ឆ្នាំ២០១៧ ជនជាប់ចោទ ថោង សារ៉ាត់ បានផ្លាស់ទៅសម្រាកព្យាបាលជំងឺនៅមន្ទីរព្រះសង្ឃ (ពេទ្យលោកសង្ឃ) ហើយប៉ុន្មានថ្ងៃមុននេះ ថោង សារ៉ាត់ បានប្តូរទៅសម្រាកនៅមន្ទីរពេទ្យរុស្ស៊ីវិញ មុនពេលតុលាការប្រកាសសាលក្រមសំណុំរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ។

គួររំលឹកថា ជនរងគ្រោះលោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ង់ត៍ត្បូងពេជ្រ ត្រូវឃាតករបាញ់សម្លាប់​ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខហាងលក់ផ្លែឈើយីហោ​ ឡោតិចសេង​ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

បន្ទាប់ពីបើកការស្រាវជ្រាវ និងស៊ើបអង្កេតសមត្ថកិច្ចបានឃាត់ខ្លួនជនជាច់ចោទឈ្មោះ ថោង សារ៉ាត់ និងអង្គរក្សចំនួន ៥នាក់ បញ្ជូនទៅតុលាការ ប៉ុន្តែក្រោយមកអង្គរក្សម្នាក់ឈ្មោះ លី សៅ ដែលនគរបាលអះអាងថា ជាជនដៃដល់ បានស្លាប់នៅក្នុងពន្ធនាគារ៕