អន្តរជាតិ:នៅពេលនេះ មន្ត្រីយោធាប្រទេសអ៊ុយក្រែន បានស្នើសុំជំនួយយោធា រួមទាំងប្រព័ន្ធការពារដែនអាកាសរឹងមាំ ដើម្បីប្រឆាំងនឹងការលុកលុយដ៏មានសក្តានុពលរបស់ប្រទេសរុស្ស៊ី ហើយបានចោទប្រកាន់ទីក្រុងម៉ូស្គូថាកំពុងធ្វើសង្រ្គាមព័ត៌មានដ៏មានឥទ្ធិ ។
លោក Oleksandr Pavliukឧត្តមសេនីយយោធាអ៊ុយក្រែន បាននិយាយថា ប្រព័ន្ធការពារដែនអាកាសគឺចាំបាច់ ព្រោះគោលបំណងចម្បងក្នុងការវាយប្រហាររបស់រុស្ស៊ី គឺដែនអាកាស និងមីស៊ីល ។
លោក Oleksandr បាននិយាយបែបនេះក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Avdiivkaស្ថិតក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ដែលជាសមរភូមិធំក្នុងអំឡុងជម្លោះឆ្នាំ ២០១៤ ដើម្បីពិនិត្យកងទ័ពរួមគ្នាជាមួយអនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Hanna Maliar ។
ដំណើរទស្សនកិច្ចរបស់លោក Oleksandr ទៅកាន់តំបនក្តៅ បញ្ជាក់យ៉ាងច្បាស់ថា នៅពេលនេះអ៊ុយក្រែន មានការប្រុងខ្លួនខ្ពស់ក្នុងការប្រឈមជាមួយរុស្ស៊ី តែត្រង់ចំណុចថាតើទីក្រុងម៉ូស្គូ នឹងឈ្លានអ៊ុយក្រែនពេលណានោះ គេនៅមិនទាន់ដឹងច្បាស់នោះទេ ថ្វីត្បិតតែអាមេរិក អះអាងថា ស្រួលមិនស្រួល ២៤ម៉ោងទៀត រុស្ស៊ីអាចនឹងឈ្លានពានដណ្តើមយកទីក្រុងកៀវក៏ដោយ ។
មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយថា អ៊ុយក្រែននឹងធ្វើសមយុទ្ធនៅជិតព្រំដែនរុស្ស៊ី និងបេឡារូស ដើម្បីឆ្លើយតបទៅនឹងការបង្កើនកងទ័ព របស់ទីក្រុងម៉ូស្គូ ។
ខណៈនោះដែរ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ជាមួយនឹងកងទ័ពជាង ១សែននាក់ នៅជិតព្រំដែនភាគខាងកើត និងខាងជើងអ៊ុយក្រែន ការគំរាមឈ្លានពានរបស់រុស្ស៊ី គឺធ្ងន់ធ្ងរជាងអ្វីដែលបានកើតមានឡើងក្នុងអំឡុងរយៈពេលប៉ុន្មានឆ្នាំនៃការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាមគាំទ្រដោយ រុស្ស៊ី និងកងកម្លាំងអ៊ុយក្រែន ។
ដោយឡែក ក្បួនដឹកជញ្ជូនដំបូងសម្ភារៈយោធារបស់សហរដ្ឋអាមេរិក បានមកដល់ប្រទេសរូម៉ានី កាលពីល្ងាចថ្ងៃពុធ ។ ទាហានអាមេរិកប្រមាណ ១ពាន់នាក់នឹងត្រូវបានដាក់ពង្រាយទៅប្រទេសនេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលនេះបញ្ជាក់ថា កុំថាឡើយអ៊ុយក្រែនដែលគិតថា រុស្ស៊ី នឹងឈ្លាន អាមេរិកប្រាកដខ្លួនឯងច្បាស់ថា រុស្ស៊ី ច្បាស់ជាឈ្លានពានអ៊ុយក្រែននៅពេលណាមួយជាក់ជាពុំខាននោះឡើយ ។
កងទ័ពមកពីកងវរសេនាធំ ២អាមេរិក ត្រូវបានដាក់ពង្រាយពីទីក្រុងវីលសេក ប្រទេសអាល្លឺម៉ង់ ហើយបានឆ្លងកាត់ចំណុច ណាដឡាក ព្រំដែនភាគខាងលិចប្រទេសរូម៉ានី នៅម៉ោងប្រហែល ១០ យប់ ម៉ោងក្នុងតំបន់ ។ ទាហានទាំងនេះនឹងចូលរួមជាមួយទាហានមានស្រាប់ ៩០០នាក់ ដែលកំពុងឈរជើងក្នុងប្រទេសរ៉ូម៉ានី ។
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបានព្រមានថា ការឈ្លានពាន អាចកើតឡើងនៅថ្ងៃណាមួយ ហើយប្រធានាធិបតី លោក ចូ បៃដិន បាននិយាយថា ប្រជាជនអាមេរិកក្រៅពីអ្នកការទូតសំខាន់ៗ គួរចាកចេញពីប្រទេសអ៊ុយក្រែន និងបានបញ្ជាឱ្យដាក់ពង្រាយកងទ័ព ១.៧០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ ។
ទីក្រុងម៉ូស្គូ បាននិយាយថា ខ្លួនចង់បានការធានាពីប្រទេសលោកខាងលិចថា ប្រទេសអ៊ុយក្រែន និងប្រទេសអតីតសហភាពសូវៀតផ្សេងទៀត នឹងមិនចូលរួមជាមួយអង្គការអូតង់នោះទេ ហើយអូតង់ ត្រូវកាត់បន្ថយកងទ័ពរបស់ខ្លួនពីប្រទេសដែលបានចូលរួមក្នុងសម្ព័ន្ធនេះក្រោយឆ្នាំ១៩៩៧។
ប៉ុន្តែសហរដ្ឋអាមេរិក និងអូតង់ បានច្រានចោលការទាមទាររបស់ទីក្រុងម៉ូស្គូ ។
មួយវិញទៀត ការព្រួយបារម្ភថា រុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែនពិតប្រាកដមែននោះ គឺដោយសាររុស្ស៊ី បានធ្វើសមយុទ្ធក្នុងតំបន់ និងត្រៀមធ្វើសមយុទ្ធយោធាជាមួយបេឡារូស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន តើទោះបីជាទីក្រុងម៉ូស្គូ អះអាងថា ខ្លួនគ្មានផែនការឈ្លានពានប្រទេសអ៊ុយក្រែនក៏ដោយ ។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូដែលបង្ហាញពីអ្វីដែលក្រសួងបាននិយាយថា ប្រព័ន្ធមីស៊ីល S-400 បានមកដល់ប្រទេសបេឡារូស ក្នុងពេលមានសមយុទ្ធយោធាប្រទេស រុស្ស៊ី-បេឡារូស នាពេលខាងមុខ ។
វិមានក្រឹមឡាំងបានផ្លាស់ប្តូរកងទ័ពពីតំបន់ស៊ីបេរី និងចុងបូព៌ា ទៅកាន់ប្រទេសបេឡារូស សម្រាប់ការធ្វើសមយុទ្ធរួមគ្នា ។
ការដាក់ពង្រាយនេះ បានបន្ថែមទៅលើការបង្កើនកងទ័ពរបស់ រុស្ស៊ីនៅជិតប្រទេសអ៊ុយក្រែន ដោយជំរុញឱ្យមានការព្រួយបារម្ភពីប្រទេសលោកខាងលិចចំពោះការឈ្លានពានរបស់រុស្ស៊ី ។
លោកខាងលិច បានអំពាវនាវឱ្យប្រទេសរុស្ស៊ីដកទ័ពជាង ១សែននាក់ ចេញពីតំបន់ជិតព្រំដែនអ៊ុយក្រែន ប៉ុន្តែវិមានក្រឹមឡាំងបានឆ្លើយតបថា រុស្សី នឹងដាក់ ពង្រាយកងទ័ពនៅគ្រប់ទីកន្លែងដែលខ្លួនត្រូវការនៅក្នុងទឹកដីរបស់រុស្ស៊ី។
ទន្ទឹមនឹងពេលនោះដែរ នាវាកងទ័ពជើងទឹករុស្ស៊ី ៣គ្រឿងបន្ថែមទៀត បានធ្វើដំណើរឆ្លងកាត់ប្រទេសទួរគីកាលពីថ្ងៃពុធ ដើម្បីមកចូលរួមក្នុងសមយុទ្ធយោធានៅសមុទ្រខ្មៅ ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា នាវាចម្បាំង ណ៦គ្រឿងកំពុងធ្វើដំណើរពីសមុទ្រមេឌីទែរ៉ាណេទៅកាន់សមុទ្រខ្មៅ ជាកន្លែងដែលពួកគេនឹងចូលរួមក្នុងសមយុទ្ធ ។
នាវាចម្បាំងរុស្ស៊ី ៣គ្រឿងដំបូងបានឆ្លងកាត់ច្រកសមុទ្រ Dardanelles និង Bosporus របស់ប្រទេសទួរគីកាលពីថ្ងៃអង្គារ។
សរុបជារួម បើលោកខាងលិច និងអូតង់ យល់ព្រមផ្តល់សម្បទានណាមួយដល់រុស្ស៊ី ឬបិទភ្នែកនៅស្ងៀម រុស្ស៊ីក៏មិនមិនធ្វើអ្វីអ៊ុយក្រែននោះដែរ ពីព្រោះថាភាគីពាក់ព័ន្ធទាំងអស់ សុទ្ធតែមិនចង់ផ្ទុះសង្រ្គាមដូចគ្នា ៕